រដ្ឋាភិបាលជប៉ុនបានដកវិធានការដាក់ប្រទេសក្នុងគ្រាអាសន្នដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩នៅទូទាំងប្រទេស ប៉ុន្តែនៅរក្សាវិធានការនេះនៅរាជធានីតូក្យូនិងតំបន់មួយចំនួនទៀត។
នាយរដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe បានធ្វើការប្រកាសនេះកាលពីថ្ងៃព្រហស្បតិ៍ ក្រោយពីមន្ត្រីជំនាញរដ្ឋាភិបាលបានអនុញ្ញាតឲ្យដកវិធានការនេះនៅខេត្តចំនួន៣៩នៃខេត្តទាំង៤៧របស់ជប៉ុន។
វិធានដាក់ប្រទេសជាតិក្នុងគ្រាអាសន្នរយៈពេល៣០ថ្ងៃនេះត្រូវបានដាក់ដំបូងនៅតំបន់ខ្លះរបស់ជប៉ុន កាលពីថ្ងៃទី៧ខែមេសា ហើយលោក Abe ថាការបន្ធូរបន្ថយនៅពេលនេះគឺដោយសារចំនួនករណីឆ្លងថ្មីមានការថយចុះ។
គិតមកត្រឹមថ្ងៃព្រហស្បតិ៍នេះ ជប៉ុនមានអ្នកឆ្លងវីរុសកូរ៉ូណាជាង១៦.០០០នាក់និងអ្នកស្លាប់ជាង៦៨០នាក់ពីជំងឺកូវីដ១៩៕