អ៊ីស្រាអែល​ថា​ខ្លួន​បាន​វាយប្រហារ​លើ​ទីដៅ​បញ្ជាការ​ដែល​ត្រូវ​បាន​ចោទប្រកាន់​នៅ​ក្នុង​ការស្លាប់​យុវជន ១២នាក់ ​នៅ​តំបន់ Golan

ផ្សែងហុយចេញពីភ្លើងឆេះព្រៃនៅជិតភូមិ Shebaa ភាគខាងត្បូងលីបង់ ក្បែរព្រំដែនភាគខាងជើងនៃប្រទេសអ៊ីស្រាអែល បន្ទាប់ពីការបាញ់ទម្លាក់ដ្រូនដោយកងទ័ពអ៊ីស្រាអែលកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤។

យោធា​អ៊ីស្រាអែល​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា​ខ្លួន​បាន​ធ្វើការ​វាយ​ប្រហារ​លើ​ទីក្រុង Beirutដែល​ដៅលើ​មេបញ្ជាការ​ជន​សកម្ម​ប្រយុទ្ធ​ម្នាក់​ដែល​រងការ​ចោទប្រកាន់​ពី​ការនៅ​ពីក្រោយ​នៃ​ការស្លាប់​កូនក្មេង​និង​ក្មេង​ជំទង់១២នាក់​នៅ​ក្នុង​ការវាយ​ប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​ទៅលើ​តំបន់ Golan Heightsដែល​ត្រួតត្រា​ដោយ​អ៊ីស្រាអែល​កាលពី​ចុង​សប្តាហ៍។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

អ៊ីស្រាអែល​បាន​ស្តីបន្ទោស​ការវាយ​ប្រហារ​ដោយ​គ្រាប់​រ៉ុក្កែតនៅ​ក្រុង Majdal Shams ទៅ​លើ​ក្រុម​សកម្មប្រយុទ្ធ​លីបង់ Hezbollah ដែល​បាន​ច្រានចោល​ថា​គ្មាន​ពាក់ព័ន្ធ​នៅ​ក្នុង​ការវាយ​ប្រហារ​កាលពី​ថ្ងៃ​សៅរ៍​នោះ​ទេ។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អ៊ីស្រាអែល​លោកYoav Gallant បាន​ចុះផ្សាយ​លើ​បណ្តាញ​សង្គម Xភ្លាមៗ​បន្ទាប់ពី​ការវាយ​ប្រហារ​កាលពី​ថ្ងៃ​អង្គារ​ថា«ក្រុមHezbollah បាន​ឆ្លង​កាត់​ខ្សែ​បន្ទាត់​ក្រហម»។

ខុទ្ទកាល័យរបស់​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោកBenjamin Netanyahu ​មិន​បាន​ចេញផ្សាយ​សេចក្តី​ថ្លែងការណ៍​ភ្លាមៗ​ទេ ក៏ប៉ុន្តែ ​ប៉ុន្មាន​នាទី​បន្ទាប់ពី​ការវាយ​ប្រហារ​ពួកគេ​បាន​បញ្ជូន​រូបថត​របស់​នាយក​មន្ត្រី​ជាមួយ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​និង​មន្ត្រី​ផ្សេង​ទៀត​របស់​លោក។

មន្ត្រី​ម្នាក់​និង​ស្ថានីយ​ទូរទស្សន៍​របស់​ក្រុម Hezbollahបាន​និយាយ​ថា​ការវាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​បាន​ចំ​ទីតាំង​ដ៏​រឹងមាំ​មួយ​របស់​ក្រុម Hezbollahនៅ​ភាគ​ខាង​ត្បូង​ទីក្រុង Beirutកាលពី​រសៀល​ថ្ងៃ​អង្គារ​ដែល​បណ្តាល​ឱ្យ​មាន​ការខូចខាត ក៏​ប៉ុន្តែ ​មិន​បាន​បញ្ជាក់​ភ្លាមៗ​ថា​តើ​មន្ត្រីHezbollah ​ណា​រង​ការវាយ​ប្រហារ​នោះ​ទេ។ នេះ​បើ​តាម​មន្ត្រី Hezbollahបាន​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ។

បុគ្គលិក​សុខាភិបាល​អាច​ត្រូវ​គេ​មើលឃើញ​ថា​បានសែង​អ្នក​របួស​ជា​ច្រើន​ចេញពី​អគារ​បាក់​បែក។ គេ​មិន​ទាន់​ដឹងភ្លាមៗ​ថា​តើ​មាន​មនុស្ស​ត្រូវ​បាន​សម្លាប់​ដែរ​ឬទេ៕