អ៊ីស្រាអែល​វាយ​ប្រហារ​សម្លាប់​សមាជិក​ក្រុម​ហាម៉ាស់​នៅ​លីបង់

ទាហាន​លីបង់​យាមល្បាត​ទីតាំង​នៃ​ការ​វាយប្រហារ​របស់​យោធា​អ៊ីស្រាអែល​លើ​ទីក្រុង Tyre ភាគខាងត្បូង​ប្រទេសលីបង់ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។

ការ​វាយប្រហារ​ដោយ​ដ្រូន​របស់​អ៊ីស្រាអែល​លើ​តំបន់​ភាគ​ខាង​ត្បូង​ប្រទេស​លីបង់​នៅ​ថ្ងៃ​ពុធ​នេះ​បាន​សម្លាប់​មនុស្ស ២ នាក់ ដែល​ក្នុង​នោះ​រួម​ទាំង​សមាជិក​ម្នាក់​នៃ​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស់ (Hamas) ផងដែរ។

ការ​វាយ​ប្រហារ​នេះ​បាន​ត្រូវ​ចំ​រថយន្ត​មួយ​គ្រឿង​នៅ​ខាងក្រៅ​ទីក្រុង Tyre ជិត​មាត់​សមុទ្រ​មេឌីទែរ៉ាណេ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ប្រទេស​លីបង់​បាន​រាយការណ៍​ថា​សមាជិក​ក្រុម​ហាម៉ាស់​នោះ​មកពី​ជំរំ​ជនភៀសខ្លួន Rashidieh ដែល​ស្ថិត​នៅ​តំបន់​មួយ​ដែល​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស់​មាន​វត្តមាន​គួរ​ឱ្យ​កត់​សម្គាល់។

យោធា​អ៊ីស្រាអែល​ក៏​បាន​បញ្ជាក់​ផងដែរ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ខ្លួន​បាន​វាយ​ប្រហារ​តាម​អាកាស​លើ​ទីក្រុង Khan Younis នៅ​ភាគ​ខាងត្បូង​តំបន់​ហ្កាហ្សា (Gaza) និង​វាយ​ប្រហារ​តាម​ផ្លូវគោក​នៅ​ក្នុង​ផ្នែក​កណ្ដាល​នៃ​តំបន់​ហ្កាហ្សា នៅ​ពេល​ដែល​ពួកគេ​បន្ត​ធ្វើ​តាម​គោល​បំណង​របស់​រដ្ឋាភិបាល​អ៊ីស្រាអែល​ក្នុង​ការ​កម្ទេច​ក្រុម​ហាម៉ាស់។

ក្រសួង​សុខាភិបាល​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ហាម៉ាស់​នៅ​ក្នុង​តំបន់​ហ្កាហ្សា​បាន​រាយការណ៍​នៅ​ថ្ងៃ​ពុធ​នេះ​ថា ពលរដ្ឋ​ប៉ាឡេស្ទីន ​៨៨ ​នាក់​បន្ថែម​ទៀត​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​ក្នុង​អំឡុង​ពេល​មួយ​ថ្ងៃ​កន្លង​មក​នេះ។

ចាប់តាំងពី​ពេល​ដែល​សង្គ្រាម​បាន​ចាប់ផ្ដើម​កាលពី​ដើម​ខែ​តុលា​ឆ្នាំ​មុន​មក ពលរដ្ឋ​ប៉ាឡេស្ទីន​យ៉ាងតិច ៣១.២៧២ នាក់​ត្រូវ​បាន​សម្លាប់ និង ៧៣.០០០ នាក់​ទៀត​រង​របួស។ នេះ​បើ​យោង​តាម​ក្រសួង​សុខាភិបាល​នៅ​តំបន់​ហ្កាហ្សា។

កាលពី​យប់​ថ្ងៃ​អង្គារ កងទ័ព​អ៊ីស្រាអែល​បាន​បាញ់​សម្លាប់​ជនជាតិ​ប៉ាឡេស្ទីន ២ នាក់​នៅ​ក្នុង​ភូមិ al-Jib ជិត​ទីក្រុង​ហ្សេរុយសាឡិម បន្ទាប់ពី​ប៉ូលិស​អ៊ីស្រាអែល​បាន​និយាយ​ថា ជនជាតិ​ប៉ាឡេស្ទីន ៥ នាក់​បាន​គ្រវែង​គ្រាប់បែក​ភ្លើង​ដាក់​ផ្លូវ​ល្បឿនលឿន​មួយ​កន្លែង។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា លោក «តក់ស្លុត» ដែល​ដឹង​ថា​ទាហាន​អ៊ីស្រាអែល​ដើម​កំណើត​អាមេរិក​អាយុ ១៩ ឆ្នាំ​ម្នាក់​ឈ្មោះ Itay Chen ត្រូវបាន​សម្លាប់។ ដំបូង​គេ​ជឿ​ថា លោក Chen ត្រូវ​បាន​ក្រុម​ហាម៉ាស់​ចាប់​ធ្វើ​ជា​ចំណាប់ខ្មាំង ប៉ុន្តែ​យោធា​អ៊ីស្រាអែល​បាន​ប្រកាស​នៅ​សប្ដាហ៍​នេះ​ថា លោក​ត្រូវបាន​សម្លាប់​ក្នុង​អំឡុង​ការ​វាយ​ប្រហារ​របស់​ក្រុម​ហាម៉ាស់​លើ​អ៊ីស្រាអែល​កាលពី​ថ្ងៃ​ទី ៧ ខែ​តុលា​ឆ្នាំ​មុន៕

ប្រធាន​ការិយាល័យ VOA ប្រចាំ​សេតវិមាន​អ្នកស្រី Patsy Widakuswara រួម​ចំណែក​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ។ ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP ទីភ្នាក់ងារ​សារព័ត៌មាន Reuters និង​ទីភ្នាក់ងារ​សារព័ត៌មាន AFP