ឆ្នាំ​នេះ​ជប៉ុន​និង​កូរ៉េ​ខាង​ត្បូង​ជួប​ប្រជុំ​ដើម្បី​ដោះ​ស្រាយ​ជម្លោះ​ពាក់ព័ន្ធ​នឹង​រឿង​ស្ត្រី​ទាសករ​ផ្លូវ​ភេទ

  • Brian​ Padden

រូបថតឯកសារ៖ ក្រុម​អ្នក​តវ៉ា​ពាក់​ម៉ាស់​ធ្វើ​ជា​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Park Geun-Hye (ឆ្វេង) និងនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe កាន់ដៃគ្នា ក្នុង​អំឡុង​នៃ​ការហែរក្បួនតវ៉ា​ប្រឆាំង​នឹង​ជប៉ុន​ក្នុង​ទីក្រុង​សេអ៊ូល កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥។

ក្រុម​មន្ត្រី​ពី​ប្រទេស​ជប៉ុន​និង​កូរ៉េ​ខាង​ត្បូង ជួ​ប​ប្រជុំ​គ្នា​កាលពី​ថ្ងៃ​ពុធ​ទី​១១ ខែវិច្ឆិកា​នេះ​ ដើម្បី​​​រកដំណោះ​ស្រាយ​ជម្លោះ​​ប្រវត្តិសាស្ត្រពាក់​ព័ន្ធ​នឹង​ការបង្ខំ​ឲ្យ​ស្ត្រី​កូរ៉េ​បម្រើ​ផ្លូវ​ភេទ​ដល់​កង​ទ័ព​ជប៉ុន។ ​

លោកស្រី​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Park Geun-hye​ និង​លោក​នាយក​រដ្ឋ​មន្ត្រីជប៉ុន Shinzo Abe ​បាន​សន្យា​ថា​ នឹង​ដោះ​ស្រាយ​បញ្ហា​ចម្រូង​ចម្រាស់​ដ៏​យូរ​អង្វែង​នេះ ឲ្យ​បាន​ចប់​សព្វ​គ្រប់​នៅ​មុន​ដំណាច់​ឆ្នាំ​នេះ​ នៅ​ពេល​ដែល​អ្នក​ទាំង​ពីរ បាន​ធ្វើ​កិច្ច​ប្រជុំ​កំពូល​លើ​កទី១ ក្នុង​ទីក្រុង​សេអ៊ូល កាល​ពី​ដើម​ខែ​វិច្ឆិកា​នេះ។

គោល​ជំហរ​របស់​កូរ៉េខាង​ត្បូង ក្នុង​ការ​ចចារ​នា​ពេល​ថ្មី​នេះ​ នៅ​ដដែល​ ដោយ​គ្មាន​ការ​ផ្លាស់​ប្តូរ​អ្វីទេ។

អ្នកនាំ​ពាក្យ​នៃ​ក្រសួង​ការ​បរទេស​កូរ៉េ​ខាង​ត្បូង បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ទី១០ ខែ​វិច្ឆិកា​ថា​ ជប៉ុន​ជា​អ្នក​បង្ក​ឲ្យ​មាន​បញ្ហា​នេះ​ ដូច្នេះ​ជប៉ុន​ត្រូវ​តែ​ដោះ​ស្រាយ​បញ្ហា​នេះ ហើយ​ថារដ្ឋាភិបាល​ជប៉ុន​ចាំ​បាច់​ត្រូវ​តែ​រក​ដំណោះ​ស្រាយ​ដែលជន​រង​គ្រោះ និង​ពល​រដ្ឋ​កូរ៉េអាច​ទទួល​យក​បាន ។

លោក​ Abe ដែល​មាន​ផ្នត់​គំនិត​បែប​អភិរក្សនិយម​ និង​បាន​ឡើង​កាន់​អំណាច​នៅ​ឆ្នាំ​ ២០១២​នោះ​ បាន​លើក​តំកើង​ស្ថានការណ៍​យោធា​របស់​ជប៉ុន​និង​លើក​តំកើង​ទស្សនៈ​ជាតិ​និយម​ ដែល​ជួន​កាល​ប្រកាន់​យក​ទស្សនៈ​កែប្រែ​ប្រវត្តិសាស្ត្រ។​ លោក​នាយក​រដ្ឋមន្ត្រី​និង​អ្នក​គាំទ្រ​របស់​លោក​មួយ​ចំនួន​ រង​ការ​ចោទ​ប្រកាន់​ពី​បទ​ព្យាយាម​សម្រាល​ឬ​បដិសេធ​ភាព​សាហាវ​ឃោឃៅ​របស់​ជប៉ុនក្នុង​អំឡុង​ពេល​សង្គ្រាម​កាល​ពី​អតីតកាល។​

ទាក់​ទង​នឹង​ករណីបង្ខំ​ឲ្យ​ស្ត្រី​កូរ៉េ ធ្វើ​ជា​ទាសករ​ផ្លូវ​ភេទ ដើម្បី​បម្រើ​ដល់​យោធា​ជប៉ុន​ នៅ​ពេល​ដែល​ជប៉ុន​គ្រប់​គ្រង​នៅ​អាស៊ី និង​ក្នុង​អំឡុង​ពេល​សង្គ្រាម​លោក​លើក​ទី​២​នោះ​ មេដឹកនាំ​ជប៉ុន​បាន​សម្តែង​នូវ​ការ​សោក​ស្តាយ​ដោយ​មិន​បាន​ធ្វើ​ការ​ទទួល​ខុសត្រូវ​ចំពោះ​ការ​ទង្វើ​របស់​ជប៉ុន​កាល​ពី​អតីត​កាល។ អ្នក​គាំ​ទ្រ​របស់​លោក​ Abe ​មួយ​ចំនួន​ បាន​បង្កឲ្យ​មាន​ការ​ខឹងសម្បារ​នៅ​ក្នុង​តំបន់​អាស៊ី​ ព្រោះ​អ្នក​គាំទ្រ​ទាំង​នោះបាន​និយាយ​ថា ស្ត្រី​បំរើ​ផ្លូវ​ភេទជា​ច្រើន​ មិន​ត្រូវ​បាន​គេ​បង្ខំ​ទេ​ ប៉ុន្តែ​ចូល​បំរើ​ក្នុង​វិស័យ​ពេស្យាចារ​នេះ​ ដោយ​ស្ម័គ្រ​ចិត្ត​ដើម្បី​រក​ប្រាក់។

លោកស្រី​ Park ដែល​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ប្រទេស​កូរ៉េ​ខាង​ត្បូង​នៅ​ឆ្នាំ​២០១៣​នោះ​ បាន​ធ្វើ​ការ​បដិសេធ​កាល​ពី​ដើម​ខែ​វិច្ឆិកា​ មិន​ជួប​ជាមួយ​លោក​ Abe លុះ​ត្រា​តែ​លោក​ធ្វើ​ការ​ទោស​ដោយ​ស្មោះ​ ហើយ​សង​ជម្ងឺ​ចិត្ត​ដល់​ស្ត្រី​ទាសករ​ផ្លូវ​ភេទ​ដែល​រង​គ្រោះទាំង​នោះ។​

នៅ​ពេល​ដែល​ពួក​គេ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​ទ្វេភាគី​កាល​ពី​ដើម​ខែ​វិច្ឆិកា​នេះ​ ភាគី​ទាំង​ពីរ​បាន​យល់​ព្រម​ចាត់​ទុក​ការ​ស្វែង​រក​ដំណោះស្រាយបញ្ហា​នេះ​ជា​អាទិភាព​ ដែល​បញ្ហា​នេះ​បាន​បង្ក​ស្នាម​ប្រេះ​ឆា​ដល់​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ ដែល​សុទ្ធ​តែ​ជា​ប្រទេស​មហា​មិត្ត​របស់​អាមេរិក​នៅ​តំបន់​អាស៊ី។​

គោល​ជំហ​របស់​ជប៉ុន​គឺ​ថា​ ប្រាក់​សំណង​សម្រាប់​ពលរដ្ឋ​កូរ៉េ​ដែល​រង​គ្រោះ​ដោយ​ការ​ដាក់​អា​ណានិគម​របស់​ជប៉ុន​គឺ​ត្រូវ​បាន​ដោះស្រាយរួច​ទៅ​ហើយ​ ក្រោម​សន្ធិ​សញ្ញា​ធ្វើ​ឲ្យ​មាន​ភាព​ប្រក្រតី​រវាង​កូរ៉េ​ខាង​ត្បូង​និង​ជប៉ុន​ឆ្នាំ ១៩៦៥​ ដែល​រួម​មាន​ប្រាក់​ជំនួយ​និង​ប្រាក់​កម្ចី​ពី​រដ្ឋាភិបាល​ក្រុង​តូក្យូ​ទៅ​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​ចំនួន​ ៨០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក។​

ខណៈ​ពេល​ដែល​លោក​នាយករដ្ឋ​មន្ត្រី​ Abe រក្សា​សម្តី​ថា​ វា​មិន​យុត្តិធម៌​នោះ​ទេ​ដែល​ទាមទារ​ឲ្យ​លោក​និង​អ្នក​ដទៃ​ទៀត​ដែល​កើត​ក្រោយ​សង្គ្រាម​លោក​លើក​ទី​២​ ធ្វើ​ការ​សុំទោស​នោះ​ លោក​ក៏​បាន​សន្យា​ថា​នឹងគោរព​តាម​ការ​សុំទោស​របស់​អតីត​មេដឹកនាំ​ជប៉ុន​រួម​ទាំង​សេចក្តី​ថ្លែង​ការ​ Kono កាល​ពី​ឆ្នាំ​ ១៩៩៣ ដែលបង្ហាញ​ពី​ការ​សុំទោស​និង​ការ​សោកស្តាយ​ចំពោះ​ស្ត្រី​ទាសករ​ផ្លូវ​ភេទ​ដែល​រងគ្រោះ​។​

អ្នក​ខ្លះ​នៅ​ក្នុង​ប្រទេស​ជប៉ុន​បាន​ធ្វើ​ការ​រិះគន់​លោក​ស្រី​ Park ដែល​មិន​បាន​លើក​ឡើង​ឲ្យ​បាន​ច្បាស់​នូវ​អ្វី​ដែល​លោកស្រី​ចង់​ឲ្យ​លោក​ Abe និយាយ​ និង​សំណង​ដែល​រដ្ឋាភិបាល​ក្រុង​តូក្យូ​ត្រូវ​សង​ដើម្បី​ដោះស្រាយបញ្ហា​នេះ។

អ្នក​ចរចារ​របស់​ជប៉ុន​ត្រូវ​បាន​គេ​រាយការណ៍​ថា​ កំពុង​ស្វែង​រក​ការ​ធានា​ថា​ រាល់​ការ​ផ្សះផ្សា​ណា​មួយ​ដែល​ត្រូវ​បាន​ព្រម​ព្រៀង​នោះ​ នឹង​ចាត់​ទុក​ថា​ជា​ការ​បញ្ចប់​រឿង​នេះ​ និង​មិន​លើក​រឿង​នេះ​មក​ប្រកែក​តវ៉ា​គ្នា​ឡើង​វិញ​នៅ​ឆ្នាំ​ក្រោយៗ​ទៀត​នោះ​ទេ។​

ក៏​មាន​ការ​ព្រួយ​បារម្ភ​នៅ​ក្នុង​ប្រទេស​ជប៉ុន​ដែល​ថា​ រាល់​ការ​ផ្សះផ្សា​ណាមួយ​ជាមួយ​កូរ៉េ​ខាង​ត្បូង​នឹង​បើក​ទ្វា​ឲ្យ​មាន​ការ​ទាមទារ​សំណង​ពី​សំណាក់​បណ្តា​ប្រទេស​នៅ​អាស៊ី​ដែល​រង​គ្រោះ​ដោយ​សារ​ប្រតិបត្តិការ​យោធា​របស់​ជប៉ុន។​
ជៀស​ជាង​ផ្តល់​សំណង​ជា​ផ្លូវ​ការ​ មាន​របាយការណ៍​ខ្លះ​បាន​ឲ្យ​ដឹង​ថា​ ជប៉ុន​ថា​នឹង​បង្កើត​ឬ​ធ្វើ​ការ​បរិច្ចាគ​ដល់​មូលនិធិ​ក្រៅ​រដ្ឋាភិបាល​ ដើម្បី​សង​ជំងឺ​ចិត្ត​ដល់​ស្ត្រី​ទាសករ​ផ្លូវ​ភេទ​ដែល​រង​គ្រោះ។​

លោក​ស្រី​ Ahn Sun-mi​ គឺ​ជា​នាយក​ក្រុម​ប្រឹក្សា​កូរ៉េ​សម្រាប់​ស្រ្តី​ទាសករ​ផ្លូវ​ភេទ​រង​គ្រោះ​ដល់​យោធា​ជប៉ុន​នៅ​ក្នុង​សង្គ្រាម​ជប៉ុន​ ដែល​ជា​ក្រុម​តំណាង​ឲ្យ​ស្ត្រី​រង​គ្រោះ​ដែល​នៅ​រស់រាន​មាន​ជីវិត​និង​ស្ថិត​នៅ​ក្នុង​វ័យ​ ៨០​និង​៩០​ឆ្នាំ។​

លោក​ស្រី​ថ្លែង​ថា៖​ «ក្រុម​របស់​លោកស្រី​នឹង​ច្រាន​ចោល​រាល់​ការ​សុំ​សម្រប​សម្រួល​ដែលនឹង​ធ្វើ​ឲ្យ​មាន​ការ​ដាក់​កម្រិត​ទៅ​លើ​ការ​ទទួល​ស្គាល់​ចំពោះ​ការពាក់ព័ន្ធ​និង​ទំនួល​ខុសត្រូវ​ចំពោះ​អំពើ​ដ៏​ឃោឃៅ​របស់​ជប៉ុន ហើយ​មិន​បាន​ផ្តល់​ការ​សុំ​ទោស​ដោយ​ផ្ទាល់​និង​ស្មោះត្រង់​ទៅ​ដល់​ជន​រងគ្រោះ។​

លោក​ស្រី​ Ahn Sun-mi ថ្លែង​ថា​៖«ប្រសិន​រដ្ឋាភិបាល​ជប៉ុន​ទទួល​ស្គាល់​និង​ទទួល​ខុសត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​សហគមន៍​អន្តរជាតិ​ថា​ជា​ ឧក្រិដ្ឋកម្ម​ខុស​ច្បាប់​និង​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​នោះ​ ត្រូវ​តែ​មាន​សំណង​ចំពោះ​ការ​ខូច​ខាត​ដើម្បី​ធ្វើ​ជា​ភស្តុតាង​បង្ហាញ​ពី​ការ​សុំ​ទោស‍»។
ប្រធាន​ក្រុម​ប្រឹក្សា​នេះ​មិន​បាន​និយាយ​ពី​ចំនួន​ប្រាក់​សំណង​ដែល​ពួកគេ​នឹង​ពេញ​ចិត្ត​នោះ​ទេ។​ តាម​ពិត​ទៅ​ លោក​ស្រី​បានថ្លែង​ថា​ បើ​ទោះ​បី​ជា​រដ្ឋាភិបាល​ជប៉ុន​កាត់ដី​ជប៉ុន​ទាំង​អស់ឲ្យ​ពួក​គេ​ក៏​ដោយ​ ក៏​មិន​អាច​ប៉ះប៉ូវ​នូវ​សេចក្តី​ឈឺ​ចាប់​ដែល​ពួក​គេ​បាន​ជួប​ប្រទះ​បាន​ដែរ។

លោក​ Daneil Pinkston អ្នក​វិភាគ​តំបន់​អាស៊ី​ភាគ​ឦសាន​ និង​ជា​អ្នក​ស្រាវជ្រាវ​គោចរ​នៅ​ឯ​មជ្ឈមណ្ឌល​សិក្សា​ពី​ជម្លោះ​នៃ​សកលវិទ្យាល័យ​ Babes-Bolyai​ ក្នុង​ប្រទេស​ រ៉ូម៉ានី​ បាន​ថ្លែង​ថា​ អ្នក​គាំ​ទ្រ​ជាតិ​និយម​របស់​លោក​ Abe និង​អ្នក​គាំទ្រ​របស់​លោកស្រី​ Park បាន​ប្រើ​ជម្លោះ​ប្រវត្តិសាស្ត្រ​ ទៅ​ជា​ការ​បង្វៀង​នយោបាយ​ ដោយ​ប្រើ​ប្រាស់​កំហឹង​របស់​សាធារណជន​ ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ផ្នែក​នយោបាយ​ទៅវិញ។​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​ លោក​ថ្លែង​ថា​ មេដឹកនាំ​ទាំង​ពីរ​ត្រូវ​តែ​ធ្វើ​ទង្វើ​ដ៏​ត្រឹម​ត្រូវ​មួយ​ ដោយ​ផ្អែក​លើ​តម្លៃ​នៃ​លទិ្ធ​ប្រជាធិបតេយ្យ​និង​តម្លៃ​សិទ្ធិមនុស្ស​រួម​ ហើយ​ត្រូវ​ច្រាន​ចោល​រាល់​សម្លេង​ភាគតិច​ដែល​ចង់​បន្ត​ជម្លោះ​នេះ។

លោក​ Pinkston ថ្លែង​ថា​៖«ពេល​ខ្លះ​ ហើយ​នឹង​ក្នុង​ករណី​ខ្លះ​ ខ្ញុំ​គិត​ថា​ថ្នាក់​ដឹកនាំ​ទាំង​នៅ​ក្នុង​ប្រទេស​ជប៉ុន​និង​ទាំង​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ត្រូវ​តែ​ក្រោក​ឈរ​ឡើង​ប្រឈម​មុខ​នឹង​ក្រុម​ជ្រុល​និយម​នៃ​ពួក​ជាតិ​និយម​ ដែល​មិន​បាន​តំណាងនូវ​ទស្សនៈ​របស់​មតិ​ភាគ​ច្រើន​ទៅ​លើ​បញ្ហា​នេះ‍»។

ប្រទេស​ទាំង​ពីរ​បាន​ធ្វើ​កិច្ច​ពិភាក្សា​ជាមួយ​គ្នា​ជា​ផ្លូវ​ការ​ចំនួន​៩ដង​ នៅ​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ​ ប៉ុន្តែ​ពុំ​ទទួល​បាន​ដំណោះស្រាយអ្វី​ជុំវិញ​បញ្ហា​ស្រ្តី​ទាសករ​ផ្លូវ​ភេទ​នេះ​នោះ​ទេ។​ ប៉ុន្តែ​ ការ​តាំង​ចិត្ត​របស់​លោក​ស្រី​ Park និង​លោក​ Abe នា​ពេល​ថ្មីៗ ដើម្បីបញ្ចប់​ជម្លោះ​នេះ​ត្រឹម​ចុង​ឆ្នាំ​នេះ​ បានធ្វើ​ឲ្យ​អ្នក​ចចារ​មាន​ភាព​ទាន់​ហន់​ឡើង​វិញ។​

មាន​ការ​ប្រមើល​មើល​ថា​ លោកស្រី​ Park និង​លោក Abe អាច​នឹង​ជួប​គ្នា​ម្តង​ទៀត​នៅ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​ ខណៈ​ដែល​មេដឹកនាំ​ទាំង​ពីរ​គ្រោង​នឹង​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​នៃ​តំបន់​ប៉ាស៊ីហ្វិក​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​ និង​កិច្ច​ប្រជុំ​កំពូល​សន្តិសុខ​អាស៊ាន​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី៕​

ប្រែសម្រួលដោយ ស្រេង លក្ខិណា