លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu នៃប្រទេសអ៊ីស្រាអែល ប្រហែលជាអាចកាន់តំណែងក្នុងអាណត្តិទី ៥ នៅថ្ងៃពុធនេះ ខណៈដែលលទ្ធផលនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រយ៉ាងប្រកិតគ្នាមួយ បង្ហាញឲ្យឃើញថា គណបក្ស Likud របស់លោក និងសម្ព័ន្ធមិត្តនិយមស្តាំរបស់លោក អាចបង្កើតរដ្ឋាភិបាលចម្រុះមួយបាន។
ក្រោយពីការរាប់សន្លឹកឆ្នោត ៩៧ ភាគរយ គណបក្ស Likud ឈ្នះអាសនៈស្មើគ្នាជាមួយគណបក្សខៀវ និងក្រហមនិយមកណ្តាល ដែលដឹកនាំដោយអតីតមេបញ្ជាការយោធា Benny Gantz។
ដោយសារតែគណបក្សទាំង ២ មិនបានឈ្នះសំឡេងឆ្នោតភាគច្រើនដោយខ្លួនឯង ការបង្កើតរដ្ឋាភិបាលចម្រុះជាការចាំបាច់មួយ។ គណបក្ស Likud និងសម្ព័ន្ធមិត្តរបស់ខ្លួននៅទីបញ្ចប់អាចទទួលបានអាសនៈ ៦៥ ក្នុងសភា ដែលមានអាសនៈសរុប ១២០។
គណបក្សទាំង ២ បានប្រកាសជ័យជម្នះរៀងៗខ្លួន ក្រោយការបោះឆ្នោត។ បើសិនជាគណបក្សរបស់លោកបង្កើតរដ្ឋាភិបាលចម្រុះមែននោះ លោក Netanyahu នឹងក្លាយខ្លួនជាមេដឹកនាំអ៊ីស្រាអែល ដែលកាន់តំណែងយូរជាងគេបំផុត គឺយូរជាងបិតាជាតិលោក David Ben-Gurion ទៅទៀត៕