គណៈរដ្ឋមន្ត្រីជប៉ុន បានអនុម័តយល់ព្រមលើការបង្កើនថវិកាចាយវាយសម្រាប់កិច្ចការការពារជាតិក្នុងរយៈពេល៩ឆ្នាំជាប់ៗគ្នា ខណៈដែលរដ្ឋាភិបាលរបស់ប្រទេសនេះ កំពុងបង្កើនថវិកា សម្រាប់ការអភិវឌ្ឍន៍កាំជ្រួចបាញ់ចម្ងាយឆ្ងាយរបស់ខ្លួន និងយន្តហោះដែលប្រព័ន្ធរ៉ាដាពិបាកចាប់បាន ដើម្បីត្រៀមទប់ទល់ការគំរាមកំហែងដែលអាចកើតមាន ពីសំណាក់ប្រទេសចិន និងកូរ៉េខាងជើង។
ថវិកាការពារជាតិចំនួន៥១,៧ពាន់លានដុល្លារ ដែលត្រូវបានត្រៀមសម្រាប់ឆ្នាំសារពើពន្ធ២០២១ ជាកញ្ចប់ថវិកាការពារជាតិទីមួយ ក្រោមការដឹកនាំរបស់នាយរដ្ឋមន្ត្រីជប៉ុនលោក Yoshihide Suga ដែលមានការកើនឡើងប្រមាណ១,១% បើប្រៀងធៀបនឹងថវិកាការពារជាតិឆ្នាំ២០២០។
ក្រោយការអនុម័តយល់ព្រមដោយគណៈរដ្ឋមន្ត្រី កញ្ចប់ថវិកានេះ នឹងត្រូវបញ្ជូនទៅកាន់រដ្ឋសភាដើម្បីអនុម័តនៅដើមឆ្នាំក្រោយ។ ផែនការថវិកាការពារជាតិនេះ រួមមាន តម្លៃនៃការអភិវឌ្ឍន៍កាំជ្រួចបាញ់រយៈចម្ងាយឆ្ងាយ ដែលអាចបាញ់ចេញពីនាវាពិឃាដឬយន្តហោះចម្បាំង និងសម្រាប់អភិវឌ្ឍន៍យន្តហោះចម្បាំងដែលប្រព័ន្ធរ៉ាដាពិបាកចាប់ ប្រភេទ F-X ដែលផលិតក្នុងប្រទេសជប៉ុនទៀតផង។
ជប៉ុន បានចាត់ទុកប្រទេសចិននិងកូរ៉េខាងជើងថាជាអ្នកគំរាមកំហែងសន្តិសុខក្នុងតំបន់ ហើយបានសិក្សាស្រាវជ្រាវនូវលទ្ធភាពនៃការអភិវឌ្ឍន៍សមត្ថភាពសម្រាប់ការវាយប្រហារជាមុនរបស់ខ្លួនដើម្បីរារាំងកុំឲ្យមានការវាយប្រហារសងសឹករបស់សត្រូវ៕