ជប៉ុន ចិន​ និង​កូរ៉េខាងត្បូង​ធ្វើ​កិច្ចពិភាក្សា​រដ្ឋមន្រ្តីការបរទេស​

ពី​ខាង​ស្តាំ​ រដ្ឋមន្រ្តី​ការបរទេស​ចិន​លោក Wang Yi រដ្ឋមន្រ្តី​ការបរទេស​កូរ៉េខាងត្បូង​លោក Yun Byung-se និង​រដ្ឋមន្រ្តីការបរទេស​ជប៉ុន​លោក Fumio Kishida នៅ​អំឡុង​ពេល​ជំនួប​រដ្ឋមន្រ្តី​ការបរទេស​ត្រី​ភាគី​នៅ​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាង​ត្បូង​ នា​ថ្ងៃ​ទី​២១​ ខែមីនា​ ឆ្នាំ​២០១៥។

រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេសកូរ៉េខាង​ត្បូង ចិន​និង​ជប៉ុនបាន​ជួបគ្នា​នៅ​ក្នុង​ក្រុង​សេអ៊ូល​នៅ​ថ្ងៃសៅរ៍​នេះ​ ដើម្បី​ធ្វើការ​ចរចា​គ្នាដោយ​ផ្តោត​ការ​យក​ចិត្តទុកដាក់​លើ​ការ​កាត់បន្ថយ​ភាពតានតឹង​ក្នុង​តំបន់​បណ្តាល​មក​ពី​ជម្លោះ​ខាង​ទឹកដី​និង​ជម្លោះ​ប្រវត្តិសាស្ត្រ។​

អ្នកការទូត​កំពូល​ទាំង​បី​នាក់នេះ​បាន​ជួប​គ្នា​នៅ​ក្រោយ​មាន​ជំនួប​ទ្វេភាគី​មួយ​ចំនួន​សម្រាប់​កិច្ចចរចា​ជាផ្លូវការ​លើកទី​មួយ​ចាប់តាំង​ពី​ខែមេសា​ឆ្នាំ២០១២​មក។​

ទោះ​បី​ជា​ប្រទេស​ទាំង​បី​មាន​ចំណង​ទាក់ទង​គ្នាខាងសេដ្ឋកិច្ច​ខ្លាំង​ក៏​ដោយ​ ក៏​ទំនាក់ទំនង​គ្នា​នៅ​តែ​មិន​ទាន់​មាន​ភាព​កក់ក្តៅទេ​ពីព្រោះ​នៅ​មាន​ជម្លោះ​ខាង​ទឹកដី​ជាមួយ​ប្រទេស​ចិន​ និង​អរិភាព​ដែល​មាន​ចាប់តាំង​ពី​ជប៉ុន​បាន​យក​ប្រទេស​កូរ៉េជា​ដែន​ដី​អាណានិគម​ ហើយ​បាន​កាន់កាប់​ផ្នែក​ខ្លះ​នៃ​ប្រទេស​ចិន​នៅ​មុន​និង​នៅក្នុងសង្គ្រាម​លោកលើកទីពីរ។

នៅ​មុន​កិច្ចចរចា​គ្នា​នេះ​ លោកស្រី​ប្រធានាធិបតី​កូរ៉េខាង​ត្បូង Park Geun-hye បានជួប​ជា​មួយ​លោក​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន Fumio Kishida លោករដ្ឋមន្ត្រី​ការបរទេស​ចិន Wang Yi និងលោក​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាង​ត្បូង Yun Byung-se ដើម្បី​ពិភាក្សា​គ្នា​អំពីបញ្ហា​នាំ​ឲ្យ​មាន​កង្វល់​ដល់ប្រទេសទាំង​បី​នេះ។

គេមិន​រំពឹង​ថា​កិច្ច​ចរចា​ត្រីភាគី​នេះនឹង​នាំ​ឲ្យ​មាន​លទ្ធផល​ជា​ការ​ជឿនលឿន​ជាក់ស្តែង​ណាមួយ​ទេ ក៏​ប៉ុន្តែ​អាច​ជា​ការ​ចាប់ផ្តើម​មួយ​ដើម្បី​ធ្វើ​ឲ្យ​មាន​កិច្ចចរចា​ប្រចាំ​ឆ្នាំ​ទ្បើង​វិញ​សម្រាប់​ពិភាក្សា​គ្នាអំពី​កិច្ច​សហប្រតិបត្តិការ៕