រដ្ឋមន្ត្រី​ការបរទេស​អ៊ីស្រាអែល​ច្រានចោល​សំណើ​ឈប់​បាញ់​គ្នា​នៅ​ក្នុង​ជម្លោះ​លីបង់

រូបប្រធានក្រុម Hezbollah លោក Hassan Nasrallah អង្គុយចំពេលមានការបំផ្លិចបំផ្លាញនៅក្នុងតំបន់មួយ ដែលកំណត់គោលដៅពេញមួយយប់ដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅ Saksakiyeh កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។

រដ្ឋមន្ត្រី​ការបរទេស​អ៊ីស្រាអែល​ លោក Israel Katz បាន​ច្រានចោល​ការឈប់​បាញ់​គ្នា​ដែល​ត្រូវ​បាន​ស្នើឡើង​នៅ​តាម​បណ្តោយ​ព្រំដែន​អ៊ីស្រាអែល​និង​លីបង់ ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​សហភាព​អឺរ៉ុប សហរដ្ឋ​អាមេរិក បារាំង​ និង​ប្រទេស៨ផ្សេង​ទៀត​បាន​អំពាវនាវ​ឱ្យ​មាន​ការផ្អាក​ការបាញ់​គ្នា​រយៈពេល២១ថ្ងៃ។

លោក Katz បាន​បញ្ជាក់​នៅ​លើ​បណ្តាញ​សង្គម X ថា«យើងនឹង​បន្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​អង្គការ​ភេរវកម្ម Hezbollah ជាមួយ​កម្លាំង​ទាំង​អស់​របស់​យើង​ រហូតទាល់​ទទួល​ជ័យជម្នះ​ និង​មានការវិលត្រឡប់​ប្រកប​ដោយ​សុវត្ថិភាព​របស់​ពួក​អ្នក​ស្រុក​នៅ​ភាគ​ខាង​ជើង​ ទៅកាន់​ផ្ទះ​សម្បែង​របស់​ខ្លួន​វិញ»។

ក្រោយ​នោះ​មិន​យូរ​ប៉ុន្មាន យោធា​អ៊ីស្រាអែល​បាន​និយាយ​ថា ​ខ្លួន​បាន​ធ្វើការ​វាយ​ប្រហារ​ជាក់លាក់​នៅ​ក្នុង​រដ្ឋធានី​បេរូត​នៃ​ប្រទេស​លីបង់។ សំឡេង​ផ្ទុះត្រូវ​បាន​គេ​ឮ​ហើយ​ផ្សែងត្រូវ​បានគេ​ឃើញ​ ហោះចេញ​ពី​ជាយ​ក្រុង​ភាគ​ខាង​ត្បូង​រដ្ឋធានី​ដែល​ត្រូវ​បាន​គេ​ចាត់ទុក​ជា​មជ្ឈមណ្ឌល​របស់​ក្រុម Hezbollah។

ការិយាល័យ​របស់​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ លោក Benjamin Netanyahu បាន​និយាយ​ថា​លោក​មិន​បាន​ឆ្លើយតប​ទៅនឹង​សំណើ​ឈប់​បាញ់​គ្នា​ទេ ហើយ​ថា​លោក​បាន​ប្រាប់​យោធា​អ៊ីស្រាអែល​ឱ្យ​បន្ត​ការវាយ​ប្រហារ«ដោយ​ប្រើ​កម្លាំង​ពេញ​ទំហឹង»។

សំណើ​ឈប់​បាញ់​គ្នា​បាន​កើត​មាន​ឡើង​កាលពី​រសៀល​ថ្ងៃ​ពុធ ​នៅ​ក្នុង​សេចក្តីថ្លែង ការណ៍​មួយ​ដែល​បាន​បញ្ជាក់​ថា​ ជម្លោះ​រវាង​អ៊ីស្រាអែល​និង​ក្រុម​សកម្មប្រយុទ្ធ​ Hezbollah «គឺ​មិនអាចអត់ឱនបាន ​និង​បង្ហាញ​ហានិភ័យ​ដែលមិន​អាច​ទទួលយកបាន​នៃការរាលដាល​ជម្លោះ​កាន់តែ​ធំឡើង​នៅ​ក្នុង​តំបន់»។