យោធាអ៊ីស្រាអែលបានបញ្ជាក់ថា ខ្លួនបានធ្វើប្រតិបត្តិការនៅថ្ងៃព្រហស្បតិ៍នេះនៅខាងក្នុងមន្ទីរពេទ្យដ៏ចម្បងមួយនៅភាគខាងត្បូងតំបន់ហ្កាហ្សា (Gaza) ខណៈមន្ត្រីសុខាភិបាលតំបន់ហ្កាហ្សាថាការបាញ់ផ្លោងរបស់អ៊ីស្រាអែលបានធ្វើឱ្យមនុស្សម្នាក់ស្លាប់និងជាច្រើននាក់ទៀតរងរបួសនៅឯមន្ទីរពេទ្យនោះ។
សេចក្តីថ្លែងការណ៍មួយរបស់កងទ័ពអ៊ីស្រាអែលថា យោធាអ៊ីស្រាអែលមានព័ត៌មានស៊ើបការណ៍សម្ងាត់គួរឱ្យជឿជាក់បាន «ដែលបង្ហាញថាក្រុមហាម៉ាស់ (Hamas) ឃុំចំណាប់ខ្មាំងនៅក្នុងមន្ទីរពេទ្យ Nasser ក្នុងទីក្រុង Khan Younis និងថាអាចមានសាកសពចំណាប់ខ្មាំងរបស់អ៊ីស្រាអែលក្នុងមន្ទីរពេទ្យនោះ»។
កងទ័ពអ៊ីស្រាអែលបានលើកឡើងសារជាថ្មីអំពីការចោទប្រកាន់របស់ខ្លួនថា ពួកយុទ្ធជនហាម៉ាស់កំពុងប្រើប្រាស់ជនស៊ីវិលប៉ាឡេស្ទីនជាខែលការពារ និងថាកងកម្លាំងអ៊ីស្រាអែលបានព្រមានពលរដ្ឋរួចហើយឱ្យចេញឆ្ងាយពីតំបន់នោះដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។
កងទ័ពអ៊ីស្រាអែលបានបញ្ជាក់ដូច្នេះថា៖ «សាររបស់យើងច្បាស់ណាស់គឺយើងមិនចង់ធ្វើឱ្យមានគ្រោះថ្នាក់ដល់ជនស៊ីវិលស្លូតត្រង់នោះទេ។ យើងស្វះស្វែងរកចំណាប់ខ្មាំងរបស់យើងនិងនាំពួកគេមកអ៊ីស្រាអែលវិញ។ យើងស្វះស្វែងតាមប្រមាញ់ភេរវករនៅទីណាក៏ដោយដែលពួកគេអាចកំពុងលាក់ខ្លួន»។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu មិនបានផ្ដល់សញ្ញាថាតើពេលណាកងទ័ពអ៊ីស្រាអែលអាចធ្វើការវាយលុកលើទីក្រុង Rafah នោះទេ ប៉ុន្តែលោកបានបញ្ជាក់កាលពីថ្ងៃពុធថា យោធាអ៊ីស្រាអែលនឹងបន្តប្រយុទ្ធប្រឆាំងនឹងក្រុមយុទ្ធជនហាម៉ាស់នៅក្នុងតំបន់ហ្កាហ្សា។
លោកថ្លែងដូច្នេះថា៖ «យើងនឹងប្រយុទ្ធទាល់តែឈ្នះទាំងស្រុង ហើយករណីនេះគឺរួមទាំងការធ្វើសកម្មភាពដ៏ខ្លាំងក្លានៅក្នុងទីក្រុង Rafah ផងដែរ បន្ទាប់ពីយើងអនុញ្ញាតឱ្យជនស៊ីវិលចាកចេញពីតំបន់សមរភូមិប្រយុទ្ធ»៕
ព័ត៌មានខ្លះនៅក្នុងសេចក្តីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP ទីភ្នាក់ងារសារព័ត៌មាន AFP និងទីភ្នាក់ងារសារព័ត៌មាន Reuters។