នាយក​រដ្ឋមន្ត្រី​ជប៉ុន​​ទៅ​ដល់​កាណាដា​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​បណ្តា​ប្រទេស G-7

នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida និងនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau ត្រៀមចូលរួមសន្និសីទសារព័ត៌មានរួមគ្នាមួយ នៅទីក្រុង Ottawa នៃប្រទេសកាណាដា កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៣។

នាយក​រដ្ឋមន្ត្រីជប៉ុន​ លោក Fumio Kishida បាន​មក​ដល់​ប្រទេស​កាណាដា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ដើម្បី​ជួប​ពិភាក្សាជា​មួយ​នាយក​រដ្ឋមន្ត្រី​កាណាដា​លោក Justin Trudeau។ លោក Kishida កំពុង​ស្ថិតនៅក្នុង​ដំណើរ​ទស្សនកិច្ច​មួយ​ ទៅ​កាន់​ក្រុម​ប្រទេស G-7 ដែល​ជា​ប្រទេស​ដែល​មាន​ឧស្សាហកម្ម​នាំមុខ​គេ​ ខណៈ​ពេល​ដែល​ប្រទេស​ជប៉ុន​នឹង​ត្រូវ​ធ្វើ​ជា​ប្រធាន​ប្តូរវេន​នៃ​ក្រុម​ប្រទេស G-7 នៅក្នុង​ឆ្នាំ​នេះ។

សេចក្តី​ថ្លែងការណ៍​មួយ​ផ្សាយ​ពី​ការិយាល័យ​នាយរដ្ឋមន្ត្រី​កាណាដា​បាន​បញ្ជាក់​ថា​ មេដឹកនាំ​ទាំង​ពីរបានពិភាក្សា​គ្នា​ពី​អាទិភាព​របស់​ជប៉ុន ក្នុង​នាម​ជា​ប្រធានប្តូរ​វេន​របស់​ក្រុម​ប្រទេស​ G-7 ក៏​ដូច​ជា​ការ​ពង្រឹង​នូវ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេសទាំង​ពីរ​ផង​ដែរ។

នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក Kishida បាន​មក​ដល់​រដ្ឋធានី​អូតាវ៉ា​របស់​កាណាដា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ចក្រភព​អង់គ្លេសកាល​ពី​ថ្ងៃ​ពុធ​ ដែល​នៅ​ទីនោះ​ លោក​បាន​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក Rishi Sunak ហើយ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ការពារ​ជាតិ​មួយ​ផងដែរ។

លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន​រូប​នេះ​ក៏​នឹងមក​កាន់​រដ្ឋធានីវ៉ាស៊ីនតោន​នៃ​សហរដ្ឋ​អាមេរិក​ ដើម្បី​ជួប​ប្រជុំជាមួយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden នៅ​ថ្ងៃ​សុក្រ​នេះ​ នៅ​សេតវិមាន​ផងដែរ។

នៅ​មុន​ជំនួប​រវាង​មេដឹកនាំ​ជប៉ុននិង​សហរដ្ឋ​អាមេរិក​នេះ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​និង​រដ្ឋមន្ត្រីការពារជាតិ​ជប៉ុន ក៏​បាន​ជួប​ជាមួយ​សមភាគីអាមេរិក​រួច​ហើយផង​ដែរ​ នៅ​ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន​ដែល​នៅ​ពេល​នោះ​ ពួកគេ​ក៏​បាន​ប្រកាស​នូវ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​ផ្នែក​សន្តិសុខ​ ស្របពេល​មាន​ការ​ព្រួយបារម្ភ​រួមគ្នា​អំពី​ប្រទេស​ចិន។

ជា​ផ្នែក​មួយ​នៃដំណើរ​ទស្សនកិច្ច​តាម​បណ្តា​ប្រទេស G-7 នោះ លោក Kishidaក៏​បាន​ទៅ​បំពេញ​ទស្សនកិច្ច​ប្រទេស​បារាំង​និង​ប្រទេស​អ៊ីតាលី​រួច​ហើយ ​ក្នុង​ពេល​កន្លង​មក៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន AP និង Reuters