ប្រជាពលរដ្ឋជប៉ុនបានចេញទៅបោះឆ្នោតថ្នាក់ជាតិនៅថ្ងៃអាទិត្យនេះ។
លទ្ធផលនៃការបោះឆ្នោតបានបង្ហាញថា ប្រជាពលរដ្ឋជប៉ុនបានបោះឆ្នោតឲ្យសម្ពន្ធភាពគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី Shinzo Abe កាន់អំណាច។
ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានប្រកាសលទ្ធផលភ្លាមៗក្រោយពីការបោះឆ្នោតបានបិទបញ្ចប់នៅម៉ោង ៨ ល្ងាចថ្ងៃអាទិត្យនេះ។
លោក Shinzo Abe ប្រកាសរំលាយរដ្ឋសភាកាលពីខែកញ្ញាកន្លងទៅនេះ ដើម្បីធ្វើការបោះឆ្នោតមុនកាលកំណត់។ លោកបានវិនិច្ឆ័យថា កាលបោះឆ្នោតមុនកាលកំណត់នេះគឺជាការប្រសើរសម្រាប់គណបក្សប្រជាធិបតេយ្យសេរីដែលជាគណបក្សកាន់អំណាចរបស់លោកក្នុងការឈ្នះការបោះឆ្នោត។
ជ័យជម្នះរបស់សម្ពន្ធភាពគណបក្សកាន់អំណាចនៅក្នុងការបោះឆ្នោតមុនកាលកំណត់នេះនឹងទំនងជាធានាថា លោក Shinzo Abe អាចនឹងក្លាយជាប្រធានគណបក្សប្រជាធិបតេយ្យសេរីមួយអាណត្តិទៀតដែលមានរយៈពេល ៣ ឆ្នាំ ដែលអាចពន្យារអាណត្តិជានាយករដ្ឋមន្ត្រីរបស់លោកបន្ថែមទៀត។
ការស្ទង់មតិរបស់ប្រជាពលរដ្ឋមុនការបោះឆ្នោតបានបង្ហាញថា អ្នកបោះឆ្នោតចាត់ទុករដ្ឋាភិបាលរបស់លោក Shinzo Abe ថាជាជម្រើសដែលមានសុវត្ថិភាពមួយ ស្របពេលដែលប្រទេសជប៉ុនកំពុងពើបប្រទះជាមួយនឹងក្ដីកង្វល់ពាក់ព័ន្ធនឹងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង។
បញ្ហាដែលអាចបង្អាក់ដល់ការចេញមកបោះឆ្នោតរបស់ប្រជាពលរដ្ឋជប៉ុននៅថ្ងៃអាទិត្យនេះ គឺខ្យល់ព្យុះទីហ្វុងដែលមានឈ្មោះថា Lan ដែលបោកបក់ចំប្រទេសជប៉ុននៅថ្ងៃអាទិត្យនេះ៕