ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋសភា​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សុវត្ថិភាព​ម្ហូប​អាហារ​ដែល​នឹង​ដាក់​ទោស​ទណ្ឌ​ប្រតិបត្តិករ​អាជីវ​កម្ម​លក់​ម្ហូប​អាហារ​ផុត​​កំណត់


រូបឯកសារ៖ បុរស​ម្នាក់​បើក​ម៉ូតូ​កាត់​មុខ​អគារ​រដ្ឋ​សភា​ក្នុង​ក្រុង​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃ​ទី២ ខែឧសភា ឆ្នាំ២០១៨។ (អូន ឆេងប៉រ/វីអូអេ)
រូបឯកសារ៖ បុរស​ម្នាក់​បើក​ម៉ូតូ​កាត់​មុខ​អគារ​រដ្ឋ​សភា​ក្នុង​ក្រុង​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃ​ទី២ ខែឧសភា ឆ្នាំ២០១៨។ (អូន ឆេងប៉រ/វីអូអេ)

រដ្ឋសភា​កម្ពុជា​ដែល​គ្រប់​គ្រង​ដោយ​គណបក្ស​ប្រជា​ជន​កម្ពុជា កាល​ពី​ព្រឹក​ថ្ងៃ​ពុធ បាន​សម្រេច​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សុវត្ថិ​ភាព​ម្ហូប​អាហារ ​ដែល​នឹង​ដាក់​ទោស​ទណ្ឌ​ប្រតិបត្តិករ​អាជីវ​កម្ម​លក់​ម្ហូប​អាហារ​ផុត​កាល​កំណត់ និង​អាជីវកម្ម​ដែល​មិន​ធានា​ស្តង់​ដា​អនាម័យ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា ចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ។

សេចក្តី​ព្រាង​ច្បាប់​នេះ​មាន​១១​ជំពូក និង​៤៣​មាត្រា ដែល​ត្រូវ​បាន​តាក់​តែង​ដោយ​ក្រសួង​ពាណិជ្ជ​កម្ម​កាល​ពី​ឆ្នាំ​២០១៥ និង​ត្រូវ​បាន​ឆ្លង​កិច្ច​ប្រជុំ​ពេញ​អង្គ​របស់​គណៈ​រដ្ឋមន្ត្រីកាល​ពី​ដើម​ខែ​មេសា ឆ្នាំ​២០២២។

សេចក្តី​ព្រាង​ច្បាប់​នេះ​ត្រូវ​បានសមាជិក​រដ្ឋសភា អនុម័ត​យល់​ព្រម​ ក្នុង​សំឡេង​១០២។

កាល​ពីខែ​មេសា ឆ្នាំ​២០២២ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជ​កម្ម លោក ប៉ាន សូរ​ស័ក្តិ បាន​ថ្លែង​ការពារក្នុង​កិច្ច​ប្រជុំ​ពេញអង្គ​គណៈ​រដ្ឋមន្រ្តី​ថា​សេចក្តី​ព្រាង​ច្បាប់​នេះ គឺ​ជា​លិខិត​តូប​ករណ៍​ដ៏​សំខាន់​មួយ​ទៀត របស់​រដ្ឋាភិបាល ដែល​មាន​ក្រសួង​ពាណិជ្ជកម្ម​ជា​សេនា​ធិការ ដើម្បី​ជួយ​សម្រួល​ដល់​បរិយាកាស​ធុរ​កិច្ច​នៅ​កម្ពុជា​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង។ នេះ​បើ​យោង​តាម​ព័ត៌មាន​ដែល​បង្ហោះ​នៅ​លើ​គេហទំព័ររបស់​ក្រសួង​ពាណិជ្ជកម្ម។

លោក​បញ្ជាក់​ថា​សេចក្ដី​ព្រាង​ច្បាប់​ស្តី​ពី​សុវត្ថិភាព​ម្ហូប​អាហារ «ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​កំណត់​គោល​ការណ៍​ជា​មូលដ្ឋាន ដើម្បី​ជំរុញ​ឱ្យ​ផលិត​ផល​ម្ហូប​អាហារ​ទាំង​អស់​មាន​សុវត្ថិ​ភាព គុណ​ភាព និង​ស្របតាម​ស្តង់​ដា​កំណត់ សំដៅ​ធានា​កម្រិត​នៃ​ការការ​ពារ​អាយុ​ជីវិត និង​សុខភាព​ប្រជា​ពលរដ្ឋ ព្រម​ទាំងធានា​បាននូវ​ប្រសិទ្ធ​ភាព​នៃ​ការការ​ពារ​ផល​ប្រយោជន៍​អ្នក​ប្រើប្រាស់ និង​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ជូន​ប្រជាពលរដ្ឋ​ផង​ដែរ»។

ចំណែក​សេចក្តី​ថ្លែងរបស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ ចុះ​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០២២ ដែល​វីអូអេ​ទទួល​បាន ឱ្យ​ដឹង​ថា៖ «សេចក្តី​ព្រាង​ច្បាប់​នេះ​នឹង​បង្ក​លក្ខណៈ​ឱ្យ​ប្រទេស​កម្ពុជា​រៀបចំ​នូវ​ប្រព័ន្ធ​សុវត្ថិភាព​ម្ហូបអាហារ​ដែល​មាន​លក្ខណៈ​ទំនើប​ តាម​រយៈ​ការ​កសាង​វិធី​សាស្រ្ត​ទប់​ស្កាត់​ជាមុន និង​ការ​ត្រួត​ពិនិត្យ​ខ្សែ​សង្វាក់​ផលិត​កម្ម ជា​ជាង​ការ​ត្រួត​ពិនិត្យ​និង​វិភាគ​លើ​ផលិត​ផល​សម្រេច»។

លោក ហ៊ុន សែន បន្ថែម​ថា​សេចក្តី​ព្រាង​ច្បាប់​នេះ​នឹង​អនុ​ញ្ញាត​ឱ្យ​កម្ពុជា​អាច​ទទួល​យក​នូវ​ស្តង់ដា​ជាតិ និង​អន្តរ​ជាតិ​នៃ​សុវត្ថិភាព​ចំណី​អាហារ។

បើ​តាម​សេចក្តី​ព្រាង​ច្បាប់ ទណ្ឌកម្ម​នៅ​ក្នុង​ច្បាប់​នេះ​មាន​ទណ្ឌកម្មរដ្ឋបាល និងព្រហ្មទណ្ឌ។

មាត្រា​៣៤​ចែង​ថា​ត្រូវ​ពិន័យ​អន្តរ​ការណ៍​ពី​៥០​ម៉ឺន​រៀល​ទៅ​៨​លាន​រៀល​ចំពោះ​ប្រតិបត្តិករ​អាជីវកម្ម​ម្ហូប​អាហារ​ដែល​ប្រព្រឹត្ត​អំពើ​មួយ​ចំនួន ដូច​ជា​ដំណើរ​ការ​អាជីវ​កម្ម​ម្ហូបអាហារ ដោយ​មិន​មាន​លិខិត​អនុញ្ញាត រៀបចំ​ ស្តុក​ទុក ឬ​លក់​ម្ហូបអាហារ​ដែល​ខ្វះ​អនាម័យ ផ្គត់ផ្គង់​ លក់ដុំ ចែក​ចាយ ឬ​ដាក់​លក់​ម្ហូប​អាហារ ក្រោយ​កាល​បរិច្ឆេទនៃ​ការ​ផុត​កំណត់​រយៈ​ពេល​ប្រើ​ប្រាស់ មិន​បាន​គោរព​តាម​វិធាន​អនាម័យ​ដែល​ត្រូវ​កំណត់​ដោយ​ក្រសួង ស្ថាប័ន​ពាក់​ព័ន្ធ​នឹង​គុណភាព សុវត្ថិ​ភាព​ម្ហូប​អាហារ។

ចំណែក​មាត្រា​៣៥​ចែង​ថា​ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារពី​៦​ខែ​ទៅ​២ឆ្នាំ និង​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី​១​លាន​រៀល​ទៅ​៤​លាន​រៀល​ចំពោះ​ប្រតិបត្តិ​ករ​អាជីវ​កម្ម​ម្ហូប​អាហារ​នៃ​រោង​ចក្រ និង​សហគ្រាស​ធុន​តូច និង​មធ្យម ដែល​ផ្គត់​ផ្គង់​ លក់​ដុំ ចែក​ចាយ ឬ​ដាក់​លក់​ម្ហូប​អាហារ ក្រោយ​កាល​បរិច្ឆេទ​នៃ​ការ​ផុត​កំណត់​រយៈ​ពេល​ប្រើ​ប្រាស់។

មាត្រា​៣៧​ចែង​ថា​ប្រតិបត្តិករ​អាជីវកម្ម​ម្ហូប​អាហារ​ដែល​ផ្សាយ​ពាណិជ្ជកម្ម ឬ​ធ្វើ​ឱ្យ​មាន​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​ដែល​មិន​ពិត ឬ​ធ្វើ​ឱ្យ​យល់​ខុស ឬ​ធ្វើ​ឱ្យ​មាន​ការ​ភាន់​ច្រឡំ​អំពី​លក្ខណៈ​ពិត​នៃ​ម្ហូប​អាហារ ត្រូវ​ពិន័យ​ជា​ប្រាក់​ពី​៥​លាន​រៀល​ទៅ​១០​លាន​រៀល​។ មាត្រា​ដដែល​ចែង​ថា​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី​១០​លាន​រៀល​ទៅ​២០​លាន​រៀល ចំពោះ​ប្រតិបត្តិ​ករ​អាជីវកម្ម​ម្ហូប​អាហារ​ដែល​ដាក់​ស្លាក​សញ្ញា​ម្ហូប​អាហារដែល​មាន​លក្ខណៈ​មិន​ពិត ធ្វើ​ឱ្យ​យល់​ខុស​ ឬ​ក្លែង​បន្លំ​អំពី​លក្ខណៈ​ពិត​នៃ​ម្ហូប​អាហារ។

ចំណែក​មាត្រា​៣៩​ចែង​ថា​ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពី​ពន្ធនាគារ​ពី​២​ឆ្នាំ​ទៅ​៥​ឆ្នាំ និង​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី​២០០​លាន​រៀល​ទៅ​៤០០​លាន​រៀល​ចំពោះ​អំពើផលិត កែ​ច្នៃ វេច​ខ្ចប់ ចែក​ចាយ ឬលក់​ម្ហូប​អាហារ​ដោយ​ដឹង​ថា​ម្ហូប​អាហារ​នោះ​មាន​ផ្ទុក​នូវ​សារធាតុ​ពុល ឬ​សារ​ធាតុ​បង្ក​គ្រោះ​ថ្នាក់​ដែល​លើស​កម្រិត​អនុញ្ញាត ដែល​នាំ​ឱ្យ​ខូច​សុខភាព​ដល់មនុស្ស។

មាត្រា​ដដែល​ចែង​ថា​ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​៥​ឆ្នាំ​ទៅ​១០​ឆ្នាំ កាល​បើ​អំពើ​នោះ​បង្ក​ឱ្យ​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដល់​សុខភាព និង​សុវត្ថិភាព​របស់​អ្នក​ប្រើ​ប្រាស់ ហើយ​ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​៧​ឆ្នាំ​ទៅ​១៥​ឆ្នាំ កាល​បើ​អំពើ​នោះ​បង្ក​ឱ្យ​មាន​ពិការ​ភាព​អចិន្ត្រៃយ៍ ឬ​បាត់​បង់​អាយុ​ជីវិត​របស់​អ្នក​ប្រើ​ប្រាស់។

លោក ឡេង ប៉េងឡុង អ្នកនាំ​ពាក្យ​រដ្ឋសភា ប្រាប់​វីអូ​អេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ច្បាប់​ស្តី​«សុវត្ថិ​ភាព​ចំណី​អាហារ​»​នេះ ពិត​ជា​សារៈ​សំខាន់​ណាស់​សម្រាប់​ប្រទេស​កម្ពុជា ពីព្រោះ​ថា​វា​ពាក់​ព័ន្ធទៅ​នឹង​សុខ​មាល​ភាព​របស់​ប្រជា​ពលរដ្ឋ។ លោក​បន្ថែម​ថា​ កម្ពុជា​ហាក់​យឺត​បន្តិច​នៅ​ក្នុង​ការ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​នេះ​ឡើង​ ខណៈ​ប្រទេស​ជា​ច្រើន​នៅ​ក្នុង​តំបន់​អាស៊ា​នមាន​ច្បាប់​នេះ​រួច​ទៅ​ហើយ។

លោក ម៉ម រិទ្ធី ប្រធាន​សហព័ន្ធ​សហជីព​វិស័យ​ទេស​ចរណ៍ និង​សេវាកម្ម​កម្ពុជា បាន​សាទរ​ចំពោះ​ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នេះ បើ​ទោះ​វា​យឺត​ពេល​បន្តិច​ក៏ដោយ។

លោក​ជំរុញ​ឱ្យរដ្ឋាភិបាល​អនុវត្ត​ច្បាប់​នេះ​ឱ្យ​បាន​តឹងរ៉ឹង និង​ស្មើភាព​គ្នា។ លោក​បន្ថែម​ថា​ លោក​មិនសង្ឃឹម​ច្រើន​ថា​រដ្ឋាភិបាល​អាច​អនុវត្ត​ច្បាប់​នេះ​បាន​១០០​ភាគរយ​ឡើយ ដោយ​ហេតុ​ថា​ច្បាប់​ផ្សេងៗ​កន្លង​មក ក៏​ការ​អនុវត្ត​មាន​កម្រិត​ដែរ ពោល​គឺ​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។

លោក​ប្រាប់​វីអូអេ​ថា៖«​សម្រាប់​ច្បាប់​ហ្នឹង មិន​ថា​ច្បាប់​អី​នោះ​ទេ ឃើញ​ថាបង្កើត​មក​រាល់​ដង​ប្រទេស​យើង​អត់​បាន​អនុវត្ត​ឱ្យ​បាន​ត្រឹម​ត្រូវ​ទេ។ ហើយ​ការ​អនុវត្តហ្នឹង​វា​ពាក់​ព័ន្ធ​ជាមួយ​អំពើ​ពុក​រលួយ ក៏ដូច​ជា​ឃុប​ឃិត​គ្នា​លក្ខណៈ​ជា​ប្រព័ន្ធ​អ្នកធំ​ អ្នក​តូច​ អ្នក​រក​ស៊ីដូច​គ្នា​ហ្នឹង។ បាន​ន័យ​ថា​ច្បាប់បង្កើត​មក​ភាគ​ច្រើនអនុវត្ត​ជាមួ​យ​អ្នក​ទន់​ខ្សោយ​ ជាមួ​យ​ប្រជាជន​ធម្មតា​ ប៉ុន្តែ​អ្នក​មាន​លុយ មាន​អំណាច​ច្បាប់​មិន​សូវ​បាន​យក​អនុវត្ត​។ អ៊ីចឹង​ច្បាប់​មួយ​ហ្នឹង សម្រាប់​ខ្ញុំ​មិន​សូវ​ជា​សង្ឃឹម​ប៉ុន្មាន​ទេ បើ​សិន​ជា​ធ្វើ​ដូច​ពេល​កន្លង​មក​ដដែល​ៗ»។

គួរ​បញ្ជាក់​ថា​មាត្រា​៤១​នៃ​ច្បាប់​នេះ​ចែង​ថា​មន្ត្រី​អធិការកិច្ច​ម្ហូប​អាហារ​ដែល​ប្រើ​ប្រាស់​សិទ្ធិ​អំណាច​ដោយ​រំលោភ​បំពាន​ខុស​ពី​គោល​បំណង​នៃ​ច្បាប់​នេះ បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ បូរណភាព​រូប​រាងកាយ ឬ​ធ្វើ​ឱ្យ​ខូច​ខាត​ដល់​ទ្រព្យ​សម្បត្តិ​របស់​បុគ្គល​ដទៃ ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​អំពើ​របស់​ខ្លួន ស្រប​តាម​ច្បាប់​កម្ពុជា៕

XS
SM
MD
LG