រដ្ឋមន្ត្រីការបរទេសជប៉ុនអ្នកស្រី ខាមីខាវ៉ា យ៉ូកុ (Kamikawa Yoko) នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានាសប្តាហ៍នេះដើម្បីរឹតចំណងការទូតរវាងប្រទេសទាំងពីរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជាចេញផ្សាយជាសាធារណៈកាលពីថ្ងៃចន្ទ។
ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុនរូបនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ទី៦ ខែកក្កដា ដោយអ្នកស្រីនឹងមានជំនួបជាមួយមន្ត្រីជាន់ខ្ពស់របស់កម្ពុជាដូចជា លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រីលោកហ៊ុន ម៉ាណែត និងឧបនាយករដ្ឋមន្ត្រីលោក សុខ ចិន្តាសោភា។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា«ទស្សនកិច្ចរបស់លោកជំទាវ ខាមីខាវ៉ា យ៉ូកុ នឹងរក្សាសន្ទុះនៃការផ្លាស់ប្តូរកម្រិតខ្ពស់ជាញឹកញាប់ នឹងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងជប៉ុន»។
ប្រទេសជប៉ុនបានសកម្មក្នុងការពង្រីកជំនួយសម្រាប់ការស្តារប្រទេសកម្ពុជាឡើងវិញនៅក្រោយការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ បើតាមអគ្គនាយកដ្ឋាននិងរដ្ឋាករកម្ពុជា ពាណិជ្ជកម្មទ្វេភាគីជប៉ុន-កម្ពុជាឈានដល់ ១.៨០ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ ។
មេដឹកនាំកម្ពុជា និងជប៉ុនបានព្រមព្រៀងគ្នាដំឡើងភាពជាដៃគូទៅជា«ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» នៅឆ្នាំ ២០២៣ នៅពេលប្រារព្ធខួបលើកទី ៧០ ឆ្នាំនៃចំណងការទូតរវាងប្រទេសទាំងពីរ។
កាលពីកន្លងទៅមេដឹកនាំនៃប្រទេសទាំងពីរវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកម្ពុជា-ជប៉ុន ដែលជាសក្ខីភាពបង្ហាញពីភាពរឹងមាំផ្អែកលើសាមគ្គីភាពក្នុងភាពចម្រុះ និងបានបញ្ជាក់ពីភាពចាំបាច់ក្នុងការរួមគ្នាបង្ហាញនូវកម្លាំងនៃសន្តិភាព ដើម្បីធានាថា តំបន់អាស៊ីប៉ាស៊ីហ្វិកនឹងមិនក្លាយជាវេទិកាថ្មីមួយទៀតនៃជម្លោះប្រដាប់អាវុធ។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណារ៉ា ប្រាប់វីអូអេថាដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុនរូបនេះ គឺមានសារៈសំខាន់នៅក្នុងការធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែល្អ ជាពិសេសនៅក្នុងរដ្ឋាភិបាលអាណត្តទី៧នេះ។
បើតាមសាស្ត្រាចារ្យរូបនេះ ជប៉ុនតែងតែជួយកម្ពុជា ខណៈលោកកត់សម្គាល់ថាជប៉ុននិងចិនគឺជាដៃគូប្រកួតប្រជែងគ្នាមួយនៅក្នុងតំបន់ដែរ ហេតុនេះជប៉ុនចង់ឱ្យកម្ពុជារក្សាអព្យាក្រឹតភាពក្នុងទំនាក់ទំនងការបរទេសរបស់ខ្លួន។
លោកបញ្ជាក់ថា៖«ដូច្នេះកិច្ចការរដ្ឋមន្ត្រីការបរទេសជប៉ុនមកកម្ពុជា មានសារៈសំខាន់នៅក្នុងជំហរអព្យាក្រឹតរបស់កម្ពុជា។ បើសិនជាកម្ពុជាឈរល្អៀងទៅចិន វាជាកិច្ចការមួយដែលជប៉ុនមានក្តីបារម្ភច្រើន ប៉ុន្តែកម្ពុជាឈរអព្យាក្រឹតដូចក្នុងលក្ខណៈគោលនយោបាយដូចក្នុងរដ្ឋធម្មនុញ្ញកម្ពុជាពិតប្រាកដ ជប៉ុនមិនមានសេចក្តីបារម្ភទេ។អ៊ីចឹងដំណើរទស្សនកិច្ចនេះក៏ជាយន្តការមួយ ក៏ជាការបញ្ជាក់ដែរនៅក្នុងគោលនយោបាយបរទេសរបស់កម្ពុជា វាទាមទារឱ្យមានអព្យាក្រឹតភាពពិតប្រាកដ»។
លោក ឯម សុវណ្ណារ៉ា យល់ឃើញថានៅគ្រាលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជា កំពុងតែអាប់អួ ជប៉ុនមិនគួរព្រងើយឡើយ ប៉ុន្តែត្រូវជំរុញឱ្យរដ្ឋាភិបាលកម្ពុជាដើរនៅឱ្យលើមាគ៌ាប្រជាធិបតេយ្យវិញ។
អ្នកស្រាវជ្រាវរបស់មជ្ឈមណ្ឌលសិក្សាអាស៊ីអាគ្នេយ៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក លឹម ឆាយ បានលើកឡើងថាការចូលរួមផ្នែកសេដ្ឋកិច្ចដ៏ច្រើនរបស់ជប៉ុនជាមួយកម្ពុជាបានរួមចំណែកយ៉ាងសំខាន់ដល់ការរីកចម្រើនរបស់កម្ពុជាក្នុងវិស័យពាណិជ្ជកម្ម ការអភិវឌ្ឍ និងការវិនិយោគផ្ទាល់ពីបរទេស។ លោកបន្តថាទោះបីជាប្រទេសចិនបានវ៉ាដាច់ប្រទេសជប៉ុនជាប្រភពចម្បងនៃជំនួយអភិវឌ្ឍន៍ផ្លូវការរបស់កម្ពុជាក្នុងឆ្នាំ២០០៧ ក៏ដោយ ក៏ប្រទេសជប៉ុននៅតែជាតួអង្គសំខាន់។
«កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនេះបញ្ជាក់ពីសារៈសំខាន់ជាយុទ្ធសាស្រ្តរបស់ប្រទេសជប៉ុននិងស្របតាមគោលបំណងរបស់កម្ពុជាក្នុងការធ្វើពិពិធកម្មការចូលរួមអន្តរជាតិលើសពីការពឹងផ្អែកលើប្រទេសចិន។ ការរក្សាចំណងមិត្តភាពជាមួយជប៉ុនរារាំងការផ្តាច់មុខរបស់ចិនក្នុងទំនាក់ទំនងសេដ្ឋកិច្ចរបស់កម្ពុជា ដោយការពារគោលនយោបាយការបរទេសឯករាជ្យរបស់ខ្លួន»នេះបើតាមលោក លឹម ឆាយ។
លោកលឹម ឆាយ អះអាងថាកិច្ចសហប្រតិបត្តិការកាន់តែកើនឡើងរវាងកម្ពុជានិងជប៉ុននាពេលនេះ នឹងបើកផ្លូវសម្រាប់ការបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច បច្ចេកវិទ្យាឌីជីថល និងសន្តិសុខ ដែលនឹងផ្តល់ឱ្យកម្ពុជានូវឥទ្ធិពលនៅក្នុងសក្ដានុពលនៃការប្រកួតប្រជែងជាយុទ្ធសាស្ត្ររវាងសហរដ្ឋអាមេរិក និងចិនក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក៕