លោក ម៉ម រិទ្ធី បានអភិវឌ្ឍបទពិសោធន៍ការងាររបស់លោកពីត្រឹមសន្តិសុខនៅតាមភោជនីយដ្ឋានក្នុងខេត្តសៀមរាបរហូតដល់ក្លាយជាមេដឹកនាំសហជីពមួយរូប ទទួលបន្ទុកផ្នែកសេវាកម្មនិងទេសចរណ៍។
មុនពេលត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ លោក ម៉ម រិទ្ធី ជាប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍សេវាកម្មកម្ពុជា(CTSWF)។
លោក ម៉ម រិទ្ធី ត្រូវបាន គេមើលឃើញថា ជាបុគ្គលដែលមាន«ឆន្ទៈពិតប្រាកដ»ក្នុងការជួយការពារផលប្រយោជន៍របស់កម្មករ។
កើតក្នុងឆ្នាំ១៩៨២ ក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល លោក ម៉ម រិទ្ធី អាយុ៣៥ឆ្នាំ មានបងប្អូន៥នាក់ ប្រុស២នាក់ ស្រី៣នាក់ ហើយរូបលោកគឺជាកូនទីបីនៃគ្រួសារ។ លោក ម៉ម រិទ្ធី ជាកូនកំព្រាឪពុកម្តាយ ចាប់តាំងពីលោកមានអាយុ១១ឆ្នាំមកម្ល៉េះ។ ឪពុកឈ្មោះ ម៉ម កុសល បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍។ រីឯម្តាយឈ្មោះសុខ ស៊ីយ៉ាន បានស្លាប់ដោយសារជំងឺ។
ក្រោយពីឪពុកម្តាយស្លាប់ លោក ម៉ម រិទ្ធី និងបងស្រីរបស់លោកពីរនាក់ទៀតមានបន្ទុកមើលការខុសត្រូវលើជីវភាពក្រុមគ្រួសារមួយនេះ។ ដោយសារតែជីវភាពខ្វះខាត ទើបធ្វើឱ្យលោក ម៉ម រិទ្ធី បានសិក្សាត្រឹមតែកម្រិតមធ្យមសិក្សាទុតិយភូមិតែប៉ុណ្ណោះ។ លោកបានសិក្សាជំនាញផ្នែកច្បាប់នៅគ្រឹះស្ថានឧត្តមសិក្សាវិទ្យាល័យជ័យវរ្ម័នទី៧ នៅក្នុងឆ្នាំ១៩៩៨។ នេះបើតាមប្រវត្តិរូបសង្ខេបរបស់លោក ម៉ម រិទ្ធី ដែលវីអូអេទទួលបានពីសហការីរបស់លោក។
មុននឹងប្រឡូកចូលធ្វើការងារក្នុងវិស័យសហជីព លោក ម៉ម រិទ្ធី ធ្លាប់ធ្វើជាសន្តិសុខ ហើយក៏ធ្លាប់ធ្វើជាចុងភៅម្ហូបអាហារផងដែរ។ នៅគ្រាមួយ នៅពេលឱកាសមកដល់ លោក ម៉ម រិទ្ធី បានក្លាយជាសហជីពមូលដ្ឋានម្នាក់នៅក្នុងខេត្តសៀមរាប ហើយក៏ឈានទៅបង្កើតសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍សេវាកម្មកម្ពុជា ដែលរូបលោកត្រូវបានបោះឆ្នោតឱ្យធ្វើជាប្រធានសហព័ន្ធសហជីពមួយនេះ។ នេះបើតាមសហការីរបស់លោក ម៉ម រិទ្ធី។ បច្ចុប្បន្ននេះ លោកក៏មានតួនាទីជាអនុប្រធានទី២នៃសហភាពការងារកម្ពុជាផងដែរ។
អ្នកស្រី គង់ សុដា អាយុ៣៩ឆ្នាំ ភរិយារបស់លោក ម៉ម រិទ្ធី ប្រាប់វីអូអេថា អ្នកស្រីបានរៀបការជាមួយលោក ម៉ម រិទ្ធី កាលពីឆ្នាំ២០១១។ បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍រួច អ្នកស្រីដែលមានស្រុកកំណើតនៅក្នុងខេត្តបាត់ដំបងបានផ្លាស់មករស់នៅក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប ជាមួយលោក ម៉ម រិទ្ធី ហើយកាលនោះ លោកជាសហជីពម្នាក់ដែលមានមូលដ្ឋានក្នុងខេត្តសៀមរាប ដែលជាតំបន់ទេសចរណ៍។
អ្នកស្រី គង់ សុដា បញ្ជាក់ថា មូលហេតុដែលស្វាមីរបស់ខ្លួនចូលបំពេញការងារក្នុងវិស័យសហជីពនេះ ដោយសារតែចំណង់ចំណូលចិត្តរបស់គាត់ផងនិងថា លោក ម៉ម រិទ្ធី គឺជាមនុស្សម្នាក់ដែលតែងតែគោរព ស្រឡាញ់ និងឱ្យតម្លៃលើកម្មករ។
អ្នកស្រីថ្លែងថា៖ «បើតាមដឹង ដោយសារគាត់ស្រឡាញ់ និងគោរពច្បាប់ការងារ ដូចជាខ្លួនគាត់ជាដើម គាត់ជាបុគ្គលិកធ្លាប់ទទួលរងអ៊ីចឹងគាត់[...] គ្រាន់តែដឹងថា គាត់ស្រឡាញ់ និងគោរពឱ្យតម្លៃកម្មករកម្មការិនី ដូចជាខ្លួនគាត់ផ្ទាល់គាត់ធ្លាប់នៅក្នុងហ្នឹង»។
អ្នកស្រីស្នើឱ្យដោះលែងស្វាមី ខណៈអ្នកស្រីថា ជីវភាពគ្រួសាររបស់អ្នកស្រីនឹងប្រឈមការលំបាកជាខ្លាំង នៅពេលលោក ម៉ម រិទ្ធី ត្រូវបានចាប់ដាក់ពន្ធនាគារ មិនអាចរកចំណូលផ្គត់ផ្គង់គ្រួសារបាន។
លោក ម៉ម រិទ្ធី ត្រូវបាននគរបាលចាប់ខ្លួនបញ្ជូនទៅឃុំនៅពន្ធនាគារព្រៃស កាលពីថ្ងៃទី៧ ខែឧសភា នៅក្នុងសំណុំរឿងពាក់ព័ន្ធនឹងការអត្ថាធិប្បាយរបស់លោកលើបណ្តាញសង្គមហ្វេសប៊ុក កាលពីជាង២ឆ្នាំមុន។
ការចាប់ខ្លួននេះធ្វើឡើងក្រោយសាលាដំបូងរាជធានីភ្នំពេញបានកាត់ទោសលោកកំបាំងមុខ ឱ្យជាប់ពន្ធនាគារ១ឆ្នាំកន្លះ ពីបទ«ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»និង«ធ្វើឱ្យបាត់បង់ជំនឿលើសេចក្ដីសម្រេចរបស់តុលាការ»។
មុននឹងត្រូវបានចាប់ខ្លួន លោក ម៉ម រិទ្ធី បានថ្លែងក្នុងទិវាពលកម្មអន្តរជាតិ កាលពីថ្ងៃទី១ ខែឧសភាថា ថៅកែមួយចំនួននៅប្រទេសកម្ពុជាកំពុងតែរំលោភច្បាប់ និងបំពានសិទ្ធិកម្មករជារៀងរាល់ថ្ងៃ។
លោកថ្លែងកាលនោះថា៖ «ខ្ញុំហ៊ាននិយាយថា មានថៅកែមួយចំនួននៅប្រទេសកម្ពុជាកំពុងតែរំលោភច្បាប់ជារៀងរាល់ថ្ងៃ កំពុងតែរំលោភសិទ្ធិកម្មករជារៀងរាល់ថ្ងៃ កេងប្រវ័ញ្ចកម្មករជារៀងរាល់ថ្ងៃ។ ខ្ញុំហ៊ាននិយាយ។ បើចង់ដឹងកុំអាលប្តឹងខ្ញុំទៅតុលាការទៀត មកជួបជាមួយខ្ញុំសិន ហៅខ្ញុំទៅសួរសិននៅកន្លែងណា? ខ្ញុំនឹងដឹកដៃឱ្យទៅមើលថា មានការរំលោភសិទ្ធិមែនអត់។ ខ្ញុំនិយាយនេះមិនមែនចោទរដ្ឋាភិបាលថា រំលោភសិទ្ធិទេ។ ស្តាប់ពាក្យខ្ញុំឱ្យច្បាស់។ ខ្ញុំចោទថា ថៅកែមួយចំនួនកំពុងតែរំលោភសិទ្ធិ កំពុងតែរំលោភច្បាប់ កំពុងតែជិះជាន់កម្មករ។ ស្តាប់ពាក្យខ្ញុំឱ្យច្បាស់»។
លោក ឡេង ប៊ុនឈែរ មន្រ្តីសម្របសម្រួលផ្នែករដ្ឋបាលនិងធនធានមនុស្សរបស់សហភាពការងារកម្ពុជាដែលធ្វើការងារស្និទ្ធជាមួយលោក ម៉ម រិទ្ធី ជិត១០ឆ្នាំមកហើយនោះ បានប្រាប់វីអូអេថា លោក ម៉ម រិទ្ធី ជាថ្នាក់ដឹកនាំមួយរូបដែលល្អ និងមានឆន្ទៈពិតប្រាកដក្នុងការជួយដល់កម្មករ។
លោកបញ្ជាក់ថា៖ «លោក ម៉ម រិទ្ធី អ្វីដែលខ្ញុំបានមើលឃើញគាត់គឺជាមនុស្សម្នាក់ដែលមានការបេ្តជ្ញាខ្ពស់ មានឆន្ទៈពិតប្រាកដក្នុងការជួយការងារសង្គម ក៏ដូចជាកម្មករនិយោជិត ហើយការប្តេជ្ញាចិត្តរបស់គាត់ គឺគាត់ជាអ្នកដែលឯករាជ្យ ធ្វើការឯករាជ្យ អត់នៅក្រោមរណបគណបក្សនយោបាយ ឬក៏ជនបង្គោលមានសិទ្ធិអំណាចណាមួយទេ។ មានន័យថា គាត់គឺជាមនុស្សឯករាជ្យ»។
លោក ឡេង ប៊ុនឈែរ បន្ថែមថា ការកាត់ទោសលោក ម៉ម រិទ្ធី គឺជារឿងអយុត្តិធម៌មួយ។
លោកបញ្ជាក់ថា៖ «ខ្ញុំគិតថា អ្វីដែលជាការសម្រេចក្នុងសាលក្រមកាត់ទោសគាត់នេះ គឺជារឿងអយុត្តិធម៌បំផុត ហើយជារឿងដែលមិនអាចទទួលយកបាន ដោយសារគាត់[លោក ម៉ម រិទ្ធី]មិនមានទោសដល់ថ្នាក់ត្រូវតែឃុំខ្លួន ឬក៏កាត់ទោសដល់ថ្នាក់ប៉ុណ្ណឹងទេ ព្រោះអ្វីដែលគាត់ធ្វើគ្រាន់តែជាការសម្តែងមតិក្នុងនាមជាប្រជាពលរដ្ឋ ក៏ដូចជាក្នុងនាមជាថ្នាក់ដឹកនាំសហជីព អ្នកការពារប្រយោជន៍របស់កម្មករហើយអ្វីដែលគាត់និយាយគឺជាការណ៍ពិត»។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ក៏បានបញ្ជាក់ដែរថា លោក ម៉ម រិទ្ធី បានប្រឡូកចូលក្នុងវិស័យកិច្ចការងារជាសហជីពជាង១០ឆ្នាំហើយ ហើយលោកធ្វើការជាមួយសហភាពការងារកម្ពុជាបានប្រមាណ៨ឆ្នាំមកហើយ។ លោកចាត់ទុកលោក ម៉ម រិទ្ធី ជាមនុស្សដែលសកម្មក្នុងការការពារប្រយោជន៍របស់កម្មករ។ លោកចាត់ទុកការឃាត់ខ្លួនលោក ម៉ម រិទ្ធីជាការយាយីទៅលើសហជីពឯករាជ្យ។
លោកថ្លែងថា៖ «ការចាប់ដាក់ពន្ធនាគារលើគាត់ ខ្ញុំគិតថា វាជាសកម្មភាពមួយជ្រៀតជ្រែង ជាសកម្មភាពមួយយាយីទៅលើចលនាសហជីពនៅកម្ពុជាហើយ ដោយសារតែគាត់ជាថ្នាក់ដឹកនាំសហជីព គាត់គ្រាន់តែការពារឬក៏[ផ្តល់]មតិយោបល់នៅពេលដែលគេធ្វើបាបកូនចៅគាត់ ហើយត្រូវបានអាជ្ញាធរចោទប្រកាន់បែបនោះបាទ»។
តុលាការរាជធានីភ្នំពេញបានចោទប្រកាន់និងកាត់ទោស លោក ម៉ម រិទ្ធី ដោយយោងទៅតាមការអត្ថាធិប្បាយរបស់លោកនៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២២។ កាលនោះ លោកបានថ្លែងជាវីដេអូផ្សព្វផ្សាយផ្ទាល់ រយៈពេលជិត២ម៉ោង ដោយក្នុងនោះ លោកបាននិយាយអំពីការរើសអើងសហជីព ការរំលោភច្បាប់ការងារ ការឃុំខ្លួនមនុស្សដោយអយុត្តិធម៌ និងភាពអយុត្តិធម៌ដែលកើតឡើងនៅក្រុមហ៊ុនកាស៊ីណូជីនប៉ី២ ក្នុងខេត្តព្រះសីហនុ ជាពិសេសរឿងដែលកាស៊ីណូនេះបានប្តឹងបុគ្គលិកស្ត្រីម្នាក់ថា បានគប់គិតជាមួយភ្ញៀវដែលលេងល្បែងឈ្នះប្រាក់ជាងមួយម៉ឺនដុល្លារអាមេរិក។ បុគ្គលិកជាស្រ្តីនោះត្រូវបានប្តឹងទៅតុលាការ ហើយត្រូវឃាត់ខ្លួននិងឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ ដែលលោក ម៉ម រិទ្ធី ចាត់ទុកថា ជារឿងអយុត្តិធម៌មួយ។
លោក ម៉ម រិទ្ធី បញ្ជាក់ក្នុងវីដេអូផ្សាយផ្ទាល់នោះថា៖ «នៅថ្ងៃទី៣ ក្រុមហ៊ុនយករឿង [ថ្ងៃទី៣]យកមកធ្វើអង្គហេតុ ដោយក្រុមហ៊ុនចោទប្អូនស្រីម្នាក់នោះថា បានគប់គិតជាមួយភ្ញៀវ។ ភ្ញៀវលេងឈ្នះលុយ១ម៉ឺនដុល្លារជាង ដូចជា១៨០០០ដុល្លារ ...ហើយបាត់ភ្ញៀវហ្នឹងអត់មកលេងទៀត។ នៅថ្ងៃទី២០ជាង ក្រុមហ៊ុនក៏ហៅប្អូនស្រីទៅសួរហើយចោទប្រកាន់ប្អូនស្រីថា បានឃុបឃិតជាមួយភ្ញៀវ»។
បើតាមលោក ម៉ម រិទ្ធី ក្រុមហ៊ុនបានបង្ខំឱ្យបុគ្គលិកនេះដែលជាសមាជិកសហជីពទទួលស្គាល់កំហុស និងបានបញ្ជូនទៅកាន់ស្នងការនគរបាលខេត្តព្រះសីហនុ។
ក្នុងវីដេអូដដែលនោះ លោក ម៉ម រិទ្ធី ក៏បានចោទសួរអំពីចំណាត់ការរបស់តុលាការថា តុលាការយកភស្តុតាងណាខ្លះមកពិចារណាក្នុងការដាក់បន្ទុកនោះ ដែលលោកថា មិនត្រឹមត្រូវទាល់តែសោះ។
សព្វថ្ងៃនេះ លោក ម៉ម រិទ្ធី មានកូន៤នាក់ ស្រី២នាក់ និងប្រុស២នាក់ ហើយភរិយារបស់លោកជាអាជីវករលក់ដូរខោអាវបន្តិចបន្តួចនៅផ្ទះជួលមួយកន្លែងក្នុងខេត្តសៀមរាប។
ខណៈកំពុងព្រួយបារម្ភអំពីស្វាមីដែលកំពុងជាប់ពន្ធនាគារ អ្វីដែលភរិយារបស់លោក ម៉ម រិទ្ធី កំពុងព្រួយបារម្ភដែរ គឺការសិក្សារបស់កូនទាំង៤នាក់ ដោយសារពួកគេកំពុងសិក្សាថ្នាក់ទី១ ទី៦ ទី១១ និងម្នាក់ទើបតែបញ្ចប់ថ្នាក់ទី១២។
អ្នកស្រី គង់ សុដា សុំឱ្យ «ខាងរាជរដ្ឋាភិបាល និងខាងអង្គការជំនួយជួយឱ្យគាត់បាននៅខាងក្រៅឃុំវិញ ព្រោះគាត់គឺជាបង្គោលក្នុងគ្រួសារ។ នៅពេលដែលអត់មានគាត់ ពួកខ្ញុំគឺពិបាកខ្លាំងមែនទែន»៕