ទីក្រុងបាងកក៖ កម្ពុជានិងថៃនឹងត្រូវថ្លែងរឿងក្តីរបស់ខ្លួននៅមុខអង្គការសហប្រជាជាតិក្នុងទីក្រុង ញូយ៉ក (New York) លើការប្រយុទ្ធគ្នាដ៏សាហាវ នៅតាមព្រំដែនដែលបានផ្ទុះឡើងកាលពី១សប្តាហ៍មុន។ កម្ពុជាចង់ឲ្យបញ្ជូនកងថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិទៅកាន់តំបន់ព្រំដែនដើម្បីរារាំងការប៉ះទង្គិចបន្តទៅទៀត។ ប្រទេសថៃ បានបដិសេធការពាក់ព័ន្ធណាមួយរបស់អង្គការសហប្រជាជាតិ។
លោក (Kasit Piromya) កាស៊ីត ភីរុម រដ្ឋមន្រ្តីក្រសួងការបរទេសថៃ និងលោក ហោ ណាំហុងរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា នឹងថ្លែងសុន្ទរកថាទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃច័ន្ទនេះ។
កម្ពុជាបានស្នើឲ្យមានកិច្ចប្រជុំជាបន្ទាន់ បន្ទាប់ពីការប្រយុទ្ធគ្នាដ៏អាក្រក់ជាទីបំផុតជាមួយប្រទេសថៃដែលមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានឆ្នាំដែលបានផ្ទុះឡើងនៅជិតតំបន់ព្រំដែនមានជម្លោះ ។
មានមនុស្សយ៉ាងហោចណាស់ ក៏៨នាក់ដែរបានស្លាប់នៅពេលដែលទាហាន បានបាញ់កាំភ្លើងធំនិងកាំភ្លើងយន្តតគ្នា។ អ្នកភូមិរាប់ពាន់នាក់ បានរត់គេចពីគ្រោះថ្នាក់។ ភាគីទាំងពីរនិយាយថា ភាគីម្ខាងទៀតបានបាញ់មុន។
នៅថ្ងៃច័ន្ទនេះ មនុស្សជាច្រើនបានវិលត្រឡប់ទៅកាន់ផ្ទះវិញ ក៏ប៉ុន្តែភាគីទាំងពីរស្ថិតក្នុងការប្រុងប្រយ័ត្នយ៉ាងពេញទំហឹងក្រែងលោមានការប៉ះទង្គិចបន្ថែម។ កម្ពុជា ហៅការប៉ះទង្គិចជាការឈ្លានពានរបស់ថៃដែលស្រដៀងគ្នានឹងសង្គ្រាម ហើយចង់់ឲ្យអង្គការសហប្រជាជាតិបញ្ជូនកងថែរក្សាសន្តិភាពទៅតំបន់នោះ។លោកផៃ ស៊ីផាន អ្នកនាំពាក្យក្រុមប្រឹក្សារដ្ឋមន្រ្តីរបស់ប្រទេសកម្ពុជានិយាយថា វត្តមានរបស់អង្គការសហប្រជាជាតិ នឹងជួយស្ថាបនាការទុកចិត្តគ្នារវាងប្រទេសជាតិទាំងពីរ។
«អ្វីដែលយើងចង់ប្រាប់ពិភពលោកគឺថា យើងចង់បញ្ឈប់ការឈ្លានពានទាំងអស់។ យើងចង់បញ្ឈប់ការប្រយុទ្ធបាញ់គ្នាទាំងអស់ដែលប៉ះពាល់ដល់ប្រាសាទព្រះវិហារ។ ហើយយើងចង់ស្ថាបនាការទុកចិត្តគ្នារវាងប្រទេសជាតិទាំងពីរ»។
ប្រទេសថៃបដិសេធសំណើបញ្ជូនកងទ័ពអង្គការសហប្រជាជាតិ។ លោក ផានីតាន់ វតនាយ៉ាហ្កន(Panitan Wattanayagorn) អ្នកនាំពាក្យរដ្ឋាភិបាលថៃ និយាយថាបញ្ហានេះត្រូវតែដោះស្រាយដោយទ្វេភាគី។
«យើងសង្ឃឹមថាសហគមន៍អន្តរជាតិនឹងបញ្ចុះបញ្ចូលប្រទេសកម្ពុជាឲ្យវិលត្រឡប់ទៅកាន់តុចចារជាមួយយើង ដែលយើងមានអនុស្សរណៈយោគយល់គ្នារួចទៅហើយ ហើយយើងក៏មានយន្តការច្រកចេញ គឺគណៈកម្មាធិការព្រំដែនរួមដែលត្រូវជួបគ្នា មុនពេលឧប្បត្ដិហេតុបានកើតមានឡើងនៅចុងខែនេះ»។
កម្ពុជា បានចេញពីការចរចាព្រំដែន បន្ទាប់ពីការប្រយុទ្ធបានផ្ទុះឡើង។ ការប៉ះទង្គិចគ្នាបានផ្ទុះឡើងនៅជិតដែនដីមានជំលោះជុំវិញប្រាសាទខ្មែរបែបហិណ្ឌូអាយុ៩រយឆ្នាំដែលគេស្គាល់ថាប្រាសាទព្រះវិហារក្នុងប្រទេសកម្ពុជាហើយនិងប្រាសាទ (Phra Viharn) ជាភាសាថៃ ។
ប្រែសម្រួលដោយ ជឹង ប៉ូជីន