នាយក​រដ្ឋមន្ត្រី​ជប៉ុន នឹង​ទូរសព្ទ​ទៅកាន់​មេដឹកនាំ​អ៊ុយក្រែន​ជុំវិញ​ការបារម្ភ​នៃ​ការចូល​ឈ្លានពាន​របស់​រុស្ស៊ី

រូបឯកសារ៖ នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida ថ្លែង​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។

នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida នឹង​និយាយ​ជា​មួយ​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelensky នៅយប់ថ្ងៃ​អង្គារ​នេះ​ ខណៈពេល​ដែល​ជប៉ុន​មាន​ក្តីបារម្ភ​ដ៏​ខ្លាំង​ទៅ​លើហានិភ័យ​នៃ​ការចូល​លុកលុយ​របស់​រុស្ស៊ីនៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។ នេះ​ បើតាមប្រភព​មួយ​របស់រដ្ឋាភិបាល​ជប៉ុន​ ហើយ​ដែល​ត្រូវ​បាន​រាយការណ៍​ដោយទី​ភ្នាក់ងារ​ព័ត៌មាន AFP។

រដ្ឋាភិបាលក្រុង​តូក្យូ កំពុង​រៀបចំការ​ហៅ​ទូរស័ព្ទ​មួយ​នៅ​យប់​ថ្ងៃ​អង្គារ​ម៉ោង​នៅ​ក្នុង​ស្រុកប្រទេស​ជប៉ុន ស្របពេល​ដែលកិច្ចប្រឹងប្រែង​ការទូត​សម្រាប់​ដំណោះស្រាយដោយ​សន្តិវិធី​មួយ​កំពុង​ត្រូវ​បាន​បង្កើន​ឡើង បន្ទាប់ពី​ដូច​ជា​មានភ្លើង​ខៀវ​ពី​ខាង​រុស្ស៊ី​រួច​មក ហើយអធិការបរតី​អាល្លឺម៉ង់​លោក Olaf Scholz នឹង​ត្រូវ​មក​ដល់​ទីក្រុង​មូស្គូ​នៅ​ល្ងាច​ថ្ងៃ​អង្គារ​នេះ​ផង​ដែរ។

នាយក​រដ្ឋមន្ត្រីជប៉ុន​លោក Kishida បាន​និយាយ​នៅឯ​ជំនួប​មួយ​រវាង​រដ្ឋមន្ត្រី​ និង​គណបក្ស​ប្រជាធិបតេយ្យ​សេរី​និយម​ដែល​ជា​គណបក្ស​កាន់​អំណាច​ថា «យើង​នឹង​បន្ត​តាមដាន​ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ដោយ​ការប្រុងប្រយ័ត្ន​ខ្ពស់ ស្របពេល​ដែល​ខ្លួនកំពុងធ្វើ​ការ​សម្របសម្រួលយ៉ាង​ជិតស្និទ្ធ​ជា​មួយប្រទេសដែល​មាន​សេដ្ឋកិច្ចជឿន​លឿន G7 ដើម្បី​ដោះស្រាយ​ស្ថានភាព​វិវត្ត​ឲ្យ​បានត្រឹមត្រូវ»។

កាលពី​ថ្ងៃ​ចន្ទម្សិល​មិញ សេចក្តី​ថ្លែងការណ៍​មួយ​របស់រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​នៃ​ក្រុម​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន G7 បាន​ព្រមាន​ថា រុស្ស៊ី នឹងប្រឈម​ការទណ្ឌកម្ម​ដ៏​ធ្ងន់ធ្ងរ ប្រសិន​បើ​ខ្លួន​ធ្វើ​សកម្មភាព​យោធាប្រឆាំង​នឹង​អ៊ុយក្រែន។

សម្ព័ន្ធមិត្ត បាន​ត្រៀម​ខ្លួនជា​ស្រេច​ហើយ«ដើម្បី​ដាក់ទណ្ឌកម្ម​ហិរញ្ញវត្ថុ​និង​សេដ្ឋកិច្ច​រួម​គ្នា​ដែល​នឹង​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង និង​បន្ទាន់លើ​សេដ្ឋកិច្ចរុស្ស៊ី»។ នេះ បើ​តាម​សេចក្តី​ថ្លែងការណ៍​មួយ​របស់រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​នៃ​ក្រុម​ប្រទេស G7 ។

រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Yoshimasa Hayashi នៅ​ថ្ងៃ​អង្គារ​នេះ បាន​បញ្ជាក់​ពីការគាំទ្ររបស់​រដ្ឋាភិបាល​ក្រុង​តូក្យូ​ចំពោះ«បូរណភាព​ទឹកដីរបស់​អ៊ុយក្រែន» ក៏ប៉ុន្តែបដិសេធមិននិយាយ​លម្អិត​ពី​ទម្រង់​នៃ​ការ​ដាក់​ទណ្ឌកម្មដែល​ខ្លួននឹង​ប្រកាន់​យក​នោះ​ឡើយ។

លោក​រដ្ឋមន្ត្រី​ការបរទេស បាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​ថា «ប្រសិន​បើ​ការ​ឈ្លានពានរបស់​រុស្ស៊ីកើតមាន​ឡើង​មែន​នោះ ជប៉ុន នឹង​ចាត់ការ​រឿង​នេះ​ឲ្យ​បាន​សមរម្យ តាម​រយៈ​ការដាក់​ទណ្ឌកម្មរបស់​ខ្លួន​ដើម្បី​ឆ្លើយ​តប​ទៅ​នឹងអ្វី​ដែលបាន​កើត​ឡើង​នឹងដោយ​សហការជា​មួយ​សហគន៍​អន្តរជាតិ​ដែលរួម​មាន​ក្រុម​ប្រទេស G7 ជា​ដើម។

ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ផង​ដែរ រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន ក៏​បាន​ព្រមាន​ពី​វត្តមាន​នៃ​កងនាវា​ជើង​ទឹក​រុស្ស៊ីដែល​កំពុង​កើន​ឡើង​នៅ​ក្នុង​ដែន​សមុទ្រ​របស់​ជប៉ុន​ និងភាគ​ខាងត្បូង​នៃសមុទ្រ Okhotsk៕