នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានធ្វើដំណើរនៅថ្ងៃអង្គារនេះទៅកាន់រដ្ឋធានីកៀវនៃប្រទេសអ៊ុយក្រែនដើម្បីជួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy នៅក្នុងការបង្ហាញការគាំទ្រដែលបានកើតមានឡើងនៅពេលដែលប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំចិនលោក Xi Jinping។
ក្រសួងការបរទេសជប៉ុនបាននិយាយថា ក្នុងអំឡុងនៃដំណើរទស្សនកិច្ចរបស់លោក លោក Kishida នឹង«បង្ហាញការគោរពដល់សេចក្តីអង់អាចក្លាហាននិងការអត់ធ្មត់របស់ប្រជាពលរដ្ឋអ៊ុយក្រែនដែលកំពុងក្រោកឈរដើម្បីការពារមាតុភូមិរបស់ខ្លួននៅក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Zelenskyy និងបង្ហាញសាមគ្គីភាពនិងការគាំទ្រឥតងាករេចំពោះអ៊ុយក្រែនដោយមេដឹកនាំជប៉ុននិងប្រធានក្រុមប្រទេសដែលមានឧស្សាហកម្មជឿនលឿនជាងគេទាំង៧នៅលើពិភពលោក ឬ G-7»។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសជប៉ុនក៏បានបញ្ជាក់ដែរថា លោក Kishida នឹងសម្តែងនូវការច្រានចោលរបស់ជប៉ុនចំពោះ«ការផ្លាស់ប្តូរស្ថានភាពដោយភាគីតែម្ខាងរបស់រុស្ស៊ីដោយការឈ្លានពាននិងប្រើកម្លាំង»។
លោក Kishida ជាមេដឹកនាំពិភពលោកថ្មីៗបំផុតដែលធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែននៅពេលសង្គ្រាមចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមការឈ្លានពានពេញទំហឹងរបស់ខ្លួននៅខែកុម្ភៈ ឆ្នាំ ២០២២ មក។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានប្រកាសកាលពីថ្ងៃចន្ទម្សិលមិញថា សហរដ្ឋអាមេរិកនឹងផ្តល់ឧបករណ៍និងគ្រាប់រំសេវដែលមានតម្លៃ៣៥០លានដុល្លារដែលជាកញ្ចប់ជំនួយថ្មីៗបំផុតរបស់ខ្លួនដល់ប្រទេសអ៊ុយក្រែននៅពេលដែលរដ្ឋមន្ត្រីការបរទេសនិងការពារជាតិរបស់សហភាពអឺរ៉ុបធ្វើផែនការដើម្បីផ្គត់ផ្គង់គ្រាប់រំសេវឱ្យអ៊ុយក្រែន ខណៈដែលបន្ថែមគ្រាប់រំសេវរបស់ខ្លួននៅក្នុងឃ្លាំង។
មន្ត្រីយោធា៣រូបបានប្រាប់វីអូអេថា កញ្ចប់ជំនួយនោះរួមមានរ៉ុក្កែតបាញ់ពីដីទៅដីដើម្បីប្រើប្រាស់នៅក្នុងប្រព័ន្ធ HIMARS របស់ប្រទេសអ៊ុយក្រែន គ្រាប់កាំភ្លើងត្បាល់១៥៥មីល្លីម៉ែត្រសម្រាប់កាំភ្លើង Howitzers និងកាំភ្លើងត្បាល់២៥មីល្លីម៉ែត្រ។
បើតាមពួកមន្ត្រី គ្រាប់រ៉ុក្កែតរយៈចម្ងាយឆ្ងាយសម្រាប់ប្រព័ន្ធ HIMARS មិនត្រូវបានរួមបញ្ចូលនៅក្នុងកញ្ចប់កម្មវិធីនេះទេ៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះត្រូវបានដកស្រង់ពីទីភ្នាក់ងារព័ត៌មាន AP ទីភ្នាក់ងារព័ត៌មាន AFP និងទីភ្នាក់ងារព័ត៌មាន Reuters។