ក្រុមហ៊ុនថាមពលជប៉ុនបានចាប់ផ្តើមម៉ាស៊ីនរេអាក់ទ័រនុយក្លេអ៊ែរឡើងវិញនៅថ្ងៃអង្គារនេះ ដែលម៉ាស៊ីនរេអាក់ទ័រមួយមុនដំបូងត្រូវបានប្រើប្រាស់វិញនៅក្រោមបទបញ្ញតិ្តសុវត្ថិភាពថ្មី ដែលបានដាក់ឲ្យប្រើប្រាស់ បន្ទាប់ពីមហន្តរាយរោងចក្រថាមពល Fukushima។
ក្រុមហ៊ុន Kyushu Electric Power Co. បានប្រាប់ឲ្យដឹងថា ខ្លួនរំពឹងថាម៉ាស៊ីន រេអាក់ទ័រមួយនៅឯរោងចក្រ Sendai នឹងផលិតចរន្តអគ្គីសនីនៅថ្ងៃសុក្រខាងមុខនេះ ហើយនឹងផលិតអគ្គីសនីពេញលេញនៅខែក្រោយ។
រោងចក្រនុយក្លេអ៊ែររបស់ជប៉ុនបានបិទកាលពី២ឆ្នាំមុនដើម្បីពិនិត្យសុវត្ថិភាព។ រដ្ឋាភិបាលចង់ប្រើប្រាស់ថាមពលនុយក្លេអ៊ែរវិញ ដោយការផលិតជាង២០ភាគរយនៃថាមពលអគ្គីសនីទូទាំងប្រទេសនៅឆ្នាំ២០៣០ ក៏ប៉ុន្តែត្រូវពឹងផ្អែកលើការនាំចូលឥន្ធនៈហ្វូស៊ីល ខណៈដែលរោងចក្រនុយក្លេអ៊ែរមានដំណើរមិនទាន់ពេញលេញ។
សាធារណជនជប៉ុនភាគច្រើនបានជំទាស់ប្រឆាំងការប្រើប្រាស់ម៉ាស៊ីនរេអាក់ទ័រនេះឡើងវិញសម្រាប់ផលិតថាមពលអគ្គីសនីនោះ។
ក្រុមបាតុករជាច្រើនរយនាក់បានប្រមូលផ្តុំគ្នានៅរោងចក្រ Sendai នៅថ្ងៃអង្គារនេះដើម្បីសម្តែងនូវការមិនសប្បាយចិត្តរបស់ខ្លួន ដែលរួមមានអតីតនាយករដ្ឋមន្រ្តី Naoto Kanដែលបានកាន់អំណាចក្នុងពេលមានបញ្ហារោងចក្រថាមពលនុយក្លេអ៊ែរFukushima។
លោក Kan បានមានប្រសាសន៍ថា «យើងមិនបានទស្សន៍ទាយពីគ្រោះថ្នាក់បានទេ។ហើយយើងទាំងអស់គ្នាមកទីនេះ ដើម្បីចាត់វិធានការជាមុនដើម្បីរារាំងកុំឲ្យគ្រោះថ្នាក់កើតមានឡើង»។
មហន្តរាយនៅរោងចក្រ Fukushimaបានចាប់ផ្តើមនៅពេលមានការរំជួយផែនដីដ៏ខ្លាំងនិងរលកយក្សស៊ូណាមិ ដែលបានធ្វើឲ្យខូចរោងចក្រនុយក្លេអ៊ែរ ហើយបានបណ្តាលឲ្យបិទរោងចក្រនោះ។ មហន្តរាយនោះបានបង្ខំឲ្យមនុស្សជាងមួយសែននាក់ចាកចេញពីផ្ទះរបស់ខ្លួន៕