នាវា​ពិឃាដ​ជប៉ុន​ធ្វើ​សមយុទ្ធ​រួម​គ្នា​ជាមួយ​កង​នាវា​ចម្បាំង​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក

នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​សហរដ្ឋ​អាមេរិក USS Carl Vinson ធ្វើ​ដំណើរ​កាត់​មហាសមុទ្រ​ឥណ្ឌា​ កាលពី​ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧។

នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​របស់​សហរដ្ឋ​អាមេរិក ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ឧបទ្វីប​កូរ៉េ​នោះ បាន​ចូលរួម​ធ្វើ​សមយុទ្ធ​ជាមួយ​នឹង​នាវា​ពិឃាដ​ជប៉ុន​ពីរ​គ្រឿង។

នាវា​ចម្បាំង​ប្រទេស​ទាំង​ពីរ​បាន​ចាប់ផ្ដើម​ធ្វើ​សមយុទ្ធ​រួម​គ្នា​នៅ​ថ្ងៃ​អាទិត្យ​នេះ នៅ​ក្នុង​តំបន់​ភាគ​ខាង​លិច​នៃ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក។

កង​នាវា​ចម្បាំង​នៃ​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​សហរដ្ឋ​អាមេរិក USS Carl Vinson ដែល​ក្នុង​នោះ​មាន​ដូចជា នាវា​ល្បាត​បញ្ជា​គ្រាប់​មីស៊ីល និង​នាវា​ពិឃាដ​បញ្ជា​គ្រាប់​មីស៊ីល ត្រូវ​បាន​លោក​ប្រធានាធិបតី Donald Trump បង្វែ​ទិសដៅ​ចេញ​ពី​ការ​ធ្វើ​ដំណើរ​របស់​កង​នាវា​នេះ​ពី​ប្រទេស​អូស្ត្រាលី ដោយសារ​តែ​ភាព​តានតឹង​បាន​កើន​ឡើង​នៅ​ឧបទ្វីប​កូរ៉េ ទាក់ទង​នឹង​ការ​សាកល្បង​គ្រាប់​ផ្លោង​មីស៊ីល និង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង។

មិន​ទាន់​មាន​ព័ត៌មាន​ច្បាស់​ការណ៍​ភ្លាមៗ​ណា បញ្ជាក់​ថា​តើ​នាវា​ពិឃាដ​ជប៉ុន​ទាំង​ពីរ​គ្រឿង​នេះ នឹង​ធ្វើ​សមយុទ្ធ​ជាមួយ​នឹង​កង​នាវា​ចម្បាំង​សហរដ្ឋ​អាមេរិក បាន​រយៈពេល​យូរ​ប៉ុណ្ណា​នោះ​ទេ។

ទាហាន​ជើង​ទឹក​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា ការ​ធ្វើ​សមយុទ្ធ​រួម​គ្នា​នេះ គឺ​ជា​ការ​ធ្វើ​សមយុទ្ធ​ជា​ប្រចាំ​ដូច​រាល់​ដង ដែល​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​បង្កើន​ការ​ឆ្លើយតប​រួម​គ្នា​នៅ​ដែន​សមុទ្រ បង្កើន​សមត្ថភាព​ការពារ​របស់​ខ្លួន និង​បង្កើន​ភាព​ស្ទាត់​ជំនាញ​នៃ​ការ​ធ្វើ​សមយុទ្ធ​រួម​គ្នា​នេះ។

កូរ៉េ​ខាង​ជើង​នៅតែ​ធ្វើ​ការ​សាកល្បង​គ្រាប់​ផ្លោង​មីស៊ីល និង​នុយក្លេអ៊ែរ​របស់​ខ្លួន នា​ពេល​កន្លង​មក ទោះបីជា​អង្គការ​សហប្រជាជាតិ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ខ្លួន​ក៏​ដោយ។

ចំណែក​ឯ​លោក Trump បាន​សច្ចា​ថា នឹង​រារាំង​កូរ៉េ​ខាង​ជើង​មិន​ឲ្យ​មាន​លទ្ធភាព​វាយ​ប្រហារ​សហរដ្ឋ​អាមេរិក ដោយ​គ្រាប់​មីស៊ីល​នុយក្លេអ៊ែរ​នោះ​ទេ ហើយ​ក៏​បាន​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​នឹង​ចាត់​វិធានការ​គ្រប់​បែប​យ៉ាង​ទាំង​អស់ ដែល​ក្នុង​នោះ​មាន​ទាំង​ការ​វាយ​ប្រហារ​ដោយ​យោធា​ផង​ដែរ ដើម្បី​រារាំង​កូរ៉េ​ខាង​ជើង៕