គណៈ​រដ្ឋ​មន្រ្តី​ជប៉ុន​អនុម័ត​​ការ​បង្កើន​ថវិកា​ការពារ​ជាតិ​​ឆ្នាំ​ទី​៣​

សមាជិក​ម្នាក់​នៃ​កង​កម្លាំង​ការពារ​ខ្លួន​តាម​សមុទ្រ​របស់​ប្រទេស​ជប៉ុន​ម្នាក់​មើល​ទៅ​ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ​ DDH183 Izumo ថ្មី​មួយ​ ដែល​ជា​គ្រឿង​ចម្បាំង​ដ៏​ធំ​បំផុត​របស់​កង​ទ័ព​ជើង​ទឹក​ជប៉ុន​ មុន​ពេល​ពិធី​បើក​ដំណើរការ​នៅ​ក្នុង​ទីក្រុង​ Yokohama ភាគ​ខាង​ត្បូង​នៃ​ទីក្រុង​តូក្យូ​ កាល​ពី​ថ្ងៃ​តី​៦ ខែ​សីហា​ ឆ្នាំ​២០១៣ ។

ប្រទេស​ជប៉ុន​បាន​ប្រកាស​កញ្ចប់​ថវិកា​សម្រាប់​វិស័យ​ការ​ពារ​ប្រទេស​ដ៏​ធំ​បំផុត​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក នៅ​ពេល​ដែលខ្លួន​ខិតខំ​ធ្វើ​ការ​ឆ្លើយ​តប​នឹង​ឥទ្ធិពល​នៃ​យោ​ធា​ចិន​ដែល​កំពុង​កើន​ឡើងនៅ​ក្នុង​តំបន់ ជា​ពិសេស​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​កើត។

នៅ​ថ្ងៃ​ពុធ​នេះ គណៈ​រដ្ឋ​មន្រ្តីរបស់​លោក​នាយករដ្ឋ​មន្រ្តី Shinzo Abe ​បាន​អនុម័ត​ថវិកា​៤២​ពាន់​លាន​ដុល្លារ ជា​ការ​បង្កើន​ថវិកា​ក្នុង​រយៈពេល​៣​ឆ្នាំ​ជាប់​ៗ​គ្នា​ ដោយ​មាន​ប្រាក់​បម្រុង​សម្រាប់​យន្តហោះ​ស៊ើបការណ៍​សម្ងាត់ ​យន្តហោះ​គ្មាន​មនុស្ស​បើក (Drone) ​យន្តហោះ​ចំបាំង​ធុន F-35 ​និង​រថក្រោះ​សម្រាប់​វាយ​ប្រហារ។

​ថវិកា​នេះ​ត្រូវ​តែ​ទទួល​បាន​ការយល់​ព្រម​ពី​សមាជិក​សភា​របស់​ជប៉ុន ​ក៏​ប៉ុន្តែ​លោក Abe បាន​ទទួល​ការគាំទ្រ​ដ៏​ច្រើន​នៅ​ក្នុង​សភា​ទាំង​២។ លោក Abe ​ចូលចិត្តការចំណាយ​វិស័យ​ការពារ​ប្រទេសច្រើន​សម្រាប់​ជប៉ុន។

​រដ្ឋាភិបាល​ទីក្រុង​តូក្យូ​មាន​ជម្លោះ​ទឹកដី​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​លើ​ប្រជុំ​កោះគ្មាន​មនុស្ស​រស់​នៅ​ ដែល​ហៅ​ជា​ភាសា​ចិន​ថា Diaoyus និង​ភាសា​ជប៉ុន​ថា Senkakus។

ការចំណាយ​លើ​វិស័យ​ការពារ​ប្រទេស​របស់​ជប៉ុន ​នៅ​តិច​ជាង​ប្រទេស​ចិន​យ៉ាង​ច្រើន ដែល​ការចំណាយ​ខាង​យោធា​កាល​ពី​ឆ្នាំ​ទៅ​មាន​១៣២​ពាន់​លាន​ដុល្លារ​ឈរ​នៅ​លំដាប់​ទី​២​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​តែ​ប៉ុណ្ណោះ៕