ប្រទេស​ជប៉ុន​ប្រារព្ធ​ខួប​លើក​ទី ៧១ នៃ​ការ​ទម្លាក់​គ្រាប់​បែក​បរមាណូ​របស់​សហរដ្ឋ​អាមេរិក

នៅឯឧទ្យាននៃការរំលឹកសន្តិភាពក្នុងទីក្រុងហុីរ៉ូសុីម៉ា ប្រជាជនគោរពវិញ្ញាណខន្ធ័អ្នកដែលបានស្លាប់ក្នុងការទម្លាក់គ្រាប់បែកបរមាណូកាលពីឆ្នាំ១៩៤៥។

នៅ​ថ្ងៃ​សៅរ៍​នេះ ប្រទេស​ជប៉ុន​បាន​ប្រារព្ធ​ខួប​លើក​ទី ៧១ នៃ​ការ​ទម្លាក់​គ្រាប់​បែក​បរមាណូ​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ទីក្រុង​ហ៊ីរ៉ូស៊ីម៉ា ដែល​បណ្ដាល​ឲ្យ​សង្គ្រាម​លោក​លើក​ទី​ពីរ​ឈាន​ដល់​ទី​បញ្ចប់។

មនុស្ស​ប្រហែល ៥ ម៉ឺន​នាក់ បាន​ចូលរួម​នៅ​ក្នុង​ពិធី​ប្រកួត​កីឡា​នេះ​នៅ​ឯ​ឧទ្យាន​សន្តិភាព​ក្នុង​ទីក្រុង Hiroshima នៅ​ជិត​កន្លែង​ទម្លាក់​គ្រាប់​បែក​បរមាណូ។

អភិបាល​ក្រុង Hiroshima លោក Kazumi Matsui បាន​អំពាវនាវ​ឲ្យ​មេដឹកនាំ​នានា​នៅ​ក្នុង​ពិភពលោក​មក​ទស្សនា​កន្លែង​ទម្លាក់​គ្រាប់​បែក​បរមាណូ​នេះ ដូច​អ្វី​ដែល​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Barack Obama បាន​ធ្វើ​កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​នេះ។

ដូច​លោក Obama ដែរ លោក Matsui បាន​និយាយ​ថា ការ​មក​ទស្សនា​ដូច​នេះ «នឹង​ឆ្លាក់​នូវ​ទិដ្ឋភាព​ទម្លាក់​គ្រាប់​បែក​បរមាណូ​នេះ​នៅ​ក្នុង​បេះដូង​អ្នក​ដែល​មក​ទស្សនា»។

ការ​ទម្លាក់​គ្រាប់​បរមាណូ​នៅ​ទីក្រុង Hiroshima បាន​សម្លាប់​មនុស្ស​ប្រហែល ១ សែន ៤ ម៉ឺន​នាក់ ដែល​ក្នុង​នោះ​រួម​មាន​អ្នក​ស្លាប់​នៅ​នឹង​កន្លែង​ដោយសារ​ការ​ទម្លាក់​គ្រាប់​បរមាណូ​នោះ និង​អ្នក​ស្លាប់​ដោយសារ​ចំហាយ​វិទ្យុ​សកម្ម​ភ្លាមៗ​នៅ​ក្រោយ​ការ​ទម្លាក់​នេះ។

គ្រាប់​បរមាណូ​មួយ​គ្រាប់​ទៀត ត្រូវ​បាន​ទម្លាក់​នៅ​ក្នុង​ទីក្រុង​កំពង់​ផែ Nagasaki បី​ថ្ងៃ​បន្ទាប់​ពី​ការ​ទម្លាក់​នៅ​ក្នុង​ទីក្រុង Hiroshima ដោយ​បាន​សម្លាប់​មនុស្ស​ប្រហែល ៧ ម៉ឺន​នាក់។

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​អះអាង​ថា ការ​វាយប្រហារ​ទាំងនេះ​គឺ​មាន​សារៈសំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​សង្គ្រាម​លោក​លើក​ទី​ពីរ​ឈាន​ដល់​ទី​បញ្ចប់​ភ្លាមៗ។ រយៈពេល​តែ ៦ ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​ការ​វាយ​ប្រហារ​នៅ​ក្នុង​ទីក្រុង Nagasaki ប្រទេស​ជប៉ុន​បាន​ចុះចាញ់ ដែល​ធ្វើឲ្យ​សង្គ្រាម​លោក​លើក​ទី​ពីរ​ឈាន​ដល់​ទី​បញ្ចប់។

នៅ​ពេល​ដែល​លោក Obama បាន​ទៅ​ទស្សនា​កន្លែង​ទម្លាក់​គ្រាប់​បរមាណូ​នោះ លោក​បាន​និយាយ​ថា៖ «យើង​មាន​ការ​ទទួល​ខុស​ត្រូវ​រួម​គ្នា​ក្នុង​ការ​ក្រឡេក​មើល​ដោយ​ផ្ទាល់​ទៅ​ក្នុង​ចក្ខុ​វិស័យ​ប្រវត្តិសាស្ត្រ។ យើង​ត្រូវ​សួរ​ថា តើ​យើង​ត្រូវ​ធ្វើ​អ្វី​ផ្សេង​ពី​ហ្នឹង​ដើម្បី​កុំ​ឲ្យ​មាន​រឿង​ឈឺចាប់​ដូច​នេះ​កើត​ឡើង​ជា​ថ្មី​ទៀត។ យើង​ត្រូវ​ប្រមើល​មើល​ឡើង​វិញ​នូវ​ចំណង​ទាក់ទង​របស់​យើង​រាល់​គ្នា​ក្នុង​ឋានៈ​ជា​សមាជិក​នៃ​មនុស្ស​លោក​ទាំង​មូល»។

លោក Obama គឺ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​កាន់​តំណែង​ដំបូង​បង្អស់ ដែល​បាន​ទៅ​ទស្សនា​កន្លែង​ទម្លាក់​គ្រាប់​បរមាណូ​នេះ។ លោក​មិន​អាច​សុំ​អភ័យទោស​ចំពោះ​ការ​ទម្លាក់​គ្រាប់​បែក​នេះ​ទេ។ លោក​បាន​បញ្ជាក់​ថា លោក​នឹង​មិន​ធ្វើ​តាម​ការ​សម្រេច​ចិត្ត​របស់​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Harry Truman នោះ​ទេ៕