កាលពីថ្ងៃចន្ទ ភ្លៀងធ្លាក់ខ្លាំងៗនៅកោះ Kyushu ដែលស្ថិតនៅភាគនិរតីនៃប្រទេសជប៉ុន បានធ្វើឱ្យទឹកទន្លេមួយទៀតពេញហូរហៀរ ហើយបង្កជាជំនន់និងគ្រោះបាក់ដីក្នុងរយៈពេលបីថ្ងៃជាប់គ្នា ដែលបណ្ដាលឱ្យមនុស្សស្លាប់អស់យ៉ាងហោចណាស់ចំនួន ៤៤ នាក់ ដែលរួមមានទាំងមនុស្សចំនួន ១៤ នាក់នៅមណ្ឌលចាស់ជរាផងដែរ។
បទបញ្ជាឱ្យជម្លៀសមនុស្សចេញត្រូវបានធ្វើឡើងសម្រាប់ពលរដ្ឋជាងកន្លះលាននាក់ដែលរស់នៅលើកោះនោះ ហើយពលរដ្ឋរាប់ម៉ឺននាក់ទៀតនៅភាគខាងលិចប្រទេសជប៉ុនក៏ត្រៀមខ្លួនដើម្បីជម្លៀសខ្លួនចេញដែរ។ នេះបើយោងតាមបណ្ដាញព័ត៌មាន NHK របស់ជប៉ុន។
លោកនាយករដ្ឋមន្ត្រី Shinzo Abe បានមានប្រសាសន៍ថា ការព្យាករណ៍ឧតុនិយមបង្ហាញថា ភ្លៀងនឹងបន្ដធ្លាក់នៅភាគខាងកើតត្រឹមថ្ងៃពុធនេះ ហើយលោកបានបញ្ជាឱ្យត្រៀមប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះ ២៤ ម៉ោង។ មនុស្សចំនួន ១០ នាក់កំពុងបាត់ខ្លួន។ នេះបើយោងតាមបណ្ដាញព័ត៌មាន NHK។
រូបភាពពីទូរទស្សន៍បានបង្ហាញពីទឹកជំនន់ជោរជន់នៅតាមដងផ្លូវនានាដែលឡើងដល់ត្រឹមចង្កេះ ស្ពានបាក់បែក រថយន្ដក្រឡាប់ និងឧទ្ធម្ភាគចក្រមួយគ្រឿងដែលព្យាយាមជួយសង្គ្រោះបុរសម្នាក់។
មណ្ឌលចាស់ជរានៅលើកោះនោះបានលិចលង់ ប៉ុន្តែបណ្ដាញព័ត៌មាន NHK មិនបានផ្ដល់ព័ត៌មានលម្អិតនោះទេ។
លោក Abe បានថ្លែងថា៖ «ខ្ញុំសូមអំពាវនាវឱ្យពលរដ្ឋទាំងអស់តាមដានព័ត៌មានដែលផ្ដល់ដោយអាជ្ញាធរមូលដ្ឋានដោយប្រុងប្រយ័ត្ន និងត្រៀមខ្លួនជានិច្ចដើម្បីចាត់វិធានការនានាដើម្បីការពារជីវិតរបស់ខ្លួន»៕