ប្រទេសជប៉ុនបានប្រារព្ធខួប ១០ ឆ្នាំ នៃការរញ្ជួយដីដ៏ខ្លាំងនិងរលកយក្សស៊ូណាមិ ដែលបានបំផ្លិចបំផ្លាញភូមិនិងទីក្រុងមួយចំនួន ហើយបានបណ្តាលឲ្យមានមហន្តរាយនុយក្លែអ៊ែរដ៏អាក្រក់បំផុត នៅក្នុងពិភពលោក។
នាយករដ្ឋមន្ត្រីជប៉ុនលោក Yoshihide Suga និងអធិរាជ Naruhito បានដឹកនាំការកាន់ទុក្ខ ដោយរក្សាការស្ងៀមស្ងាត់មួយសន្ទុះ ក្នុងអំឡុងពេលនៃពិធីគោរពវិញ្ញាណក្ខន្ធមួយ នៅទីក្រុងតូក្យូនៅថ្ងៃព្រហស្បតិ៍នេះ ដែលចំម៉ោងនៃការរំជួយដីដែលមានកម្លាំង ៩,០ ដែលបានបណ្តាលឲ្យមានរលកយក្សស៊ូណាមិ ដែលបានហូរបក់បោកចូលទូទាំងតំបន់ភាគឦសាន្តប្រទេសជប៉ុន មុនពលប៉ះពាល់រោងចក្រថាមពលនុយក្លែអ៊ែរនៅក្នុងខេត្ត Fukushima។
រលកធំៗពេលនោះបានបក់បោកចំប្រព័ន្ធផ្គត់ផ្គង់ថាមពល និងបណ្តាលឱ្យខូចខាតម៉ាស៊ីនរ៉េអាក់ទ័រចំនួន ៣ បញ្ជូនសារធាតុវិទ្យុសកម្មដ៏ច្រើនទៅអាកាស ហើយបានបង្ខំឲ្យអ្នកស្រុករាប់សែននាក់ជម្លៀសចេញពីតំបន់នោះ។ តំបន់នោះបានក្លាយជាមហន្តរាយនុយក្លែអ៊ែដ៏អាក្រក់បំផុតមួយ នៅក្នុងពិភពលោកចាប់តាំងពីគ្រោះថ្នាក់រោងចក្របរមាណូនៅ Chernobyl នៅប្រទេសអ៊ុយក្រែន ក្នុងឆ្នាំ ១៩៨៦ មក។
រដ្ឋាភិបាលជប៉ុន បានចំណាយប្រាក់ជិត ៣០០ ពាន់លានដុល្លារ លើគម្រោងស្តារឡើងវិញនៅFukushima និងតំបន់ផ្សេងៗទៀតនៅជុំវិញនោះ ក៏ប៉ុន្តែតំបន់ជាច្រើននៅជុំវិញរោងចក្រដែលខូចនោះ នៅតែបិទ ដោយសារនៅមានកម្រិតសារធាតុវិទ្យុសកម្មខ្ពស់។ អ្នកស្រុកជាង ៤០.០០០ នាក់ នៅមិនទាន់មានទីកន្លែងរស់នៅបណ្តាលមកពីការខូចរោងចក្រនុយក្លែអ៊ែរ Fukushima នេះ។
អ្នកស្រុកនៅតាមបណ្តោយឆ្នេរភាគឦសានប្រទេសជប៉ុននៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានដាក់ផ្កានិងធ្វើការស្មឹងស្មាធគោរពវិញ្ញាណក្ខន្ធ មនុស្សជាង ១៨.០០០ នាក់ ដែលបានបាត់បង់អាយុជីវិតនៅក្នុងគ្រោះមហន្តរាយនេះ៕