ក្រុមហ៊ុនថាពលដ៏ធំរបស់ជប៉ុន ENEOS បាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួននឹងដកគម្រោងវិនិយោគឧស្ម័នចេញពីប្រទេសមីយ៉ាន់ម៉ាដែលគ្រប់គ្រងដោយក្រុមយោធាដែលបានធ្វើរដ្ឋប្រហារនោះ។ ការប្រកាសនេះ ត្រូវបានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីដៃគូថៃនិងម៉ាឡេស៊ីរបស់ខ្លួន ក៏បានប្រកាសចាកចេញពីប្រទេសនេះផងដែរ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
ក្រុមហ៊ុនប្រេង ENEOS ជាក្រុមហ៊ុនថាមពលដ៏ធំមួយរបស់ប្រទេសជប៉ុនចុងក្រោយគេ ដែលបានដកខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ា ដែលកងយោធានៃប្រទេសនេះ បានធ្វើការបង្ក្រាបយ៉ាងខ្លាំងទៅលើក្រុមអ្នកប្រឆាំងចាប់តាំងពីមេដឹកនាំស៊ីវិលលោកស្រី Aung San Suu Kyi ត្រូវបានបណ្តេញចេញពីអំណាចនិងចាប់ឃុំខ្លួនកាលពីឆ្នាំ២០២១កន្លងទៅ។
ក្រុមហ៊ុននេះធ្វើគម្រោងវិនិយោគឧស្ម័ននៅតំបន់ Yetagun ភាគខាងជើងនៃឈូងសមុទ្រមីយ៉ាន់ម៉ា ជាមួយរដ្ឋាភិបាលជប៉ុន និងក្រុមហ៊ុន Mitsubishi ផងដែរ។
ក្រុមហ៊ុនរបស់ជប៉ុនទាំងនេះមានកម្មសិទ្ធិភាគហ៊ុនប្រមាណ១៩,៣ភាគរយនៅទីតាំងរកឧស្ម័ននេះដែលបានធ្វើប្រតិបត្តិការអស់រយៈពេល២០ឆ្នាំមកហើយ។
ក្រុមហ៊ុន ENEOS និយាយថា ខ្លួនបានសម្រេចចិត្តធ្វើការដកខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ាបន្ទាប់ពីការពិភាក្សាគ្នា និងការពិចារណាទៅលើស្ថានភាពបច្ចុប្បន្នរបស់ប្រទេសនេះ ដែលក្នុងនោះរួមមានបញ្ហាសង្គម និងបញ្ហាសេដ្ឋកិច្ចដែលផ្អែកទៅលើការវាយតម្លៃបច្ចេកទេសនៃតំបន់ឧស្ម័ន Yetagun ផងដែរ។
ក្រុមហ៊ុននេះបាននិយាយនៅក្នុងសេចក្តីថ្លែងការមួយថា«ការសម្រេចដកខ្លួននេះនឹងចូលជាធរមាន បន្ទាប់ពីការយល់ព្រមរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា»។
បើយោងទៅលើក្រុមដានក្នុងស្រុកមួយបានឲ្យដឹងថា មានជនស៊ីវិលប្រមាណជាង១៨០០នាក់បានស្លាប់នៅក្រោមការបង្ក្រាបដោយកងយោធាមីយ៉ាន់ម៉ាក្នុងពេលកន្លងទៅ ហើយមនុស្សជាង១ម៉ឺន ៣ពាន់នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសនេះ៕