លោកស្រី Simone Gbagbo ភរិយាអតីតប្រធានាធិបតីនៃប្រទេសកូតឌីវ័រ បានត្រូវតុលាការកាត់ទោសឲ្យជាប់គុក២០ឆ្នាំចំពោះតួនាទីរបស់លោកស្រីនៅក្នុងអំពើហិង្សាក្រោយការបោះឆ្នោតឆ្នាំ២០១១។
នៅថ្ងៃអង្គារនេះ តុលាការក្នុងទីក្រុង Abidjan បានរកឃើញកំហុសរបស់លោកស្រីGbagbo ពីការធ្វើឲ្យអន្តរាយសន្តិសុខរដ្ឋ និងការរៀបចំជនអន្ធពាលប្រដាប់អាវុធនៅក្នុងអំពើហិង្សាមួយ ដែលបានធ្វើឲ្យមនុស្ស៣ពាន់ស្លាប់។លោកស្រី និងលោក Laurent Gbagbo ដែលជាប្តីរបស់គាត់មានជម្លោះនៅក្នុងការបោះឆ្នោតឆ្នាំ២០១០ ដែលបានផ្តល់ជ័យជម្នះទៅលើលោក Alassane Ouattara ដែលជាគូប្រកួតប្រជែងរបស់លោក Gbagbo។
កាលពីខែធ្នូឆ្នាំទៅ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បាននិយាយថា កូតឌីវ័រ ត្រូវតែប្រគល់ភរិយាអតីតប្រធានាធិបតី ដើម្បីប្រឈមការចោទប្រកាន់ពីបទប្រល័យពូជសាសន៍ដោយសារសង្គ្រាមស៊ីវិលនៅក្នុងប្រទេសនោះ។
កាលពីមុន ប្រទេសកូតឌីវ័របានច្រានចោលការប្រគល់លោកស្រីទៅឲ្យតុលាការទីក្រុងឡាអេរ៍ ដោយចង់ធ្វើការកាត់ទោសលោកស្រីនៅតុលាការក្នុងប្រទេសវិញ។
កាលពីខែកញ្ញា រដ្ឋាភិបាលកូតឌីវ័រ បានបញ្ជូនការជំទាស់ប្រឆាំងខាងផ្លូវច្បាប់ទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិដែលស្នើសុំលោកស្រី Gbagbo។ ការសម្រេចរបស់តុលាការនៅខែធ្នូ បានបដិសេធការជំទាស់ប្រឆាំងនេះ។
អតីតប្រធានាធិបតី Gbagbo និងលោក Ble Goude មេដឹកនាំយុវជន បានស្ថិតនៅក្នុងមជ្ឈមណ្ឌលឃុំឃាំងរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICCរួចទៅហើយ៕