គណបក្សសង្គ្រោះជាតិ បានកោះប្រជុំផ្ទៃក្នុងរបស់ខ្លួនកាលពីថ្ងៃច័ន្ ទដើម្បីត្រៀមខ្លួនឆ្លើយតបទៅនឹងស្ថានភាពនយោបាយនាពេលបច្ចុប្បន្ននិងត្រៀមខ្លួនសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សជំទាស់ដែលមានសំឡេងភាគតិចក្នុងសភា ការប្រជុំនៃគណៈកម្មាធិការអចិន្ត្រៃយ៍បក្សផ្តោតទៅលើចំណុចធំៗបួនគឺរូបភាពនយោបាយ រចនាសម្ព័ន កិច្ចការបោះឆ្នោត និងការបង្កើតទូរទស្សន៍ថ្មីរបស់ខ្លួនដែលមានឈ្មោះថា ទូរទស្សន៍ព្រះអាទិត្យ។
សេចក្តីប្រកាសព័ត៌មានដដែលក៏បានឲ្យដឹងផងដែរថា គណបក្ស សង្គ្រោះជាតិគ្រោងនឹងបើក សិក្ខាសាលាស្តីពីរូបភាពនយោបាយរបស់ខ្លួន នាពេលខាងមុខដើម្បីកំណត់ប្រធានបទ សំខាន់ៗ និងផែនការយុទ្ធសាស្រ្ត។ ក្នុងនោះដែរគណបក្សជំទាស់មួយនេះក៏បានឯកភាពក្នុង រៀបចំយុទ្ធសាស្រ្តនិងត្រៀមខ្លួនចូលរួមការបោះឆ្នោតឃុំសង្កាត់នាពេលខាងមុខនេះផងដែរ។
លោក កឹម សុខា អនុប្រធានគណបក្សបញ្ជាក់ប្រាប់ VOA ថា៖
«យើងធ្វើសិក្ខាសាលាមួយបានប្រមូលយកមតិថាតើយើងគួរធ្វើសារនយោបាយយ៉ាងម៉េចយើងធ្វើរូបភាពនយោបាយយ៉ាងណា? ហ្នឹងបានយើង វាពាក់ព័ន្ធទាំងអស់ ក្នុងស្ថានភាពនយោបាយហ្នឹង។ អញ្ចឹងយើងមិនអាចថាយើង ជជែកហ្នឹង គ្រាន់តែថា ផ្តោតទៅលើអ្វីមួយបាននោះទេ យើងព្យាយាមរករូបភាពនិង សារនយោបាយយើងទូទៅសិនទើបបានមិនអាច ដោះស្រាយបញ្ហាទាំងអស់នោះបាន»។
កាលពីថ្មីៗនេះស្ថានភាពនយោបាយនៃប្រទេសកម្ពុជាបានឡើងកំដៅសារជាថ្មីបន្ទាប់ពីសកម្មជនព្រំដែនដែលដឹកនាំដោយ តំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិចុះទៅត្រួតពិនិត្យបង្គោលព្រំដែននាខេត្តស្វាយរៀងនិងបញ្ជាក់ពីមន្ទិលសង្ស័យក្នុងការប្រើប្រាស់ផែនទីបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម។
គណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានស្វះស្វែងខ្ចីផែនទីនិងធ្វើការផ្ទាត់ផែនទីពីប្រទេស បារាំងនិង អង្គការសហប្រជាជាតិ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់ខ្លួន។
លោក សម រង្សី ប្រធានគណបក្សបានបង្ហោះ សារនយោបាយនៅក្នុងទំព័រ ហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកកាលពីថ្ងៃសៅរ៍កន្លងទៅទាក់ទងនឹងបញ្ហាព្រំដែន ថាលោកមិនចោទប្រកាន់បុគ្គលណា ឬគណបក្សនយោបាយណាមួយឡើយ ហើយក៏មិនឆ្លើយតបទៅនឹងការចោទប្រកាន់ពីបុគ្គលណា ឬគណបក្សនយោបាយណាមួយដែរ។
នៅក្នុងសារនេះ លោកសម រង្ស៊ីក៏បានបញ្ជាក់ផងដែរថាលោកនឹងបង្ហាញ ការពិតបង្ហាញទាក់ទិននឹងបញ្ហាព្រំដែន និងបូរណភាពទឹកដីនៃប្រទេសកម្ពុជា ហើយវាមិនមែនជាជម្លោះនយោបាយ រវាងខ្មែរនិងខ្មែរនោះទេ។ លោកក៏បានបន្តថានឹងខិតខំស្វែងរកឯកសារជំនាញនិងគំនិតស្ថាបនា ដើម្បីជួយការពារទឹកដីប្រទេសកម្ពុជាបច្ចុប្បន្ន ឲ្យបានគង់វង្ស។
VOA មិនអាចទំនាក់ទំនង សុំការអត្ថាធិប្បាយបន្ថែមពីលោកសម រង្ស៊ីបាននោះទេ។
លោក សួស យ៉ារ៉ាអ្នកនាំពាក្យនៃគណបក្សប្រជាជនកម្ពុជាបាន ការពារចំណាត់ការរបស់គណបក្សខ្លួនដោយ លើកឡើងថាខ្លួននៅតែអនុវត្តនិងបន្តរក្សាបូរណភាពទឹកដីកម្ពុជា និងអះអាងពីភាពត្រឹមត្រូវនៃការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាមកន្លងមក។ លោក សួស យ៉ារ៉ាបានបញ្ជាក់ពីមន្ទិលសង្ស័យនៃការអះអាងរបស់លោកសម រង្ស៊ីក្នុងទំព័រហ្វេសប៊ុករបស់លោកនោះ។
«ការប្រកាសជំហររបស់ប្រធានគណបក្សមួយឬតំណាងគណបក្ស បក្សមួយ យើងក៏កំពុងតែតាមដានដែរ ពីព្រោះជាចរិតនៃការដឹកនាំគណបក្សនីមួយៗគឺត្រូវមាន ចរិតសមូហភាពនិយម ហើយនឹងការសម្រេចជារួមអញ្ចឹងទើបវាជាប្រជាធិបតេយ្យ។ អញ្ចឹងយើងយកពាក្យរបស់មនុស្សម្នាក់មកធ្វើការបកស្រាយ ហើយយើងខ្ញុំបកស្រាយ ទៅជារឿងណាមួយទៀត ហើយមនុស្សផ្សេងទៀតបកស្រាយបញ្ហាផ្សេងទៀត អញ្ចឹងយើងក៏មិនហ៊ានប៉ះពាល់អធិបតេយ្យភាពនៃមនុស្សម្នាក់ៗនោះដែរ»។
ទោះជាយ៉ាងនេះក៏ដោយលោកក៏បានបញ្ជាក់ថាបុគ្គលណាដែលយកបញ្ហាព្រំដែននិង បូរណភាពទឹកដីកម្ពុជាមកបង្កាត់ភ្លើងនយោបាយ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។
យ៉ាងហោចណាស់មានសកម្មជននិងមន្ត្រីរបស់គណបក្សសង្គ្រោះជាតិជាង១០រូបត្រូវបានចាប់ឃុំខ្លួនជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ក្នុងនោះក៏មាន លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភានៃគណបក្សសម រង្ស៊ី ដែលមានសញ្ជាតិបារាំងផងដែរ។ តុលាការក្រុងភ្នំពេញចោទរូបលោកពីបទ «ក្លែងបន្លំឯកសារ សាធារណៈ ប្រើប្រាស់ឯកសារក្លែងក្លាយ និងញុះញង់» ក្រោយពីលោកបានបង្ហោះកិច្ចព្រមព្រៀងនាឆ្នាំ១៩៧៩ទៅលើទំព័រហ្វេសប៊ុក ដែលក្នុងនោះលោកបង្ហាញថា វៀតណាមចូលក្នុងទឹកដីកម្ពុជា ច្រើនជាងកម្ពុជាចូលទៅវៀតណាម៕