ការរញ្ជួយដីលើកទី២នៅប្រទេសជប៉ុន

ការរញ្ជួយដី​លើក​ទី​២​នៅ​ជប៉ុន​បាន​សម្លាប់​មនុស្ស​អស់​ចំនួន​១៩​នាក់ហើយ​ការរញ្ជួយដី​តូចៗ​នៅ​តែ​បន្ត​កើតឡើង។

លោក​នាយក​រដ្ឋមន្រ្តី​ជប៉ុន Shinzo Abe ​បាន​បញ្ជា​ឲ្យ​កងកម្លាំង​យោធា​និង​មន្រ្តី​ស្តារ​គ្រោះ​មហន្តរាយ​បន្ថែម​ទៀត​ទៅ​កាន់​កន្លែង​ដែល​គ្រោះ​រញ្ជួយដី​ធំៗ​ចំនួន​២​បាន​កើតឡើង​រយៈពេល​២​ថ្ងៃនៅ​ប៉ែក​ខាងត្បូង​នៃ​ប្រទេស។

មាន​សេចក្តីរាយការណ៍​ថា មនុស្ស​យ៉ាងហោច​ណាស់​ចំនួន​១៩នាក់​បាន​ស្លាប់​នៅ​ក្នុង​ការរញ្ជួយដី​លើក​ទី​២កាល​ពី​ព្រឹកថ្ងៃ​សៅរ៍​នេះ​នៅ​ក្បែរ​ទីក្រុង Kumamoto។ ទីភ្នាក់ងារ​ឧត្តុនិយម​របស់​ជប៉ុនបាន​ឲ្យ​ដឹង​ថា ការរញ្ជួយដីលើកទី​២​នោះ​មាន​កម្រិត​៧,០ បន្ទាប់​មក​មាន​ការរញ្ជួយដី​តូចមួយ​ទៀត​ដែល​មាន​កម្រិត​៥,៤។


ក្រុមមន្រ្តី​និយាយ​ថា តួលេខ​ជនរងគ្រោះ​ដែល​បាន​ស្លាប់​នៅ​ក្នុង​គ្រោះ​មហន្តរាយ​នេះ​អាច​នឹង​កើនឡើង ខណៈដែល​កិច្ចខិតខំប្រឹងប្រែង​ជួយសង្គ្រោះ​កំពុង​បន្ត។


គ្រោះមហន្តរាយ​នេះ​បាន​បណ្តាល​ឲ្យ​មាន​ការបាក់ដី​នៅ​កោះ Kyushu ដែល​បាន​ធ្វើ​ឲ្យ​លំនៅដ្ឋាន​មួយ​ចំនួន​បាក់ស្រុត​ចុះ ​ហើយ​ក៏​បាន​កាត់ផ្តាច់​មហាវិថី​មួយ​ផង​ដែរ។ ស្ពាន​សំខាន់​មួយ​ដែល​តភ្ជាប់​ទៅ​ភូមិ Minamiaso ត្រូវ​បាន​បំផ្លាញ ដែល​អាច​ធ្វើ​ឲ្យ​មានការ​លំបាក​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការផ្តល់​ជំនួយ​ដល់​តំបន់​ដែល​បាន​រងផលប៉ះពាល់​ខ្លាំងបំផុត​ពី​ការ​រញ្ជួយដី។


ទីសក្ការៈបូជា Aso ​ដែល​មាន​អាយុ​ជាង​១៧០០​ឆ្នាំ ត្រូវ​បាន​រងការ​បំផ្លិចបំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ។ អាគារ​មួយ​ចំនួន​ព្រម​ទាំង​ក្លោងទ្វារ​មួយ​ដែល​គេ​ហៅ​ថា «ក្លោងទ្វារ​ផ្កា​សាគូរ៉ា»​ បាន​ដួលរលំ​ទាំង​ស្រុង។


ភ្នំភ្លើង​មួយ​នៅ​ក្នុង​តំបន់​នេះ​ក៏​បាន​ផ្ទុះឡើង​ជាលើក​ដំបូង​បង្អស់​ក្នុង​រយៈពេល​មួយ​ខែ​នេះ។ គេ​នៅ​មិនទាន់​ច្បាស់​នៅ​ឡើយ​ទេ ថា​ការផ្ទុះ​ភ្នំភ្លើង​នេះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការរញ្ជួយដី​នេះ​ឬ​យ៉ាងណា។

មាន​មនុស្ស​ចំនួន​យ៉ាង​ហោច​ណាស់​១០​នាក់​បាន​ស្លាប់​នៅ​ក្នុង​ការរញ្ជួយដី​លើក​ទី​១​នៅ​ក្នុង​តំបន់​ដដែល​នេះ​ដែល​បាន​កើតឡើង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍៕