ប្រទេស​ជប៉ុន​នឹង​បង្កើន​តួនាទី​របស់​ខ្លួន​នៅ​អាស៊ាន​ដើម្បី​តទល់​នឹង​កំណើន​ឥទ្ធិពល​របស់​ចិន

លោក​រដ្ឋ​មន្រ្តី​ការបរទេស​ជប៉ុន Fumio Kishida ស្ថិត​នៅ​សន្និសីទ​កាសែត​មួយ​បន្ទាប់​ពី​កិច្ចប្រជុំ​ជាមួយ​រដ្ឋ​មន្រ្តី​ការ​បរទេស​វៀតណាម Pham Binh Minh នៅ​ក្នុង​ក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពី​ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦។

ប្រទេស​ជប៉ុន​ដែល​ជា​ប្រទេស​គាំទ្រ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ជា​យូរ​អង្វែង​មក​ហើយ​នោះ កំពុង​តែ​បន្ថែម​វត្តមាន​របស់​ខ្លួន​នៅ​ក្នុង​តំបន់​នេះ ខណៈ​ដែល​ចិន​បាន​បង្កើន​វត្តមាន​របស់​ខ្លួន​នៅ​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ដែល​មាន​សមាជិក​ចំនួន​១០​ប្រទេស​នោះ។​

រដ្ឋាភិបាល​ក្រុង​តូក្យូ​ក៏​កំពុង​តែ​បង្កើន​តួនាទី​របស់​ខ្លួន​នៅ​ក្នុង​ការ​ពិភាក្សា​ដេញដោល​អំពី​សន្តិសុខ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ផង​ដែរ ជា​ពិសេស​នៅសមុទ្រ​ចិន​ខាង​ត្បូង ដែលជប៉ុន​បាន​និយាយ​ ជម្លោះ​នេះ​ត្រូវ​តែ​ដោះស្រាយ​ដោយ​ប្រើប្រាស់​នីតិរដ្ឋនិង​មិន​ត្រូវ​ប្រើប្រាស់​កងកម្លាំង​យោធា​នោះ​ទេ។​

កាល​ពី​ដើម​សប្តាហ៍​នេះ ប្រទេស​ជប៉ុន​បាន​ប្រកាស​អំពី​កម្មវិធី​រយៈពេល​៣​ឆ្នាំ​មួយ​ដែល​មាន​ទឹកប្រាក់​៦,៨​ពាន់​លាន​ដុល្លារ ដើម្បី​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់នៅ​ទូទាំង​អនុតំបន់​ទន្លេ​មេគង្គ ដែល​រួមបញ្ចូល​ទាំង​ផ្នែក​មួយ​ចំនួន​នៃ​ប្រទេស​វៀតណាម ប្រទេស​ឡាវ និងប្រទេស​ថៃ​ផង​ដែរ។

ដោយ​ថ្លែង​នៅ​ក្នុង​សាកលវិទ្យាល័យ​មួយ​ក្នុង​ទីក្រុង​បាងកក លោក Fumio Kishida រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ជប៉ុន​បាន​មាន​ប្រសាសន៍​ថា គំនិត​ផ្តួចផ្តើម​ទំនាក់ទំនង​រវាង​ជប៉ុន​និង​ប្រទេស​នៅ​តាម​បណ្តោយ​ទន្លេ​មេគង្គ​មាន​គោលបំណងបង្កើត​ក្របខណ្ឌ​មួយ​ ដែល​គាំទ្រ​ដល់​កិច្ចខិតខំប្រឹងប្រែង​ក្នុង​ការធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវហេដ្ឋារចនាសម្ព័ន្ធ​ ដូចជា ​ស្ពាន​និង​បណ្តាញ​ផ្លូវ​អយស្ម័យយាន ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ និង​គាំទ្រ​ដល់​តំបន់​ទន្លេ​មេគង្គ​ផង​ដែរ។

កម្មវិធី​ចុងក្រោយ​បង្អស់​របស់​ជប៉ុន​សម្រាប់​តំបន់​ទន្លេ​មេគង្គ​ត្រូវ​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​កញ្ចប់​ថវិកា​កាល​ពី​ឆ្នាំ​២០១៣​ ដែល​ផ្តល់​ទឹកប្រាក់​ចំនួន​២​លាន​លាន​យេនដល់​កម្មវិធី​ ជំនួយ​ផ្នែក​អភិវឌ្ឍន៍​ជា​ផ្លូវការ​ ដែល​ហៅកាត់​ថា (ODA) ​ដល់​បណ្តា​ប្រទេស​នៅ​អាស៊ាន​ក្នុង​រយៈពេល​៥​ឆ្នាំ។ ប្រទេស​ជប៉ុន​ក៏​គាំទ្រ​ការធ្វើ​សមាហរណកម្ម​តំបន់​អាស៊ាន​ដោយ​ផ្តល់​ជា​ទឹកប្រាក់​ចំនួន​១០០​លាន​ដុល្លារ​ផង​ដែរ៕