គណបក្សចម្រុះកាន់អំណាចនៅជប៉ុនទទួលបានជ័យជំម្នះភ្លូកទឹកភ្លូកដី

គណបក្សចម្រុះដឹកនាំដោយលោក Shinzo Abe (ខាងលើ) បាន​ទទួល​ជ័យជំនះ​លើសលប់នៅ​ក្នុងការ​បោះឆ្នោត​មុន​ពេល​កំណត់​នៃ​សភា​ជាន់ទាប​។

គណបក្ស​ចម្រុះ​គ្រប់គ្រងប្រទេស​ជប៉ុន​របស់​លោក​នាយករដ្ឋមន្ត្រី​ Shinzo Abe បាន​ទទួល​ជ័យជំនះ​លើសលប់នៅ​ក្នុងការ​បោះឆ្នោត​មុន​ពេល​កំណត់​នៃ​សភា​ជាន់ទាប​ ទោះបី​ជាចំនួនអ្នកបោះឆ្នោត​មានតិច​ក៏​ដោយ។​

ការ​ស្ទង់​មតិ​ប្រជារាស្ត្រ​ជប៉ុន​ដែល​បាន​បោះឆ្នោត​រួច​ហើយបង្ហាញ​ឱ្យ​ឃើញ​ថា​គណបក្ស​ប្រជាធិបតេយ្យ​សេរីនិយម​ដែល​មាន​និន្នាការអភិរក្ស​និយមនិង​គណបក្ស​ Komeito ​ដែល​ជា​ដៃគូ​តូចរបស់​ខ្លួន​បានឈ្នះ​ឆ្នោត​ទទួល​អាសនៈ​ជាង​៣១០​នៅ​ក្នុង​សភា​ជាន់ទាប​ដែល​មាន​កៅអី​៤៧៥។​

លោក Abe បាន​អំពាវនាវ​ឱ្យមាន​ការ​បោះឆ្នោតពីរ​ឆ្នាំ​មុន​ពេលកំណត់​ដើម្បីបានទទួលអណតិ្ត​ថ្មី​មួយ​សម្រាប់​យុទ្ធសាស្ត្រ" Abenomics”របស់​លោក​នៃការជំរុញ សម្រួលផ្នែក​សារពើពន្ធ​និង​កំណែទម្រង់រចនាសម្ព័ន្ធ។​

អណត្តិ​ថ្មី​ដែល​ក្រុម​អ្នកបោះឆ្នោត​បាន​ប្រគល់​ជូន​លោក​ Abe មាន​រយៈពេល​បួន​ឆ្នាំដើម្បី​អនុវត្ត​កំណែទម្រង់​ពិបាកៗ​ដោយ​មាន​រួម​បញ្ចូលការ​កាត់​បន្ថយ​ប្រាក់បំណុល​យ៉ាងច្រើន​របស់​ប្រទេស​និង​ការរៀបចំ​វិស័យ​កសិកម្ម​ជា​ថ្មី​៕