រដ្ឋមន្ត្រីការបរទេសជប៉ុន និងកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត បានជួបពិភាក្សាគ្នាក្នុងទីក្រុងតូក្យូ ហើយបានព្រមព្រៀងធ្វើសហប្រតិបត្តិការដោះស្រាយស្ថានការណ៍នៅប្រទេសមីយ៉ាន់ម៉ា ខណៈកម្ពុជាកំពុងធ្វើជាប្រធានប្តូរវេននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន។
អ្នកវិភាគមួយចំនួនមើលឃើញថា ជប៉ុនទំនងជាមានទំនុកចិត្តលើកម្ពុជាក្នុងការដោះស្រាយបញ្ហានៅភូមាដោយវិធីសាស្ត្រទន់ស្របទៅតាមគោលនយោបាយការទូតដោះស្រាយបញ្ហាដោយទន់ភ្លន់របស់ជប៉ុន ទើបមានការបំពេញទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ទៅកាន់ទីក្រុងតូក្យូនាពេលថ្មីៗនេះ។
យោងទៅតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានអាមេរិកាំង The Associated Press (AP) ដែលបានចេញផ្សាយកាលពីដើមសប្តាហ៍នេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលបច្ចុប្បន្នជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងជាអ្នកដែលត្រូវតែងតាំងជាបេក្ខេជននាយករដ្ឋមន្ត្រីឲ្យបន្តពីឪពុករបស់លោក បានជួបពិភាក្សាទេ្វភាគីជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi ក្នុងទីក្រុងតូក្យូ កាលពីថ្ងៃចន្ទ។
ក្នុងជំនួបនោះរដ្ឋមន្ត្រីការបរទេសជប៉ុនបានទទួលស្វាគមន៍នូវអ្វីដែលលោកពណ៌នាថា ជាចំណងទាក់ទងរឹងមាំរវាងជប៉ុន និងកម្ពុជា ហើយនឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើបញ្ហារបស់ប្រទេសមីយ៉ាន់ម៉ា និងបញ្ហាតំបន់ផ្សេងទៀត។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AP ដែលមានមូលដ្ឋាននៅទីក្រុង New York។
អ្នកវិភាគនយោបាយលោក សេង សារី ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍ថា ជប៉ុនជាប្រទេសស្ថិតក្នុងសម្ព័ន្ធមិត្តសន្តិសុខមិនផ្លូវការមួយ ដែលគេស្គាល់ថាដៃគូសន្ទនាសន្តិសុខបួនភាគី (Quadrilateral Security Dialogue) ហៅកាត់ថា Quad ដែលមានសមាជិកបីផ្សេងទៀតគឺសហរដ្ឋអាមេរិក អូស្រា្តលី និងឥណ្ឌា។
បើតាមលោក សេង សារី ប្រទេសជប៉ុនមានតួនាទីសំខាន់ក្នុងសម្ព័ន្ធមិត្តនេះ ហើយក៏មានគោលនយោបាយការទូត ទន់ភ្លន់ស្រដៀងនឹងកម្ពុជា ដែលនាំឲ្យប្រទេសមហាអំណាចសេដ្ឋកិច្ចអាស៊ីមួយនេះ ងាកមករឹតចំណងជាមួយកម្ពុជាក្នុងការដោះស្រាយវិបតិ្តនៅប្រទេសមីយ៉ាន់ម៉ា និងកិច្ចការតំបន់ផ្សេងទៀត។
«ទាក់ទងទៅនឹងតួនាទីជប៉ុននៅក្នុងអាស៊ាន គឺដូចខ្ញុំបានលើកឡើងអ៊ីចឹងថាជប៉ុនមានគោលនយោបាយទន់នៅក្នុងការដោះស្រាយបញ្ហា។ អ៊ីចឹងជប៉ុនអាចនឹងធ្វើការជាមួយនឹងបណ្តាប្រទេសស្ទើរតែគ្រប់ប្រទេសនៅក្នុងតំបន់អាស៊ាន ទីមួយ។ ទីពីរ បើយើងមើលតួនាទីជប៉ុននៅក្នុង Quad ជប៉ុនជាសមាជិកមួយនៅក្នុង Quadដែល Quad ត្រូវបានគេមើលឃើញថា វាជាសេនាធិការដ៏ធំមួយរបស់អាមេរិកនៅក្នុងការទប់ឥទ្ធិពលចិន»។
លោកបន្ថែមថា៖ «ដូច្នេះ សម្រាប់ខ្ញុំ ខ្ញុំមើលឃើញថានៅក្នុងចំណោមសមាជិករបស់Quad ជប៉ុនមានភាពទន់ភ្លន់ជាង នៅក្នុងការសម្របសម្រួលដោះស្រាយបញ្ហានៅឥណ្ឌូប៉ាស៊ីហ្វិក។ ហើយជប៉ុន នៅក្នុងអាស៊ានបូក ក៏ជប៉ុនមានភាពទន់ភ្លន់ដែរនៅក្នុងការដោះស្រាយបញ្ហាអាស៊ាន។ អ៊ីចឹងយើងឃើញថាជប៉ុនហាក់ដូចជាមាននិន្នាការគាំទ្រទៅលើរដ្ឋាភិបាលកម្ពុជានៅក្នុងការដោះស្រាយ។ ហើយជាបទពិសោធន៍កន្លងមកផងដែរ ជប៉ុនធ្លាប់ដើរតួនាទីសំខាន់នៅក្នុងការដោះស្រាយបញ្ហាវិបត្តិនៅកម្ពុជា ហើយជប៉ុនក៏អាចរៀនសូត្រខ្លះដែរពីរបៀបរបបដោះស្រាយបញ្ហាស្វែងរកសន្តិភាពសម្រាប់ប្រទេសមួយ»។
បើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Yoshimasa Hayashi បានកោតសរសើរដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ាថា ជាកិច្ចប្រឹងប្រែងវិជ្ជមានមួយ ដើម្បីដោះស្រាយស្ថានការណ៍នៅទីនោះ និងបានបង្ហាញក្តីសង្ឃឹមសហការជាមួយកម្ពុជា ក្នុងការសម្រេចបានតំបន់ឥណ្ឌូប៉ាស៊ីហ្វិកមួយដែលមានលក្ខណៈសេរី និងបើកចំហ ដែលប្រទេសជប៉ុនជំរុញការតទល់ទៅនឹងការកើនឡើងនូវឥទ្ធិពលរបស់ចិន។
ក្នុងការបញ្ចៀសអំពើហិង្សានៅប្រទេសភូមា នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ដែលជាប្រធានអាស៊ានប្តូរវេន បានទៅបំពេញទស្សនកិច្ចនៅក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២។ លោក ហ៊ុន សែន អះអាងកន្លងមកថាដំណើរទស្សនកិច្ចនោះធ្វើឡើងមិនមែនមានន័យថា ទទួលស្គាល់របបយោធាឡើយ តែលោកថាត្រូវតែធ្វើការជាមួយអ្នកដែលកំពុងគ្រប់គ្រងប្រទេស។
នៅឯពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានប្រាំពីរកន្លែងដែលជាជំនួយរបស់ជប៉ុននៅខេត្តក្រចេះ និងព្រៃវែងកាលពីថ្ងៃពុធ លោកហ៊ុន សែន បានថ្លែងអំណរគុណរដ្ឋាភិបាលជប៉ុននៅចំពោះមុខលោកឯកអគ្គរាជទូតជប៉ុនលោក Mikami Masahiroសម្រាប់ការគាំទ្ររបស់ជប៉ុនចំពោះដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសមីយ៉ាន់ម៉ា។
«ខ្ញុំសុំអរគុណចំពោះមិត្តជប៉ុន ដែលបានបន្តផ្តល់ការគាំទ្រចំពោះដំណើរទស្សនកិច្ចរបស់ខ្ញុំទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដែលនេះ គឺជាសារនយោបាយមួយដ៏ជាក់លាក់អំពីវិធីសាស្ត្រដោះស្រាយដើម្បីបញ្ចៀសមនុស្សស្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា»។
លោក ហ៊ុន សែន បានផ្តល់ការអត្ថាធិប្បាយដាច់ដោយឡែកអំពីបញ្ហានៅប្រទេសមីយ៉ាន់ម៉ាថាកូនប្រុសច្បងរបស់លោកគឺលោកហ៊ុន ម៉ាណែត ដែលទទួលបានការសិក្សាជំនាញយោធានៅសហរដ្ឋអាមេរិក បានជួបនាយករដ្ឋមន្ត្រីជប៉ុនបីរូបរួចមកហើយ។លោកបន្ថែមថាក្រៅពីការដោះស្រាយបញ្ហាតាមផ្លូវការទូតនៅក្នុងតំបន់អាស៊ានកម្ពុជាត្រៀមទទួលស្វាគមន៍ការធ្វើសមយុទ្ធយោធាជាមួយជប៉ុនផងដែរ។
បើតាមលោកហ៊ុន សែន សមយុទ្ធកងទ័ពបែបសង្គ្រោះបន្ទាន់ក្នុងពេលមានគ្រោះមហន្តរាយ និងការប្រឆាំងអំពើភេរវកម្មគួរតែជាកិច្ចការអាទិភាព ក្នុងទំនាក់ទំនងយោធាកម្ពុជា និងជប៉ុន។ លោក ហ៊ុន សែនលើកឡើងនៅចំពោះមុខប្រមុខការទូតជប៉ុន និងក្រុមមន្ត្រីកម្ពុជាយ៉ាងដូច្នេះ៖
«ហើយខ្ញុំយល់ស្របទៅលើអ្វីដែលប្រទេសទាំងពីរ ត្រៀមរៀបចំនូវកិច្ចសហប្រតិបត្តិការនៅពេលខាងមុខ នៅក្នុងវិស័យយោធា រាប់ទាំងការធ្វើសមយុទ្ធរួម។ ប្រសិនបើមានការចាំបាច់ធ្វើសមយុទ្ធលើទឹកដីកម្ពុជា អត់មានបញ្ហា។ ហើយអ្វីដែលខ្ញុំចង់បានសមយុទ្ធណាក៏ដោយ គួរតែផ្តោត ទីមួយគឺគេហៅថា ទប់ស្កាត់ ឬក៏ជួយសង្គ្រោះគ្រោះមហន្តរាយ ទីពីរប្រឆាំងភេរវកម្ម។អាហ្នឹងជាសមយុទ្ធដែលខ្ញុំចង់បាន។ អាសមយុទ្ធវាយគ្នា អាហ្នឹងខ្ញុំអត់ចង់បានទេ»។
ស្ថានទូតជប៉ុនប្រចាំទីក្រុងភ្នំពេញ មិនទាន់ឆ្លើយតបសំណួររបស់សំឡេងសហរដ្ឋអាមរិកដែលផ្ញើតាមសារអេឡិចត្រូនិកអ៊ីមែលនៅថ្ងៃព្រហស្បតិ៍នេះទេ។ ចំណែកលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ក៏មិនមានការឆ្លើយតបសំណួរដែលវីអូអេ បានផ្ញើតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាម។
ដោយឡែកលោក ហ៊ុន ម៉ាណែត បានបង្ហោះរូបថតមួយចំនួនរបស់លោកលើប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុក នៅពេលលោកជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida និងរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនលោក Nobuo Kishi ក្រៅពីជំនួបរបស់លោកជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុនលោក Yoshimasa Hayashi។ លោក ហ៊ុន ម៉ាណែត ក៏បានជួបពិភាក្សាជាមួយមន្ត្រីយោធាជាន់ខ្ពស់ជប៉ុនមួយចំនួនផងដែរ។
ប្រទេសកម្ពុជាត្រូវបានក្រុមអ្នកស្រាវជ្រាវសន្តិសុខសហរដ្ឋអាមេរិក អង្កេតអំពីដំណើរការអភិវឌ្ឍនានានៅមូលដ្ឋានកងទ័ពជើងទឹករាម ដែលរដ្ឋាភិបាលរដ្ឋធានីវ៉ាស៊ីនតោន បន្តបង្ហាញក្តីបារម្ភថា វាក្លាយជាការតាំងទីរបស់កងទ័ពចិន។ ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែតក៏បានធ្វើឡើងក្រោយការចេញរបាយការណ៍របស់មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រនិងកិច្ចការអន្តរជាតិ [Center for Strategic and International Studies (CSIS)] ដែលបានឲ្យដឹងពីសកម្មភាពនាវាជីកកកាយធំៗចំនួន២ដែលអាចធ្វើឲ្យទឹកមានជម្រៅជ្រៅនៅក្នុងតំបន់ភូមិសាស្ត្ររាម។
មជ្ឈមណ្ឌលខាងលើបានវាយតម្លៃដោយយោងតាមរូបភាពប្រមូលបានពីប្រព័ន្ធផ្កាយរណបថា ការធ្វើឱ្យទីតាំងកំពង់ផែកាន់តែមានជម្រៅទឹកជ្រៅនោះ អាចមានសារៈសំខាន់សម្រាប់ការចូលសំចតរបស់នាវាយោធាធំៗ ហើយដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងរវាងប្រទេសចិន និងកម្ពុជា ដែលមន្ត្រីអាមេរិករាយការណ៍ថាបានឃើញកាលពីឆ្នាំ២០១៩។ ក៏ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិកម្ពុជាលោក ទៀ បាញ់ ផ្តល់ការពន្យល់ថា ការធ្វើទំនើបកម្មនៅតំបន់មូលដ្ឋានសមុទ្ររាមគឺជាការរួមចំណែកដល់ការបណ្តុះបណ្តាល ហ្វឹកហ្វឺន និងការងារជំនាញផ្សេងៗទៀត ក្នុងការការពារបូរណភាពទឹកដីកម្ពុជា៕