ការបោះឆ្នោតនៅក្នុងសភាអ៊ីស្រាអែលប្រឆាំងជំទាស់ចំពោះការបង្កើតរដ្ឋប៉ាឡេស្ទីនមួយ ដោយចាត់ទុកថាជា «ការគំរាមកំហែងចំពោះប្រទេសអ៊ីស្រាអែល» ហើយដោយធ្វើឡើងក្នុងពេលតែប៉ុន្មានថ្ងៃមុនពេលដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ទៅកាន់រដ្ឋធានីវ៉ាស៊ីនតោននោះ នាំឱ្យមានការរិះគន់ពីសំណាក់ក្រុមប៉ាឡេស្ទីននិងអន្តរជាតិកាលពីថ្ងៃព្រហស្បតិ៍។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
សភាអ៊ីស្រាអែលដែលមានសមាជិក១២០រូប កាលពីល្ងាចថ្ងៃពុធ បានអនុម័តសេចក្តីសម្រេចមួយ ដោយសំឡេងគាំទ្រ៦៨ ទល់នឹងសំឡេងប្រឆាំង៩ ដែលនិយាយថារដ្ឋប៉ាឡេស្ទីនមួយនៅលើដែនដីដែលគ្រប់គ្រងដោយអ៊ីស្រាអែលនឹង«នាំឱ្យជម្លោះរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីននៅមានជាបន្ត ហើយនឹងនាំឱ្យតំបន់នេះ មានអស្ថិរភាព»។
សេចក្តីសម្រេចនេះ ជានិមិត្តរូបតែប៉ុណ្ណោះ ប៉ុន្តែជាការកត់សម្គាល់មួយ នៅមុនទស្សនកិច្ចរបស់លោក Netanyahu ទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន និងសម្រាប់ការសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិស្តីអំពីភាពស្របច្បាប់របស់ការកាន់កាន់របស់អ៊ីស្រាអែលលើតំបន់ West Bank។
សេចក្តីសម្រេចរបស់អ៊ីស្រាអែលទស្សន៍ទាយថា ក្រុមហាម៉ាស់នឹងកាន់កាប់រដ្ឋនេះ ហើយយកទៅធ្វើជាមូលដ្ឋានភេរវកម្មអ៊ិស្លាមនិយមជ្រុលមួយ ដែលចង់បំផ្លាញអ៊ីស្រាអែល។
សេចក្តីសម្រេចនេះបាននិយាយថា«ការលើកស្ទួយ»រដ្ឋប៉ាឡេស្ទីនជា«រង្វាន់មួយសម្រាប់អំពើភេរវកម្ម ហើយនឹងគ្រាន់តែលើកទឹកចិត្តពួកក្រុមហាម៉ាស់ និងក្រុមអ្នកគាំទ្ររបស់ខ្លួន»ក្រោយការវាយប្រហារថ្ងៃទី៧ ខែតុលាតែប៉ុណ្ណោះ។
អាជ្ញាធរប៉ាឡេស្ទីនបាននិយាយថា «គ្មានអ្នកណាម្នាក់ មានសន្តិភាពឬសន្តិសុខទេ បើសិនជាគ្មានការបង្កើតរដ្ឋប៉ាឡេស្ទីននោះ»។ អាជ្ញាធរប៉ាឡេស្ទីនបានចោទគណបក្សគ្រប់គ្រងអំណាចចម្រុះរបស់អ៊ីស្រាអែលថា«រុញច្រានតំបន់នេះឱ្យចូលក្នុងជ្រោះយ៉ាងជ្រៅមួយ»។
ក្រសួងការបរទេសបារាំង បានសម្តែង «ការព្រួយបារម្ភ» ចំពោះសេចក្តីសម្រេចដែលបារាំងនិយាយថា«ផ្ទុយពីសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»៕