រដ្ឋមន្ត្រី​ការបរទេស​អ៊ីស្រាអែល​ អំពាវនាវឱ្យ​មាន​មរណភាព​មេដឹកនាំ​ថ្មី​ក្រុមហាម៉ាស់

រូបឯកសារ៖ លោក Yahya Sinwar មេដឹកនាំក្រុមហាម៉ាស់​ក្នុង​ទីក្រុង​ហ្កាហ្សា​ចូលរួម​កិច្ច​ប្រជុំ​មួយ​កាលពីថ្ងៃទី​១៣​មេសា ឆ្នាំ២០២២។

រដ្ឋមន្ត្រី​ការបរទេស​អ៊ីស្រាអែល​បាន​អំពាវនាវ​ឱ្យ​មាន​មរណភាព​របស់​លោក Yahya Sinwar​ ដែល​ជា​មេដឹកនាំ​ថ្មី​នៃ​ក្រុមហាម៉ាស់​ ខណៈដែល​អ៊ីស្រាអែល​ត្រៀម​រង់ចាំ​ការសងសឹក​ពី​អ៊ីរ៉ង់​បន្ទាប់ពី​ការសម្លាប់​មេបញ្ជាការ​ក្រុម​ហេសបូឡា​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​នៅក្នុង​ប្រទេស​លីបង់​ និង​ការសម្លាប់​អ្នកកាន់​តំណែង​មុន​របស់​ លោក ​Sinwar ​នៅ​ទីក្រុង​តេហេរ៉ង់​កាលពី​សប្តាហ៍​មុន។

រដ្ឋមន្ត្រី​ការបរទេស​អ៊ីស្រាអែល​លោក​ Katz ​បាន​និយាយ​នៅ​លើ​បណ្តាញ​សង្គម​ X ​ថា​ការតែងតាំង​ លោក Sinwar ​ដែល​លោក​ហៅ​ថា​ជា​ភេរវករ​ «នៅតែ​ជាហេតុផល​ដ៏គួរ​ឱ្យ​ទាក់ទាញ​មួយ​ផ្សេង​ទៀត​ដើម្បី​លុប​បំបាត់​គាត់​យ៉ាង​ឆាប់រហ័ស​ហើយ​លុប​អង្គការ​ដ៏​អាក្រក់​នេះ​ចេញ​ពី​ផ្ទៃ​ផែនដី»។

អ៊ីស្រាអែល​មិន​បាន​អះអាង​ពី​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ធ្វើ​ឃាត​មេដឹកនាំ​មុន​របស់​ក្រុម​ហាម៉ាស់​ លោក ​Ismail Haniyeh ​ទេ​ប៉ុន្តែ​ការ​ស្លាប់​នៅ​ថ្ងៃ​ទី ៣១ ខែ​កក្កដា​បាន​ជំរុញ​ឱ្យ​មេដឹកនាំ​អ៊ីរ៉ង់​បន្ទោស​អ៊ីស្រាអែល ​និង​សន្យា​ឆ្លើយ​តប។

កាលពី​ថ្ងៃពុធ ​ក្រុមហាម៉ាស់​បាន​ប្រកាសឈ្មោះ​លោក​ Sinwar​ ដែលជា​មេគំនិតម្នាក់​នៃ​ការវាយ​ប្រហារ​ភេរវកម្ម​ថ្ងៃទី៧​ ខែតុលា ​លើ​អ៊ីស្រាអែល ​ជា​មេដឹកនាំ​ថ្មី​របស់ខ្លួន​ ដែល​ជា​ទង្វើ​ដែល​លោក​ Katz ​បាន​និយាយ​ថា ​ជា​ការផ្ញើ​«សារ​យ៉ាង​ច្បាស់​ទៅកាន់​ពិភពលោក​ថា​ បញ្ហា​ប៉ាឡេស្ទីន​ឥឡូវនេះ​ត្រូវ​បាន​គ្រប់គ្រង​ទាំងស្រុង​ដោយ​អ៊ីរ៉ង់ ​និង​ក្រុមហាម៉ាស់»។

លោក​ Katz ​ក៏​បាន​និយាយ​ផងដែរ​ថា​ អ៊ីស្រាអែល​ត្រូវតែ​រក្សា​ការគ្រប់គ្រង​សន្តិសុខ​លើ​តំបន់ West Bank ​ដែល​កាន់កាប់​ដោយ​អ៊ីស្រាអែល ​ដើម្បី​ការពារ​អ៊ីរ៉ង់​ពី​ការបង្កើត​ «បន្ទាយ​ជ្រុលនិយម»​ មួយ​ផ្សេង​ទៀត៕


ព័ត៌មាន​មួយ​ចំនួន​សម្រាប់​សេចក្តី​រាយការណ៍​នេះ​ត្រូវ​បាន​ផ្តល់​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​Associated Press, Agence France-Presse និង Reuters ។