នាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe បានសម្តែងនូវការព្រួយកង្វល់យ៉ាងខ្លាំងអំពីការចោទប្រកាន់ថា ស.រ.អាបានធ្វើចារកម្មលើមន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់ និងក្រុមមន្រ្តីពាណិជ្ជកម្ម។
លោកនាយករដ្ឋមន្រ្តី Abe ក៏បានអំពាវនាវឲ្យមានការស៊ើបអង្កេតបញ្ហានេះក្នុងអំឡុងពេលនៃការហៅទូរស័ព្ទជាមួយលោកអនុប្រធានាធិបតីស.រ.អា Joe Biden នេះតាមការបញ្ជាក់របស់លោក Yoshihide Suga អ្នកនាំពាក្យកំពូលរបស់រដ្ឋាភិបាលជប៉ុន។
លោក Yishihide Sugaបានដកស្រង់សម្តីរបស់លោកនាយករដ្ឋមន្រ្តី Abe ដែលបានប្រាប់លោកអនុប្រធានាធិបតី Biden ថា «ប្រសិនបើវាជាការពិតដែលបុគ្គលជប៉ុនទាំងអស់នោះជាទិសដៅនៃការធ្វើចារកម្មនោះ ការណ៍នេះអាចធ្វើឲ្យមានការរង្គោះរង្គើដល់ទំនាក់ទំនងនៃការទុកចិត្តក្នុងសម្ព័ន្ធភាពរបស់យើង ហើយខ្ញុំសូមសម្តែងនូវការព្រួយកង្វល់យ៉ាងខ្លាំង»។
លោក Suga បាននិយាយបន្តទៀតថា លោកអនុប្រធានាធិបតីស.រ.អា Joe Biden បានសុំអភ័យទោសអំពីបញ្ហានេះ ដោយនិយាយថា បញ្ហានេះបានធ្វើឲ្យមានការជជែកដេញដោលក្នុងប្រទេសជប៉ុន។ លោកមិនបាននិយាយថា តើលោក Biden បានបញ្ជាក់ពីចារកម្មនេះពិតដែរ ឬទេ។
បណ្តាញព័ត៌មាន WikiLeaks បានចេញផ្សាយឯកសារកាលពីសប្តាហ៍មុន ដែលខ្លួន បានបង្ហាញថា ស.រ.អាបានធ្វើចារកម្មលើក្រុមហ៊ុន ក្រសួងរដ្ឋាភិបាល និងបុគ្គលចំនួន៣៥នាក់នៅក្នុងប្រទេសជប៉ុន។
WikiLeaks បានប្រាប់ឲ្យដឹងទៀតថា ការលួចស្តាប់ទូរស័ព្ទបានជាប់ទាក់ទិននឹងប្រធានបទនានាដូចជា ទំនាក់ទំនងរវាងស.រ.អា និងជប៉ុន ការចរចាពាណិជ្ជកម្ម និងយុទ្ធសាស្រ្តនៃការផ្លាស់ប្តូរអាកាសធាតុ។ បណ្តាញ WikiLeaksនោះបានប្រាប់ឲ្យដឹងទៀតថា ការស៊ើបការណ៍សម្ងាត់នោះបានចាប់ផ្តើមនៅឆ្នាំ២០០៦ ដែលជាអាណត្តិទីមួយរបស់នាយករដ្ឋមន្រ្តី Abe៕