ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​និង​ថៃ​នឹង​បើក​កិច្ច​ប្រជុំ​រួម​គ្នា​ដើម្បី​អនុម័ត​គោលការ​សហ​ប្រតិ្តបត្តិការ


រដ្ឋមន្រ្តី​ការបរទេស​ខ្មែរលោក ហោ ណាំហុង (ស្តាំ) ចាប់​រលាក់​ដៃជាមួយរដ្ឋមន្ត្រី​ការបរទេសថៃលោក កាស៊ីត ភិរម្យ (ឆ្វេង) មុន​កិច្ចប្រជុំ​នៅ​ក្រសួង​ការបរទេស​កម្ពុជា​ក្នុង​ទីក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០១០ កន្លង​ទៅនេះ។​
រដ្ឋមន្រ្តី​ការបរទេស​ខ្មែរលោក ហោ ណាំហុង (ស្តាំ) ចាប់​រលាក់​ដៃជាមួយរដ្ឋមន្ត្រី​ការបរទេសថៃលោក កាស៊ីត ភិរម្យ (ឆ្វេង) មុន​កិច្ចប្រជុំ​នៅ​ក្រសួង​ការបរទេស​កម្ពុជា​ក្នុង​ទីក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០១០ កន្លង​ទៅនេះ។​

ភ្នំពេញ៖ ប្រទេស​កម្ពុជា​ និង​ប្រទេស​ថៃ​នឹង​បើក​កិច្ច​ប្រជុំ​រួមគ្នា​ដើម្បី​អនុម័ត​គោល​ការ​សហ​ប្រតិ្ត​បត្តិការមួយ​ចំនួន​ នៅ​ថ្ងៃ​ស្អែក​នេះ។ ​ក៏​ប៉ុន្ដែ​ពុំមាន​កម្មវិធី​ជជែក​អំពី​ភាព​តានតឹង​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​នោះ​ទេ។

រដ្ឋមន្ដ្រី​ការ​បរទេស​កម្ពុជា​ និង​រដ្ឋ​មន្ដ្រី​ការ​បរទេស​ថៃ​នឹង​ជួបប្រ​ជុំ​ពិភាក្សា​គ្នានៅ​ថ្ងៃ​សុក្រ​ស្អែកនេះ​ក្នុង​ខេត្តសៀម​រាប​ ​ប្រយោជន៍​ដើម្បី​ជំរុញ​កិច្ចសហ​ប្រតិបត្តិ​ការទ្វេភាគី​រវាង​ព្រះ​រាជា​ណាចក្រ​ទាំង​ពីរ​ដែល​កំពុងមានជម្លោះ​ព្រំដែន​យ៉ាង​តាន​តឹងនឹងគ្នា។​ នេះ​គឺជាកិច្ចប្រជុំ​គណៈ​កម្មការ​ចម្រុះស្ដីពី​កិច្ច​សហ​ប្រតិបត្តិការ​លើកទី៧​ ​រវាង​ប្រទេស​ដែល​មាន​ព្រំដែន​ជាប់​គ្នា​ទាំង​ពីរ​នេះ។ ​ក៏​ប៉ុន្ដែ​ពុំ​មាន​គម្រោងណាមួយស្ដីពី​ការ​ជជែកដោះស្រាយអំពី​អរិភាព​ជុំវិញ​តំបន់​ប្រាសាទព្រះវិហារ​ត្រូវ​គេ​បង្ហាញ​នោះ​ទេ។

លោកកួយ​ គួង​ ​អនុ​រដ្ឋ​លេខា​ធិការ ​និង​ជា​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​ ​បាន​បញ្ជាក់​ថា​ ​ លោករដ្ឋមន្រ្តីការ​បរទេសថៃ​ ​កាស៊ីត​ ​ភីរម្យ ​ត្រូវមកដល់ក្រុងសៀមរាបល្ងាចនេះ​ ​ដើម្បីជួបពិភាក្សាជា​មួយ​សមភាគី​កម្ពុជា​ គឺលោក​ហោ​ ណាំ​ហុង​ ​ស្ដី​ពី​កិច្ច​សហ​ប្រតិបត្តិការ​ជា​ទូទៅ​រវាង​ប្រទេស​ទាំង​ពីរ ក៏​ប៉ុន្ដែ​គ្មាន​របៀប​វារៈ​ស្ដីពី​ការ​ជជែកពី​បញ្ហា​វត្ត​កែវ​សិក្ខា​គីរី​ស្វារៈ​របស់​ខ្មែរ​ដែល​ប្រទេស​ថៃ​ទាមទារឲ្យ​រំលាយ​ចោល ​និង​បញ្ហា​នៃ​ភាព​តានតឹង​ជា​ទូទៅ​នៅ​តំបន់​ប្រាសាទ​ព្រះ​វិហារ​នោះ​ទេ។

“ប្រធាន​បទ​អត់​មាន​ទេ​ ​ហើយ​ក៏​មិន​ត្រូវ​យក​បញ្ហា​ហ្នឹង​មក​ជជែក​ដែរ​ ​ពី​ព្រោះ​វត្ត​កែវសិក្ខា​គីរីស្វារៈ​ស្ថិត​ក្នុង​ដែន​បូរណភាព​នៃ​ព្រះ​រាជា​ណាច​ក្រ​កម្ពុជា​យ៉ាង​ពេញ​លេញ ​និង​យ៉ាង​ស្រប​ច្បាប់"។

កាល​ពីថ្ងៃច័ន្ទ​ ​នាយករដ្ឋ​មន្ដ្រីថៃ​ ​លោក​អាភីស៊ីត​ ​វិចា​ជីវ៉ា​ ចាត់​ទុកថា​ ​ការ​ប្រើប្រាស់កងកម្លាំងយោធា គឺ​ជា​ជម្រើសចុង​ក្រោយដើម្បីទម្លាយការ​ដោះស្រាយជម្លោះដែលកំពុងតែតានតឹងនៅជុំវិញវត្តកែវសិក្ខា​គីរីស្វារៈ​ ​ជា​មួយ​នឹង​ប្រទេស​កម្ពុជា។ ​ហើយ​មួយ​ថ្ងៃ​ក្រោយ​មក​ ​ប្រទេសកម្ពុជាបានព្រមានតប​វិញថា "កម្ពុជារក្សាសិទ្ធិ​ការ​ពារអធិប​តេយ្យ​ភាព​ ​និងបូរណភាពដែនដីរបស់ខ្លួន ​ក្នុង​ពេលដែលនាយករដ្ឋមន្ដ្រី​ អាភីស៊ីត​ ​បានគំរាមធ្វើសង្គ្រាមប្រឆាំងនឹងប្រទេសកម្ពុជា"​នោះ។

ក៏​ប៉ុន្ដែ​នៅ​ថ្ងៃ​នេះ​កាសែត​បាងកក​ប៉ុស្ដិ៍​របស់​ថៃបាន​ឲ្យ​ដឹង​ថា​ ​លោក​កាស៊ីត​ ​ភីរម្យនឹងនាំសារ​របស់​រដ្ឋាភិបាល​ថៃ​ប្រាប់​ប្រទេស​កម្ពុជា​ថា​ ​ក្រុង​បាងកក​មិន​មាន​បំណង​ធ្វើ​សង្គ្រាម​ជាមួយប្រទេស​កម្ពុជា​នោះ​ទេ​ ​ហើយ​សារ​នេះ​អាច​នឹង​ជួយ​ឲ្យ​ស្ថានភាព​នៅ​តាម​ព្រំ​ដែន​នៃ​ប្រទេស​ទាំង​ពីរមាន​ភាព​ស្ងប់ស្ងាត់ឡើ​ងវិញ។

ជា​មួយគ្នា​នេះ​ដែរ​កាសែត​បាង​កក​ប៉ុស្ដិ៍​បាន​រាយ​ការណ៍បន្ថែម​ថា​ ​ឧបនាយក​រដ្ឋមន្ដ្រី​ថៃ​ ​លោក​ ស៊ូថេប ​ថងស៊ូបាន​ ​និង​លោក​ ​Thawil ​Pliensri ​អគ្គ​លេខា​ធិការ​នៃ​ក្រុម​ប្រឹក្សាសន្ដិសុខ​ជាតិប្រទេសថៃ​ ​បានធ្វើ​ដំណើរ​មក​កាន់​ក្រុង​ភ្នំពេញ​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះដើម្បី​ជួប​ចរចាជា​មួយលោកនាយករដ្ឋមន្ដ្រី​ខ្មែរ​ ​ហ៊ុន​ សែន​ ​ដើម្បី​ពង្រឹ​ទំនាក់​ទំនង​ប្រទេស​ទាំង​ពីរ​ឡើង​វិញ។ ​ក៏​ប៉ុន្ដែ​គ្មានប្រភពណា​មួយ​ពី​មន្ដ្រី​រដ្ឋាភិបាល​កម្ពុជា​អាចបញ្ជាក់​ពី​ជំនួប​នេះ​ទេ។

ប្រទេសជិត​ខាងគ្នាទាំង​ពីរ​ ​កម្ពុជា និ​ង​ថៃ​ ​បាន​ចាប់​ផ្ដើម​ពាក់​មុខ​យក្ស ​ដំឡើង​សាច់ដុំ ​ប្រឈមកងកម្លាំងប្រដាប់អាវុធដាក់​គ្នា​ ​ចាប់តាំង​ពីពាក់​កណ្ដាលឆ្នាំ​២០០៨​មក​ម្ល៉េះ​ ​បន្ទាប់​ពីអង្គការUNESCO បានសម្រេចដាក់ប្រាសាទ​ព្រះវិហារ​ចំណាស់​៩០០​ឆ្នាំ​របស់ខ្មែរជាសម្បត្តិបេតិកភ័ណ្ឌ​ពិភព​លោក។​ មានការ​ប៉ះ​ទង្គិចគ្នាដោយអាវុធ​ចំនួនបីលើក​ ដែលបានបណ្ដាលឲ្យមានការ​ស្លាប់ និងរបួសទាំងសង​ខាង៕

XS
SM
MD
LG