នៅថ្ងៃសៅរ៍នេះ កិច្ចចរចាជាមួយក្រុមជនសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម នៅក្នុងការប៉ុនប៉ងមួយដើម្បីជួយសង្គ្រោះជីវិតអ្នកកាសែតជប៉ុនម្នាក់និងអ្នកបើកយន្តហោះយោធាជនជាតិហ្ស៊កដានីម្នាក់បានជាប់គាំង ក្នុងពេលពីរថ្ងៃហួសពេលកំណត់ចុងក្រោយបង្អស់ដោយក្រុមជនសកម្មប្រយុទ្ធដែលបានទាមទារឲ្យមានការដោះលែងអ្នកទោសជនជាតិអ៊ីរ៉ាក់ម្នាក់។
កាលពីយប់ថ្ងៃសុក្រ លោករដ្ឋមន្ត្រីការបរទេសជប៉ុន Yasuhide Nakayama បានមានប្រសាសន៍នៅក្នុងក្រុង Amman ថាដំណើរទៅមុខនៅក្នុងការដោះលែងអ្នកបើកយន្តហោះលោក Mu'ath al-Kasaesbeh និងអ្នកកាសែតលោក Kenji Goto «បានជាប់គាំងហើយ»។
ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម បានគំរាមកំហែងសម្លាប់លោក Kasaesbeh ប្រសិនបើអាជ្ញាធរហ្ស៊កដានី មិនដោះលែងអ្នកទោសជនជាតិអ៊ីរ៉ាក់ម្នាក់គឺអ្នកស្រី Sajida al-Rishawi មិនហួសពីពេលថ្ងៃលិចកាលពីថ្ងៃព្រហស្បតិ៍។អ្នកស្រី Rishawi ឋិតនៅក្នុងចំណោមជនត្រូវប្រហារជីវិតនៅក្នុងប្រទេសហ្ស៊កដានី ដោយសារការពាក់ព័ន្ធនៅក្នុងការបំផ្ទុះគ្រាប់បែកដ៏ប្រល័យកាលពីឆ្នាំ២០០៥ក្នុងក្រុងAmman។
ប្រទេសហ្ស៊កដានី បាននិយាយថាខ្លួននឹងដោះលែងអ្នកស្រី Rishawi ដរាបណាមានភស្តុតាងថាអ្នកបើកយន្តហោះខ្លួន ដែលយន្តហោះប្រតិកម្មរបស់លោកបានធ្លាក់នៅក្នុងប្រទេសស៊ីរីកាលពីខែមុននៅរស់នៅឡើយ។ប្រទេស ហ្ស៊កដានីបាននិយាយថាខ្លួនមិនបានទទួលភស្តុតាងពីក្រុមអ្នកចាប់ចំណាប់ខ្មាំងទេ៕