ការ​វាយប្រហារ​របស់​អ៊ីស្រាអែល​សម្លាប់​មនុស្ស​៣១​នាក់​នៅ​ហ្កាហ្សា​ និង​៦​នាក់​នៅ​បេរូត

ប្រជាជនប៉ាឡេស្ទីនបានភៀសខ្លួនចេញពីជម្រកទៅកាន់ទីក្រុង Jabalia ភាគខាងជើងតំបន់ហ្កាហ្សា បន្ទាប់ពីការបញ្ជាជម្លៀសរបស់កងទ័ពអ៊ីស្រាអែលនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤។

មន្ត្រី​ពេទ្យ​ប៉ាឡេស្ទីន​ថា​ការ​វាយប្រហារ​របស់​អ៊ីស្រាអែល​ក្នុង​តំបន់​ហ្កាហ្សា បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ ៣១​នាក់​ក្នុង​ពេល ​២៤​ម៉ោង​កន្លង​ទៅ ខណៈ​ក្រុម​អង្គការ​ផ្តល់​ជំនួយ​អន្តរជាតិ​ ៨ បាន​និយាយ​នៅ ថ្ងៃ​អង្គារ​ថា​ អ៊ីស្រាអែល​មិន​បាន​ធ្វើ​តាម​ការ​ទាមទារ​របស់​សហរដ្ឋ​អាមេរិក​ដែល​ឲ្យ​អ៊ីស្រាអែលអនុញ្ញាត​ឲ្យ​ជំនួយ​មនុស្ស​ធម៌​អាច​ចូល​ទៅ​ដល់​តំបន់​ហ្កាហ្សា​ដែល​ខ្ទេចខ្ទី​ដោយ​សារ​សង្គ្រាម។ នេះ​បើយោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មានAP។ ស្ថានភាព​នៅ​តំបន់​ហ្កាហ្សា​បច្ចុប្បន្ន យ៉ាប់​ជាង​ពេល​ណា​ទាំង​អស់​ក្នុង​រយៈពេល ​១៣​ខែ​នៃ​សង្គ្រាម​នេះ។​

នៅ​លីបង់ ការ​វាយប្រហារ​របស់​អ៊ីស្រាអែល បាន​ដៅ​លើ​តំបន់​ជាយ​ក្រុង​បេរូត​ភាគ​ខាង​ត្បូង និង​ការ​វាយប្រហារ​មួយ​ទៀត​លើ​អគារ​លំនៅឋាន​នៅ​ភាគ​ខាង​កើត​រដ្ឋធានី​បេរូត បាន​សម្លាប់​មនុស្ស​ ៦នាក់។ នេះ​បើ​យោង​តាម​បុគ្គលិក​ពេទ្យ​នៅ​កន្លែង​កើតហេតុ។

រដ្ឋបាល​លោក Biden កាល​ពី​ខែ​មុន បាន​អំពាវនាវ​ឲ្យ​អ៊ីស្រាអែល «‍បង្កើន»​ស្បៀងអាហារ​និង​ជំនួយ​សង្គ្រោះ​បន្ទាន់​ច្រើន​ថែម​ទៀត​ចូលក្នុង​តំបន់​ហ្កាហ្សា ដោយ​ដាក់​ឱសានវាទ​ ៣០ថ្ងៃ ដែល​បាន​ផុត​កំណត់​កាល​ពី​ថ្ងៃ​អង្គារ។

រដ្ឋបាល​លោក Biden បាន​ព្រមាន​ថា​ ការ​ខកខាន​មិន​ធ្វើ​តាម អាច​ញ៉ាំង​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​សហរដ្ឋ​អាមេរិក ដែល​តម្រូវ​ឲ្យ​អាមេរិក​កាត់​បន្ថយ​ជំនួយ​យោធា ពេល​អ៊ីស្រាអែល​ធ្វើ​សង្គ្រាម​ជាមួយ​ក្រុម​ហាម៉ាស់​នៅ​ហ្កាហ្សា ​និង​ក្រុម​ហេសបូឡា​នៅ​លីបង់។

អ៊ីស្រាអែល​បាន​ប្រកាសវិធានការ​មួយ​ចំនួន ដើម្បី​កែ​លម្អ​ស្ថានការណ៍​នេះ។ តែ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ម​ន្ត្រី​អាមេរិក​បាន​ផ្ដល់​សញ្ញា​ថា អ៊ីស្រាអែល​នៅ​តែ​មិន​ទាន់​បាន​ធ្វើគ្រប់គ្រាន់​នៅ​ឡើយ ទោះបីជា​អាមេរិក​មិន​បាន​និយាយ​ថា​តើ​ខ្លួន​នឹង​ចាត់វិធានការ​បែប​ណា​លើ​អ៊ីស្រាអែល​ក៏​ដោយ៕