អ្នក​ជំនាញ​ជប៉ុន​នាំ​យក​អនុសាសន៍​កែទម្រង់​ការបោះឆ្នោត​មក​កម្ពុជា

អ្នកបោះឆ្នោត​ខ្មែរ​តម្រង់​ជួរ​ចូល​ការិយាល័យ​បោះឆ្នោត​ឃុំសង្កាត់​ឆ្នាំ២០១២​

ក្រុម​អ្នក​ជំនាញ​ខាង​ការបោះឆ្នោត​មកពី​ប្រទេស​ជប៉ុន​ដែល​ដឹក​នាំ​ដោយ​លោក​ Tadayuki Miyashita​ នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ​គ្រោង​នឹង​ដឹក​នាំ​គណៈ​ប្រតិភូ​មួយ​ក្រុម​ចូល​ជួប​ជាមួយ​នឹង​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​និង​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​បង្ហាញ​របាយ​ការណ៍​អំពី​វិធីសាស្ត្រ​ក្នុង​ការធ្វើកំណែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​នៅ​កម្ពុជា​ដែល​ធ្លាប់​ទទួល​រង​ការ​ចោទ​ប្រកាន់​ថា​មិន​ឯករាជ្យ​និង​លម្អៀង​ទៅ​រក​គណបក្ស​គ្រប់​គ្រង​អំណាច។​

ក្រុម​អ្នក​ជំនាញ​នេះ​គ្រោង​នឹង​ជួប​ជាមួយ​លោក​កឹម សុខា​ អនុប្រធាន​សភាទី​១​នៃ​រដ្ឋសភា​និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឯមន្ទីរ​រដ្ឋសភា​ហើយ​នឹង​មាន​ជំនួប​ដាច់​ដោយ​ឡែក​មួយ​ផ្សេង​ទៀត​ជាមួយ​នឹង​ក្រុម​ការងារ​មក​ពីគណបក្ស​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា​ទាំង​ពីរ។​

លោក​ យឹម សុវណ្ណ​ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ប្រសាសន៍​ថា​ជំនួប​នេះ​ដំបូង​ឡើយមាន​ការស្តាប់​របាយការណ៍​របស់​ក្រុម​អ្នក​ជំនាញ​មក​ពី​ប្រទេស​ជប៉ុន​ដែល​បាន​រក​ឃើញ​អំពី​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​ការ​បោះ​ឆ្នោតរយៈពេល​កន្លង​មក​នេះ។​

លោក​មាន​ប្រសាសន៍​ថា​យើង​ចង់​ឱ្យប្រទេស​ជប៉ុន​ផ្តល់​ជំនួយ​ទាំង​បច្ចេក​ទេស​ និង​ហិរញ្ញវត្ថុ​ដើម្បី​រៀប​ចំ​ស្ថាប័ន​បោះ​ឆ្នោត​មួយ​ឱ្យប្រព្រឹត្ត​ទៅដោយ​សេរី​និង​យុត្តិធម៌​ ដើម្បី​ចៀសវាង​កុំ​ឱ្យមាន​ភាព​មិន​ប្រក្រតី​ដូច​ការ​បោះឆ្នោត​កន្លងទៅ។​

លោក​និយាយ​ថា៖​«យើង​ចង់​ឱ្យការ​បោះ​ឆ្នោត​មួយ​រលូនដូច​បណ្តា​ប្រទេស​អ្នក​លទ្ធិ​ប្រជា​ធិបតេយ្យ​ដែល​បាន​ធ្វើ​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​ ការ​បោះឆ្នោត​ដែល​ឆ្លុះ​បញ្ចាំង​ឆន្ទៈ​ប្រជាពលរដ្ឋ​ និង​ដើម្បី​ឱ្យបាន​មេដឹក​នាំ​មួយ​ដែល​ឆ្លុះ​បញ្ជាក់ពី​ឆន្ទៈ​ប្រជារាស្ត្រ​និង​រៀប​ចំប្រទេស​ឱ្យបាន​ល្អ»។​

កាលពី​កំឡុង​ដើមឆ្នាំ​នេះ​ក្រុម​តាមដាន​មកពី​ប្រទេស​ជប៉ុន​បាន​មក​ប្រទេស​កម្ពុជា​ម្តង​ដើម្បី​សិក្សា​រកវិធីសាស្ត្រ​ក្នុង​ការ​កែទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​នៅ​កម្ពុជា។​

មន្ត្រី​ក្រុម​ការ​ងារ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​រួម​មាន​លោក​ ព្រំ សុខា ​និង​ លោក​ សក់ សេដ្ឋា​មិន​អាច​ស្នើ​សុំ​ដើម្បី​ធ្វើ​សេចក្តី​អត្ថាធិប្បាយ​បាន​ទេ​ដោយ​ទូរស័ព្ទ​របស់​លោក​គ្មាន​អ្នក​ទទួល។​

គម្រោង​ជំនួប​រវាង​ក្រុម​តាម​ដាន​មក​ពី​ប្រទេស​ជប៉ុន​ជាមួយ​នឹង​គណបក្ស​ដែល​មាន​អសនៈ​ក្នុង​រដ្ឋសភា​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​ការ​ងារ​មក​ពី​គណបក្ស​ទាំង​ពីរ​កាល​ពី​ថ្ងៃ​ច័ន្ទ​បាន​បន្ត​ពិភាក្សា​គ្នា​ពាក់​ព័ន្ធ​នឹង​កំណែទម្រង់​ច្បាប់​បោះ​ឆ្នោត។​

គណបក្ស​ទាំង​ពី​មិន​ទាន់​បាន​ឯក​ភាព​គ្នា​នៅ​ឡើយ​ពាក់​ព័ន្ធ​នឹង​សមាសភាព​ ​អគ្គលេខាធិការ​និង​អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ថ្មី។​

លោក​ គល់ បញ្ញា​ នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំ​មើល​ដំណើរ​ការ​បោះ​ឆ្នោត​មួយ​ឈ្មោះ​ខុមហ្វ្រែល​មាន​ប្រសាសន៍​ថា​ប្រទេស​ជប៉ុន​អាច​នឹង​ធានា​ឱ្យមាន​ការ​បោះ​ឆ្នោត​នាពេល​ខាង​មុខ​នេះ​មាន​លក្ខណៈ​កាន់តែប្រសើរ​ឡើង។​

លោក​និយាយ​ថា៖​«នេះ​ជា​សញ្ញា​វិជ្ជមាន​មួយ​អំពី​សហគមន៍​អន្តរជាតិ​ ជាពិសេស​រដ្ឋាភិបាល​ ភាគី​ជប៉ុន​គេ​បាន​ជួយ​ពិនិត្យ​មើល​ហើយ​នឹង​ផ្តល់​យោបល់​មតិ​ ហើយ​នឹង​មាន​ការ​គាំទ្រ​ជា​បច្ចេក​ទេស​ឬក៏​ហិរញ្ញវត្ថុ​ទៅ​ដល់​ការ​ងារ​ ការ​អនុវត្តន៍​កំណែទម្រង់​ការ​បោះ​ឆ្នោត​នេះ»។​

​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ដ្រ​សម្រាប់ ​អណត្តិ​ទី​៥​កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០១៣បាន ​បន្សល់​ទុក​ភាព​ចម្រូង​ចម្រាស​ជាច្រើន​ដោយ​សារ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ ជា​គណបក្ស​ប្រឆាំង​បាន​ចោទ​ប្រកាន់​ថា​មាន​ការលួច​បន្លំ​សន្លឹក​ឆ្នោត​ ជាច្រើន។

​គណបក្ស​នេះ​បាន​ចោទ​ប្រកាន់​គណៈកម្មា​ធិការ​ជាតិរៀប​ចំ​ការ​បោះឆ្នោត​ថា​ មាន​និន្នាការ​ទៅ​រក​គណបក្ស​គ្រប់គ្រង​អំណាច​និង​ថា​បាន​ជួយ​រៀប​ចំ​នីតិ​វិធី​ កេង​បន្លំ​សន្លឹក​ឆ្នោត​យ៉ាង​ស្រប​ច្បាប់។

​ក្រោយ​មក​គណបក្ស​ប្រឆាំង​និង​សហ​គម​ន៍​អន្តរជាតិ​ក៏​បាន​ជំរុញ​ឲ្យ​មាន​ ការកែទម្រង់​សមាស​ភាព​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​(គជប)​និង​ នីតិវិធី​នៃ​ការ​បោះឆ្នោត​ដើម្បី​ធានា​ដល់​ការ​រៀប​ចំ​ការ​បោះឆ្នោត​មួយ​ដែល​ អាច​ទទួល​យក​បាន​នៅ​ពេល​ខាងមុខ៕