ទីភ្នាក់ងារព័ត៌មាន Kyodo របស់ជប៉ុនបានចេញផ្សាយកាលពីយប់ថ្ងៃចន្ទថា ឧបនាយករដ្ឋមន្ត្រីជប៉ុនលោកTaro Aso បាននិយាយថា ជប៉ុននិងសហរដ្ឋអាមេរិកចាំបាច់ត្រូវការពារកោះតៃវ៉ាន់ ប្រសិនបើដែនកោះមួយនេះត្រូវបានឈ្លានពានដោយប្រទេសចិននោះ។ ការនិយាយរបស់លោកនេះបានធ្វើឲ្យចិនមានការខឹងសម្បាយ៉ាងខ្លាំង។ ចិនបានចាត់ទុកកោះតៃវ៉ាន់ថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ចិនមិនបានបដិសេធជម្រើសប្រើកងទ័ពរបស់ខ្លួនក្នុងការបង្រួបបង្រួមកោះតៃវ៉ាន់ជាមួយនឹងចិនដីគោកនោះទេហើយការធ្វើសមយុទ្ធយោធារៀងៗខ្លួនរបស់ភាគីទាំងពីរក្នុងពេលថ្មីៗនេះនៅច្រកសមុទ្រតៃវ៉ាន់ បានបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើង។
«ស្ថានភាពគំរាមកំហែងក្នុងលក្ខណៈធ្ងន់ធ្ងរ»មួយគឺសំដៅលើស្ថានភាពដែលមានការវាយប្រហារដោយកងកម្លាំងនៃប្រទេសមួយទៅលើប្រទេសមួយទៀតដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសជប៉ុន ដែលជាការបង្ហាញនូវហានិភ័យនៃការគំរាមកំហែងមួយដ៏ច្បាស់សម្រាប់ការរស់រានជីវិតរបស់ប្រទេសជប៉ុន។
នេះជាលក្ខខណ្ឌនៃស្ថានភាពមួយដែលចាំបាច់ត្រូវតែមានការឆ្លើយតបវិញដោយប្រទេសជប៉ុនក្នុងការអនុវត្តនូវសិទ្ធការពារខ្លួនឬផ្តល់ការគាំទ្រដល់សម្ព័ន្ធមិត្តមួយដែលកំពុងទទួលរងការវាយប្រហារនោះ។
«យើងត្រូវគិតឲ្យបានខ្លាំងថា កោះ Okinawa របស់ជប៉ុនអាចជាជម្រើសបន្ទាប់នៃការវាយប្រហារនោះ។ នេះបើយោងទៅលើទីភ្នាក់ងារជប៉ុន Kyodo ដែលបានស្រង់សម្តីរបស់លោក Aso។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បានលើកឡើងក្នុងសន្និសីទកាសែតប្រចាំថ្ងៃកាលពីថ្ងៃអង្គារម្សិលមិញថា ការថ្លែងរបស់មន្ត្រីជប៉ុនរូបនេះ បានធ្វើឲ្យប៉ះពាល់មូលដ្ឋាននយោបាយនៃទំនាក់ទំនងរវាងចិននិងជប៉ុន។
លោកនិយាយបន្តទៀតថា «គ្មាននរណាអាចមើលស្រាលចំពោះការតាំងចិត្តដ៏មោះមុត ឆន្ទៈរឹងមាំ និងសមត្ថភាពដ៏ខ្លាំងក្លារបស់ប្រជាជនចិន ក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួននោះទេ»។
លោក Aso ក៏បានសួរពីជំហររបស់ជប៉ុនស្តីពីបញ្ហាក្នុងច្រកសមុទ្រតៃវ៉ាន់នៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃអង្គារម្សិលមិញថា ការមានជម្លោះណាមួយជុំវិញរឿងកោះតៃវ៉ាន់នោះគួរដោះស្រាយដោយការសន្ទនាគ្នា។ លោក Aso ដែលមានតួនាទីជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ជប៉ុនផងនោះ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «យើងកំពុងតាមដានស្ថានភាពនោះយ៉ាងយកចិត្តទុកដាក់»៕