ជ័យលាភី​សង្ឃឹម​បញ្ចូល​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​ប្រព័ន្ធ​សុខាភិបាល

គង់ ឌីវីន ម្ចាស់​មេដាយ​ប្រាក់​ក្នុងការ​ប្រកួត​កម្មវិធី​កុំព្យូទ័រ​លំដាប់​អន្តរជាតិឆ្នាំ​២០១៥ នៅ​បន្ទប់ផ្សាយ​ VOA ភ្នំពេញ កាល​ពី​ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥។ (នូវ ពៅលក្ខិណា/ VOA Khmer)

យុវជន​រូប​នេះ​ ទទួល​បាន​​ជ័យជម្នះ​ចំណាត់​ថ្នាក់​លេខ​២​​នៅ​ក្នុង​ការប្រកួត​ផ្នែក​ព័ត៌មាន​វិទ្យា​​ ​2015 Microsoft Office Specialist World Championship នៅ​​សហ​រដ្ឋ​អាមេរិក។

បន្ទាប់​ពី​វិល​ត្រឡប់​មក​ដល់​មាតុប្រទេស​កាល​ពី​ពាក់​កណ្តាល​ខែ​សីហា ជា​មួយ​នឹង​ជ័យ​លាភី​ថ្នាក់​ពិភពលោក​ពី​ការ​ប្រកួត​ផ្នែក​ព័ត៌មានវិទ្យា យុវជន ​គង់​ ឌីវីន​ បាន​ក្លាយ​ជា​ចំណាប់​អារម្មណ៍​នៃ​សារព័ត៌មាន​ជា​ច្រើន​ក្នុង​ប្រទេស​កម្ពុជា។​

ស្ថិត​នៅ​ក្នុង​ការ​សិក្សា​នៅ​ឆ្នាំ​ទី​៤​ យុវជន​រូប​នេះ​ បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​មាន​ឈ្មោះ​លើ​ឆាក​អន្តរជាតិ​ តាម​រយៈ​ជ័យជម្នះ​ចំណាត់​ថ្នាក់​លេខ​២​ នៅ​ក្នុង​ការប្រកួត​ផ្នែក​ព័ត៌មាន​វិទ្យា​ដែល​មាន​ឈ្មោះ​ថា​ ​2015 Microsoft Office Specialist World Championship នៅ​ក្នុង​ទី​ក្រុង​ដាឡាស់ (Dallas) ​រដ្ឋ​តិកសាស់​ សហ​រដ្ឋ​អាមេរិក។ ​

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ ដែល​ឌីវីន​បាន​ចូល​រួម​ការ​ប្រកួត​ប្រជែង​ថ្នាក់​អន្តរជាតិ​បែប​នេះ​។ កាល​ពី​ឆ្នាំ​កន្លង​ទៅ​ ឌីវីន​ក៏​ធ្លាប់​បាន​ចូល​រួម​ប្រកួត​កម្មវិធី ​ព័ត៌មាន​វិទ្យា​ឬ​ I.T.​ ធំ​ជាង​គេ​លើ​ពិភពលោក​នេះ​ផង​ដែរ​ ក៏​ប៉ុន្តែ​ខ្លួន​មិន​ទទួល​បាន​ជ័យ​ជ​ម្នះ​ឡើយ​។

បទ​ពិសោធន៍​បរាជ័យ​កាល​ពី​លើក​មុន​ ជា​ចំណែក​សំខាន់​ដែល​ជួយ​ឱ្យឌីវីន​ទទួល​បាន​ជោគជ័យ​លើក​នេះ។​

«មើលឃើញ​ប្រទេស​គេ​ដែល​ជាប់​ជ័យ​លាភី​ គឺ​គេ​មាន​មោទនភាព​ធ្វើ​ឱ្យខ្ញុំ​ចង់​ជោគ​ជ័យ​ដូច​គេ​ ចង់​នាំ មោទនភាព​មក​ប្រទេស​ដូច​គេ​វិញ​។​ ​ហើយ​ក៏​ធ្វើ​ឱ្យខ្ញុំ​ខិត​ខំប្រឹង​ប្រែង​ឡើង​វិញ ដើម្បី​ឱ្យទៅប្រកួត​ឱ្យឈ្នះ ដើម្បី​នាំ​កិត្តិយស​មក​ប្រទេស​វិញ​ដូច​គេដែរ​»។​

ចុច​ស្តាប់​បទ​សម្ភាសន៍​ទាំង​ស្រុង៖

ដោយ​សារតែ​មាន​ចំណាប់​អារម្មណ៍​ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា​ផង​នោះ​ យុវជន​ គង់ ឌីវីន ចាប់​ផ្តើមប្រើប្រាស់​កុំព្យូទ័រ​លើក​ដំបូង​ ​តាំង​ពី​ខ្លួន​មាន​អាយុ​៩ឆ្នាំ​មក​ម្ល៉េះ។​ ​បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ថ្នាក់​វិទ្យាល័យ​ ឌីវីន​ ​បាន​ព្យាយាម​ ​ធ្វើ​ស្វ័យ​សិក្សា​លើ​ ផ្នែក​ព័ត៌មាន​វិទ្យា ថែម​ទៀត​ ដែល​ធ្វើ​ឲ្យ​យុវជន​រូប​នេះ​កាន់​តែ​មាន​ភាព​ជិត​ស្និទ្ធជាមួយ​វិស័យ​នេះ​។

«ពេល​ខ្ញុំ​រៀន​ចប់​ទី១២ភ្លាម​ បង​ខ្ញុំ​ជា​សិស្ស​រៀន​ITស្រាប់។ ខ្ញុំ​យក​សៀវ​ភៅ​កាល​គាត់​រៀនឆ្នាំ​ទី១យក​មក​អង្គុយ​មើល​លេង ដល់ពេល​ខ្ញុំ​យក​មក​អនុវត្ត​ចឹង​ មាន​អារម្មណ៍​ថា​ខ្ញុំ​ចូលចិត្ត។ ពី​ព្រោះ​ IT​ ពេល​យើង​ធ្វើ​ភ្លាម យើង​ឃើញ​លទ្ធផល​ភ្លាមៗ។ ខ្ញុំ​ចាប់​តេស្ត​កូដ​ម្តង​មួយ​ Line[ជួរ]ៗ​ ខ្ញុំ​មាន​អារម្មណ៍​ថា​សប្បាយ» ។​

​ជា​កូន​ទី​២​ក្នុង​គ្រួសារ​មួយ​ ​ដែល​មាន​ឪពុក​ជា​វេជ្ជបណ្ឌិត​ និង​មាន​ម្តាយ​ជា​អ្នក​លក់​ថ្នាំ​ពេទ្យ លោក​គង់ ឌីវីន​ ​ក៏​មាន​ចំណាប់​អារម្មណ៍​ផ្នែក​វេជ្ជសាស្ត្រ​ផង​ដែរ។​

​បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ពី​វិទ្យាល័យ​ស៊ីសុវត្ថិ​នាឆ្នាំ២០១១​ ដោយ​មាន​និទ្ទេស​ A នោះ​ លោក​គង់ ឌីវីន​ បន្ត​ចូល​រៀន​ថ្នាក់​មហាវិទ្យាល័យ​ក្រោម​ក្រប​ខណ្ឌ​អាហារូបករណ៍ ផ្នែក​ព័ត៌មាន​វិទ្យា​នៅ​ឯ​ សាកលវិទ្យាល័យ​ពុទ្ធិសាស្ត្រ​និង​ផ្នែក​វេជ្ជសាស្ត្រ​នៅ​ឯ​សាកល​វិទ្យាល័យ​សុខាភិបាល​។​

​លោក ​ឈុំ ឆេង​គង់​ ជា​ឪពុក​របស់​យុវជន គង់ ឌីវីន បាន​ឲ្យ​ដឹង​ថា​ កូន​របស់​ខ្លួន​តែង​តែ​ចំណាយ​ពេល​ច្រើន​ រៀន​បន្ថែម​ដោយ​ខ្លួន​ឯង​នៅ​ពេល​យប់។​

«ភាគច្រើន​គាត់​រៀន​ដល់​ម៉ោង​១​ ឬ២​យប់​អី​ គាត់​ចូល​ចិត្ត​រៀន​ពេល​យប់​។ ឃាត់​រហូត​ខាង​ម្តាយ​គេ​អ្នក​ឃាត់ តែ​គេ​ថា​រៀន​យប់​បាន​ចូល​ រៀន​ព្រលឹម​អត់​ចូល​ទេ។ ចឹង​ថា​ការ​រៀន​របស់​គាត់​ហ្នឹង​គឺ​ខំ​មែន​ទែន»។​

លោក​ ឈុំ ឆេង​គង់ ​រំលឹក​ពី​ថ្ងៃ​ដែល​កូន​ប្រុស​ខ្លួន​បាន​ទទួល​ជ័យ​ជ​ម្នះ​នោះ​ថា៖​ «​រីករាយ​មែនទែន​ ពេល​ឃើញ​កូន​គេ​ជាប់​ព្រោះ​អា​យប់​ចេញ​លទ្ធផល​ហ្នឹង ខ្ញុំ​មើល​តាម [Web Cam] គេ​ហ្នឹង ឃើញ​កូន​បាន​លេខ២ កូន​លោត​ពេញ​ឆាក យើង​ជា​ឪពុក​ម្តាយ​ក៏​សប្បាយ​តាម​ហ្នឹង​ដែរ»។​

​លោក ម៉ក់ រដ្ឋា​ ​ ព្រឹទ្ធបុរស​រង​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​ ​និង​ជា​សាស្ត្រាចារ្យនៃ​សាកលវិទ្យាល័យ​ពុទ្ធិសាស្ត្រ។ ​រយៈ​ពេល​២ឆ្នាំ​ដែល​សាស្ត្រាចារ្យរូប​នេះ​បាន​បង្រៀន​ឌីវីន​ លោក​បាន​កត់​សម្គាល់​ឃើញ​ពី​ទេពកោសល្យ​របស់​និស្សិត​រូបនេះ។

«ពេល​រៀន​ហ្នឹង ឌីវីន​គឺ ជា​សិស្ស​ដែល​ Active [សកម្ម] ​នៅ​ក្នុង​ថ្នាក់​ ហើយ​គាត់​ជា​សិស្ស​ឆ្លាត​ព្រោះ​គាត់​ពូកែ​ស្រាវជ្រាវ​ហើយ​ពេល​ដែល​យើង​ពន្យល់​ទៅ​គាត់​ឆាប់​ចាប់​បាន​ ហើយ​គាត់​ឧស្សាហ៍​សួរ​សំណួរ​ដែរ‍»​។ ​

ខណៈ​ពេលដែល​និស្សិត​កម្ពុជា​ភាគ​ច្រើន​ដែល​កំពុង​រៀន២​មហាវិទ្យាល័យ មើល​រំលង​នូវទំនាក់​ទំនង​រវាង​មុខវិជ្ជាទាំង​២​ យុវជន​វ័យ​២១​ឆ្នាំ​រូបនេះ​បាន​មើល​ឃើញ​ឱកាស​ដែល​អាច​ធ្វើ​ឱ្យ​វិស័យ​សុខាភិបាល​មាន​ការ​ប្រសើរ​ជាង​មុន ​ដោយ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​កុំព្យូទ័រ​។ ​

«ជាក់​ស្តែង​ការងារ​ITហ្នឹង​ វា​បម្រើ​ឱ្យគ្រប់​វិស័យ​ទាំង​អស់ វា​ជា Business Solution។​ ព្រោះ​យើង​ធ្វើការ​គ្រប់គ្រង​ប្រព័ន្ធ​ទិន្នន័យ​តាមSystem [ប្រព័ន្ធ] ទាំង​អស់។ ការ​គ្រប់គ្រង​ទិន្នន័យ​របស់​មន្ទីរពេទ្យ​មួយ​គឺ​អត់​ទាន់​មាន​អ្នក​ណា​ចេះ​ធ្វើ។ យើង​ធ្វើបាន​ត្រឹម​តែ​គ្រប់គ្រង​ឈ្មោះ​ចេញចូល​របស់​អ្នក​ជំងឺ។ អ្វី​ដែល​កំពុង​តែ​ផ្តោត​សំខាន់​នោះ​គឺ ​artificial intelligence [បញ្ញា​សិប្បនិម្មិត] ​របស់​កំព្យូទ័រ។ តែ​វា​ត្រូវ​ការ ​ការ​ចូលរួម​ពី​វេជ្ជបណ្ឌិត​មួយ​ចំនួន​ទៀត​ដើម្បី​ប្រមូល​Data[ទិន្នន័យ]»​។ ​

កន្លង​មក​ ឌីវីន​ក៏​ធ្លាប់ចូល​រួម​ប្រកួត​កម្មវិធី​គម្រោង​ពាណិជ្ជកម្ម​ថ្នាក់​ជាតិ​មួយ​ដែល​មាន​ឈ្មោះ​ថា​ ​Business Model Competition កាល​ពី​ដើម​ឆ្នាំ​២០១៥។​ ក្នុង​នោះ​ ​ឌីវីន និង​សមាជិក​ក្រុម​ខ្លួន បាន​បង្កើត​វេបសាយ​ព័ត៌មាន​ទាក់​ទង​នឹង​ការ​ព្យាបាល​ដើម្បី​ជា​ការ​ប្រឹក្សាដល់ប្រជាពលរដ្ឋមុន​ពេល​សម្រេច​ចិត្ត​ទៅ​ព្យាបាល​នៅ​បរទេស​។

«Project​[គម្រោង] ហ្នឹង​គឺ ​Promote [ផ្សាយ​]មន្ទីរ​ពេទ្យ​ Attract​[ទាក់ទាញ​] អ្នក​ជំងឺ​កុំ​ឱ្យទៅ​ស្រុក​គេ​ ឃើញ​ចាយ​លុយ​ច្រើន ទាំង​ថ្លៃ​ធ្វើ​ដំណើរ ទាំង​មន្ទីរពេទ្យ​ ទាំង​ដែល​ពេល​ខ្លះ​ថ្លៃ​ព្យាបាល​អាច​ធ្វើ​ទៅ​នៅ​ស្រុក​ខ្មែរ​យើង​បាន​ជោគជ័យ​ ពួក​គាត់​ខ្វះ​ព័ត៌មាន​ថា​ពេទ្យ​ណា​អាច​ទុក​ចិត្ត​បាន​» ​។​

យុវជនដែល​មាន​ទេពកោសល្យ​ខាង​ផ្នែកព័ត៌មាន​វិទ្យា​រូប​នេះ​ រំពឹង​ថា​ខ្លួន​នឹង​អាច​ប្រើ​ប្រាស់ចំណេះ​ដែលបាន​សិក្សា​ពី​មហាវិទ្យាល័យ​ទាំង​២របស់​ខ្លួន​ និង​បទពិសោធន៍​ដែល​ខ្លួន​ធ្លាប់​ទទួល​បាន​ពី​ការ​ប្រកួត​នានា​ ​ដើម្បីរួម​ចំណែក​ក្នុង​ការ​បង្កើត​ប្រព័ន្ធ​កុំព្យូទ័រ​ដើម្បី​គ្រប់​គ្រង​ទិន្នន័យ​អ្នក​ជំងឺនៅ​មន្ទីរពេទ្យ​នានា ក្នុង​គោល​បំណង​ជំរុញ​ឱ្យគុណភាព​វិស័យ​សុខាភិបាល​កម្ពុជា​កាន់​តែ​ប្រសើរ​ឡើង​មួយ​កម្រិត​ទៀត៕