មនុស្សយ៉ាងតិច ៦៧ នាក់ស្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុង Rafah ក្នុងតំបន់ហ្កាហ្សា

ពលរដ្ឋប៉ាឡេស្ទីនយំសោក​កាន់ទុក្ខ​សមាជិកគ្រួសារដែលត្រូវបានសម្លាប់ដោយសារការ​វាយប្រហារតាម​អាកាស​របស់​អ៊ីស្រាអែល​ នៅ​កន្លែងបញ្ចុះ​សាកសព​មួយ​ក្នុងទីក្រុង Rafah នៃតំបន់ហ្កាហ្សា នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។

អ៊ីស្រាអែល​បាន​វាយ​ប្រហារ​នៅ​ថ្ងៃ​ចន្ទ​នេះ​លើ​ទីក្រុង Rafah នៅ​ភាគ​ខាង​ត្បូង​តំបន់​ហ្កាហ្សា (Gaza) ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ៦៧ នាក់។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​សុខាភិបាល​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​នោះ។

កន្លងមក ជន​ស៊ីវិល​ចំនួន​ប្រហែល ១,៤​ លាន​នាក់​បាន​ភៀសខ្លួន​ចេញ​ពី​ទូទាំង​តំបន់​ហ្កាហ្សា​ទៅ​ទីក្រុង​នោះ​ដើម្បី​គេច​ពី​សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់ (Hamas)។

ពលរដ្ឋ​ក្នុង​តំបន់​នោះ​បាន​រៀបរាប់​ថា​មាន​ការ​បាញ់ផ្លោង​ធ្ងន់ធ្ងរ ដោយ​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​បាន​ត្រូវ​ចំ​ផ្ទះ​និង​វិហារ​អ៊ិស្លាម​មួយ​ចំនួន។

យោធា​អ៊ីស្រាអែល​បាន​បញ្ជាក់​ថា ខ្លួន​បាន​វាយ​ប្រហារ​ចំ «គោលដៅ​ភេរវកម្ម» ​នៅ​ក្នុង​ផ្នែក​មួយ​នៃ​ទីក្រុង Rafah និង​ថា​ការ​វាយ​ប្រហារ​នេះ​គឺ​ធ្វើ​ឡើង​ស្រប​ពេល​ជាមួយ​នឹង​បេសកកម្ម​មួយ​ដែល​បាន​ជួយ​សង្គ្រោះ​ចំណាប់ខ្មាំង​អ៊ីស្រាអែល​ពីរ​នាក់​ដែល​ត្រូវ​បាន​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស់​ចាប់​ឃុំ​នៅ​ក្នុង​តំបន់​ហ្កាហ្សា។

នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu បាន​សរសើរ​ប្រតិបត្តិការ​នេះ​ដោយ​បាន​និយាយ​ថា អ៊ីស្រាអែល «នឹង​មិន​ធ្វើ​ឱ្យ​បាត់បង់​ឱកាស​ណា​មួយ​ទេ» ក្នុង​ការ​នាំយក​ចំណាប់ខ្មាំង​ដែល​ជាប់​ឃុំ​នៅ​តំបន់​ហ្កាហ្សា​ត្រឡប់​មក​ប្រទេស​អ៊ីស្រាអែល​វិញ។

សង្គ្រាម​រយៈពេល​ជាង ៤ ខែ​មក​នេះ​និង​បទបញ្ជា​របស់​អ៊ីស្រាអែល​ម្ដង​ហើយ​ម្ដង​ទៀត​ឱ្យ​មាន​ការ​ជម្លៀស​ចេញ​បាន​រុញច្រាន​ជន​ស៊ីវិល​ប៉ាឡេស្ទីន​ឱ្យ​ធ្វើ​ដំណើរ​កាន់តែ​ឆ្ងាយ​ទៅៗ​ឆ្ពោះ​ទៅ​ទិស​ខាង​ត្បូង ដោយ​មនុស្ស​ជាច្រើន​រស់នៅ​ក្នុង​ជំរំ​តង់​និង​ជម្រក​បណ្ដោះអាសន្ន​របស់​អង្គការ​សហប្រជាជាតិ​ដ៏​ណែនណាន់​តាន់តាប់​នៅ​ក្នុង​តំបន់​ទីក្រុង Rafah។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​និយាយ​ទៅកាន់​លោក Netanyahu តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​អាទិត្យ​និង​បាន​ប្រាប់​លោក​ថា អ៊ីស្រាអែល​មិន​គួរ​ធ្វើ​ប្រតិបត្តិការ​យោធា​នៅ​ក្នុង​ទីក្រុង Rafah ដោយ​គ្មាន «ផែនការ​ដែល​អាច​ជឿ​និង​ប្រតិបត្តិ​បាន​ដើម្បី​ធានា​សុវត្ថិភាព​និង​ការ​គាំទ្រ​ដល់​មនុស្ស​ជាង​មួយ​លាន​នាក់​ដែល​ស្នាក់នៅ​ក្នុង​តំបន់​នោះ» នោះ​ឡើយ។ នេះ​បើ​យោង​តាម​សេចក្ដី​ថ្លែងការណ៍​របស់​សេតវិមាន៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, AFP និង​ Reuters