ជប៉ុន​បាន​ផ្តល់ប្រាក់កម្ចី​បើក​ប្រាក់ខែ​បុគ្គលិក​សាលាក្តី​ខ្មែរក្រហម

ព្រះសង្ឃ ពលរដ្ឋខ្មែរ​ចូលរួម​​ស្តាប់សវនាការ​របស់​សាលាក្តី​​កាត់ទោស​មេ​ដឹកនាំ​ខ្មែរក្រហម។ ថ្ងៃ២៧​មិថុនា​​២០១១។

ប្រទេស​ជប៉ុនបាន​សម្រេច​ នៅ​ថ្ងៃ​អង្គារ​នេះ​ ឲ្យ​ភាគី​កម្ពុជា​នៅ​ក្នុង​សាលាក្តី​ខ្មែរក្រហម​ប្រើ​ប្រាស់​ថវិកា​ជំនួយ​របស់​ខ្លួន​មួយភាគដែល​ខ្លួន​បាន​ផ្តល់​ទៅ​ភាគី​អង្គការ​សហ​ប្រជាជាតិ​នៅ​ក្នុង​សាលាក្តី​នេះ ​ដើម្បី​ដោះស្រាយ​វិបត្តិ​កូដកម្ម​របស់​បុគ្គលិក​កម្ពុជា។​

សេចក្តី​សម្រេច​ចិត្ត​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​លោក​ឯក​អគ្គ​រាជទូត​ជប៉ុន​គឺ​លោក​គូម៉ាម៉ារុ យូជិ ​(Kumamaru Yuji)​ ជាមួយ​លោក​សុខ អាន​ ឧបនាយក​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទី​ស្តីការ​គណៈ​រដ្ឋមន្ត្រី​ក្នុង​ទីក្រុង​ភ្នំពេញ​កាលពី​ព្រឹក​មិញ​នេះ​ ក្រោយពី​បុគ្គលិក​ជាតិ​ប្រមាណ​២០០​នាក់​ធ្វើ​កូដកម្ម​ចាប់​តាំងពី​ថ្ងៃ​ច័ន្ទ​ម្សិល​មិញ​មក​ម្ល៉េះ​ ​មូលហេតុ​ដោយសារ​តែ​ពួក​គេ​មិន​បាន​បើក​ប្រាក់ខែ​បី​ខែមក​ហើយ​ ពី​ព្រោះ​ខាងភាគី​កម្ពុជា​ក្នុង​សាលាក្តី​ខ្មែរក្រហម​មិន​មាន​ថវិកា​សម្រាប់បើក​ប្រាក់ខែ​ដល់​បុគ្គលិក​របស់​ខ្លួន​ទេ។​

លោក​ឯក ថា ​អ្នក​នាំពាក្យ​អង្គភាព​ព័ត៌មាន ​និង​ប្រតិកម្ម​រហ័ស​នៃទី​ស្តីការ​គណៈ​រដ្ឋមន្ត្រី​ ឲ្យ​ដឹង​ថា ​ប្រទេស​ជប៉ុន​បាន​សម្រេច​ដូច្នេះដើម្បី​បង្ការ​ភាព​ជាប់​គាំង​ក្នុង​ដំណើរ​ការ​កាត់ទោស​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម។

លោក​និយាយថា៖​ «ជប៉ុន​ប្រហែល​ជាអាច​ឲ្យ​ភាគី​កម្ពុជា​ខ្ចីថវិកា​មួយ​ចំនួន​ដែល​ជប៉ុន​ផ្តល់​វិភាគទាន​ដល់​ភាគី​អង្គការ​សហ​ប្រជាជាតិ​ដែល​មាន​ប្រមាណ​ជា​បី​លាន​ដុល្លារ។ ​ការ​ធ្វើ​ដូច្នេះ​គឺដើម្បី​ឲ្យ​ប្រាកដ​ថា ​ដំណើរការ​ដែល​កំពុង​ប្រព្រឹត្ត​ទៅ​របស់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​នេះ​មិនមាន​ភាព​រអាក់រអួល»។​

កាលពី​ដើមឆ្នាំ​២០១៣​នេះ​ បុគ្គលិក​ខាង​ភាគី​កម្ពុជា​ រួមមាន​ផ្នែក​បកប្រែ​ភាសា ​ផ្នែក​រដ្ឋបាល ​និងផ្នែក​តុលាការ បាន​ធ្វើ​កូដកម្ម​រួចម្តង​ហើយ​ដោយសារ​តែ​ពួក​គេ​មិន​បាន​ទទួល​ប្រាក់ខែ។ ​សហគមន៍អន្តរជាតិ​បាន​ធ្វើ​អន្តរាគមន៍ផ្តល់​ប្រាក់​កម្ចី​ដូចគ្នា​នេះ​ដែរ។

រហូតមក​ដល់​ថ្ងៃនេះ​ ក្រុម​កូដករ​នៅ​មិន​ទាន់​សម្រេច​ចិត្ត​ចូល​ធ្វើការ​វិញ​នៅ​ឡើយ​ទេ។ ​នេះ​បើតាម​លោក​នេត្រ ភក្រ្តា​ អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម​ខាងភាគី​កម្ពុជា។​

កាលពី​ម្សិលមិញ​ អ្នក​នាំពាក្យ​ដដែល​បញ្ជាក់​ថា ​ក្រុម​បុគ្គលិក​កម្ពុជា​បាន​ដាក់​លក្ខខណ្ឌ​ថា ​ពួកគេ​អាច​នឹង​ចូល​បម្រើ​ការងារ​វិញ​ល្គឹក​ណា​ពួក​គេ​ទទួល​បាន​ប្រាក់ខែ​របស់​ពួក​គេ។​

យោង​តាម​គេហទំព័រ​របស់​សាលាក្តី​ខ្មែរក្រហម​ផ្សាយ​នៅ​ថ្ងៃនេះ​ឲ្យ​ដឹង​ថា​ ភាគី​កម្ពុជា​ខ្វះ​ថវិកា​សម្រាប់​ប្រតិបត្តិការ​នៅ​ឆ្នាំ​២០១៣​នេះ​ប្រហែលជា​២,៩​លាន​ដុល្លារ​អាមេរិក។​ ហើយ​បុគ្គលិក​ខ្មែរ​ រាប់ទាំង​ក្រុម​ចៅក្រម​និង​ក្រុម​មន្ត្រី​សាលាក្តី​ មិន​បាន​ទទួល​ប្រាក់​ខែ​ចាប់​តាំងពី​ខែ​មិថុនា ​កក្កដា​និង​ខែ​សីហា​មក​ម្ល៉េះ។​

លោក​ឡាស អលសិន​ អ្នក​នាំពាក្យ​ខាងភាគី​អង្គការ​សហ​ប្រជាជាតិ​ក្នុង​សាលាក្តី​ខ្មែរក្រហម​មាន​ប្រសាសន៍​ថា​ អង្គការ​សហ​ប្រជាជាតិ​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះស្រាយ​វិភាគទាន​សម្រាប់​ថវិកា​ខាង​ភាគី​ខ្លួន ​ខណៈ​ពេល​ដែល​បុគ្គលិក​អន្តរជាតិ​កំពុង​បំពេញ​ការងារ​ ដូចធម្មតា​ក្នុង​ពេល​នេះ។​

មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​ដដែល​និយាយ​ថា​ ប្រសិន​បើ​កូដកម្ម​អូសបន្លាយ ​វានឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​ក្តី។

គាត់​និយាយថា៖​ «សាលាក្តី​ខ្មែរក្រហម​កំពុង​វាយ​តម្លៃ​អំពី​ផល​ប៉ះពាល់​ភ្លាមៗ។ ​ប៉ុន្តែ​ពិត​ហើយ​ បើការ​ធ្វើ​កូដកម្ម​បន្ត​ទៅ​មុខ​រយៈ​ពេលយូរ​ នោះ​វា​នឹង​ប៉ះពាល់​ដល់​ការ​រីក​ចម្រើន​នៃ​ដំណើរ​ការ​ក្តី»។​

សាលាក្តី​ខ្មែរក្រហម​នឹង​បន្ត​ដំណើរ​ការ​កាត់ទោស​សំណុំ​រឿង​០០២​វគ្គទី​១​នៅ​ពាក់​កណ្តាល​ខែ​តុលា​ខាង​មុខ។ ​សំណុំ​រឿង​នេះនៅ​សល់​ជន​ជាប់ចោទ​ចាស់​ជរា​តែ​ពីរ​នាក់​គត់​គឺ​នួន ជា ​អតីត​បងធំ​ទី​២នៃ​របប​ខ្មែរក្រហម​និង​ខៀវ សំផន ​អតីត​ប្រមុខ​រដ្ឋ។​

លោក​ឡាត់ គី ​អ្នក​សម្រប​សម្រួល​កម្ម​វិធី​សាលាក្តី​ខ្មែរ​ក្រហម​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ ព្រួយ​បារម្ភ​ពី​ផល​ប៉ះពាល់​នៅពេល​ដែល​កូដករ​មិន​អាច​ចូល​បំពេញ​ការងារ​ទាន់​ពេល​នោះ។​

លោក​និយាយថា៖​ «វា​ពិត​ជា​មាន​ការ​លំបាក​ក្នុង​ការ​វិនិច្ឆ័យ​សេចក្តី​បើសិន​ណា​ជា​អត់​មាន​អ្នក​បកប្រែ​ និង​អ្នក​សរសេរ​ប្រតិចរិក​ តើ​ធ្វើ​យ៉ាង​ម៉េច​អាច​ដំណើរ​ការ​ទៅ​បាន?»​

កាលពី​សប្តាហ៍​មុន​ លោក​អគ្គលេខាធិការ​អ.ស.ប.​បាន់​ គីមូន ​បាន​ធ្វើ​សេចក្តី​អំពាវនាវ​ឲ្យ​សហគមន៍អន្តរជាតិ​បន្ត​ផ្តល់​ជំនួយ​ដល់​សាលាក្តី​ខ្មែរក្រហម​បន្ថែម​ទៀត​ដើម្បី​ចៀសវាង​វិបត្តិ​ថវិកា។​

ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ ​នៅ​មិនទាន់​មាន​ការ​សន្យា​ជំនួយ​ថ្មីៗ​នៅ​ឡើយ។ ​នេះ​បើ​យោង​តាម​ក្រុម​មន្ត្រី​អ្នក​នាំ​ពាក្យ​សាលាក្តី​ខ្មែរក្រហម៕