កាលពីថ្ងៃពុធ ប្រទេសជប៉ុនបានបរិច្ចាគប្រអប់ឆ្នោតជាង១ម៉ឺនសំរាប់ការបោះឆ្នោតឆ្នាំ ២០១៨ នៅកម្ពុជា។ នេះជាជំនួយអន្តរជាតិដំបូងបង្អស់សម្រាប់ការបោះឆ្នោត បន្ទាប់ពីសហភាពអ៊ឺរ៉ុបនិងសហរដ្ឋអាមេរិចបានដកការគាំទ្ររបស់ខ្លួន បន្ទាប់ពីការរំលាយគណបក្សប្រឆាំង។ ក្រុមអង្គការសិទ្ធិមនុស្ស និងសមាជិកនៃគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ បានអំពាវនាវឲ្យប្រទេសដែលជាអ្នកគាំទ្រ រួមទាំងប្រទេសជប៉ុនផង ឱ្យបញ្ឈប់ការផ្តល់មូលនិធិដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បន្ទាប់ពីការសម្រេចរបស់តុលាការកំពូលដើម្បីរំលាយគណបក្សសង្គ្រោះជាតិតាមសំណើរបស់រដ្ឋាភិបាល។
ប៉ុន្តែកាលពីខែមុន ប្រទេសជប៉ុន ដែលជាប្រទេសមួយនៃប្រទេសផ្តល់មូលនិធិធំបំផុតដល់ការបោះឆ្នោតនៅកម្ពុជា បាននិយាយថា ខ្លួននឹងបន្តផ្តល់ជំនួយផ្នែកបោះឆ្នោតដល់ការបោះឆ្នោតជ្រើសរើសព្រឹទ្ធសភានៅខែនេះនិងការបោះឆ្នោតទូទៅនៅក្នុងខែកក្កដា។ នៅក្នុងពិធីមួយកាលពីថ្ងៃពុធ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជាគឺលោក Hidehisa Horinouchi បានថ្លែងថា គ.ជ.ប.កំពុងត្រូវការប្រអប់បោះឆ្នោតថ្មីជំនួសប្រអប់ឆ្នោតផ្តល់ឱ្យដោយរដ្ឋាភិបាលក្រុងតូក្យូ កាលពី ២០ ឆ្នាំមុន។ លោក Hidehisa Horinouchi បាននិយាយថា «ប្រអប់ឆ្នោតទាំងនេះគឺជានិមិត្តរូបនៃជំនួយជប៉ុនសម្រាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ខ្ញុំសង្ឃឹមថា ប្រអប់ឆ្នោតទាំងនេះនឹងផ្តល់អត្ថប្រយោជន៍យូរអង្វែងសម្រាប់ការបោះឆ្នោតនាពេលអនាគតដោយរលូន។ ខ្ញុំសង្ឃឹមថា កម្ពុជាសម្រេចបាននូវការបោះឆ្នោតដែលឆ្លុះបញ្ចាំងពីឆន្ទៈពិតរបស់ប្រជាជន»។
ប្រអប់សំបុត្រជប៉ុនគិតជាទឹកប្រាក់មានតម្លៃ ៧.៥លានដុល្លារ។
ប្រធាន គ.ជ.ប.លោកស៊ិក ប៊ុនហុកបានប្រាប់ក្រុមអ្នកយកព័ត៌មាន កាលពីថ្ងៃពុធថា«មិត្តភក្តិជប៉ុនរបស់យើងមិនដែលបោះបង់យើងចោលទេ»។
កូនស្រីរបស់លោកកឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលជាប់ពន្ធនាគារពីបទក្បត់ជាតិ បានជំរុញឱ្យជប៉ុនពន្យល់អំពីការគាំទ្ររបស់ខ្លួនចំពោះការបោះឆ្នោតខែកក្កដា។ នាងកឹម មនោវិទ្យាបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា «ប្រទេសជប៉ុនត្រូវតែពន្យល់ យ៉ាងហោចណាស់ពាក់កណ្តាលនៃប្រជាជនកម្ពុជាទាំងមូលថា ហេតុអ្វីបានជាខ្លួនគាំទ្រការបោះឆ្នោតសិប្បនិម្មិតនេះ» ។
លោកស៊ិក ប៊ុនហុកបាននិយាយថា ប្រទេសកម្ពុជាត្រូវការប្រអប់ឆ្នោតចំនួន ៣០០០០។ លោកបន្ថែមថា ឧបករណ៍របស់ចិនសំរាប់ការបោះឆ្នោត ទូទៅរួមទាំងសន្លឹកឆ្នោត និងបន្ទប់បោះឆ្នោតនឹងមកដល់នៅខែមីនា។ ប្រទេសចិនគឺជាម្ចាស់ជំនួយដ៏ធំបំផុតរបស់ប្រទេសកម្ពុជា ហើយការគាំទ្ររបស់ចិនបានពង្រឹងជំហរលោកនាយករដ្ឋមន្ត្រីហ៊ុន សែនក្នុងការប្រឈមនឹងការរិះគន់ចំពោះអ្វីដែលគូប្រជែងរបស់លោកនិយាយថា ជាការបំផ្លិចបំផ្លាញលទ្ធិប្រជាធិបតេយ្យ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនត្រូវបានគេរំពឹងថា នឹងបន្តការកាន់អំណាចរយៈពេលជាង៣៣ឆ្នាំរបស់លោកក្នុងការបោះឆ្នោតនេះ៕