នាយករដ្ឋមន្ត្រីនូវែលសេឡង់ដែលលាលែងពីតំណែងអ្នកស្រី Jacinda Ardern បាននិយាយនៅថ្ងៃអង្គារនេះដែលជាថ្ងៃចុងក្រោយនៃការកាន់តំណែងរបស់អ្នកស្រីថា អ្នកស្រី«ត្រៀមខ្លួនរួចរាល់ហើយក្នុងការធ្វើជាបងស្រីនិងជាម្ដាយ»។
អ្នកស្រី Ardern បានបង្ហាញខ្លួនជាសាធារណៈលើកចុងក្រោយនៅក្នុងខុទ្ទកាល័យរបស់អ្នកស្រីនៅឯភូមិ Maori ក្នុងក្រុង Ratana នៅជាយក្រុង Wellington ជាមួយនឹងលោក Chris Hipkins មេដឹកនាំថ្មីនៃគណបក្សពលកម្ម ដែលជាអ្នកឡើងកាន់តំណែងបន្តពីអ្នកស្រី។
អ្នកស្រី Ardern បានធ្វើឱ្យពលរដ្ឋនូវែលសេឡង់ភ្ញាក់ផ្អើលកាលពីសប្ដាហ៍មុន នៅពេលដែលអ្នកស្រីបានប្រកាសថា អ្នកស្រីលាលែងពីតំណែងបន្ទាប់ពីបានកាន់តំណែងជានាយករដ្ឋមន្ត្រីនេះអស់រយៈពេលជាង ៥ ឆ្នាំមក ដោយសារតែអ្នកស្រីមិនសល់«ឋាមពលអ្វីទៀតទេ»។
អ្នកស្រីបានច្រានចោលការសង្ស័យដែលថា អ្នកស្រីចុះចេញពីតំណែងដោយសារតែមានរលកនៃការវាយប្រហារខ្លាំងក្លាប្រឆាំងនឹងស្ត្រីនៅលើបណ្ដាញសង្គមអនឡាញពីសំណាក់ក្រុមស្ដាំនិយមជ្រុល ដោយអ្នកស្រីបានប្រាប់អ្នកកាសែតថា អ្នកស្រីមិនចង់ឱ្យគេចាត់ទុកការសម្រេចចិត្តរបស់អ្នកស្រីថាជា«ការបង្ហាញឡើងបែបអវិជ្ជមានអំពីប្រទេសនូវែលសេឡង់»ទេ។
អ្នកស្រីថ្លែងដូច្នេះថា៖ «ខ្ញុំបានឆ្លងកាត់សេចក្ដីស្រឡាញ់ សេចក្ដីអាណិតអាសូរ ការយល់ចិត្ត និងសេចក្ដីមេត្តា នៅពេលខ្ញុំកាន់តំណែង [ជានាយករដ្ឋមន្ត្រី] នេះ»។
អ្នកស្រី Ardern ដែលកាលពីឆ្នាំ ២០១៨ បានក្លាយជាមេដឹកនាំរដ្ឋាភិបាលជាស្ត្រីទីពីរដែលបានផ្ដល់កំណើតដល់កូនរបស់អ្នកស្រី នឹងនៅបន្តធ្វើជាសមាជិករដ្ឋសភា ប៉ុន្តែមិនកាន់តំណែងផ្លូវការអ្វីទេ នៅពេលដែលលោក Hipkins ស្បថចូលកាន់តំណែងនៅថ្ងៃពុធស្អែក៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារព័ត៌មាន AP ទីភ្នាក់ងារព័ត៌មាន Reuters និងទីភ្នាក់ងារព័ត៌មាន AFP។