ការវាយប្រហារ​តាម​អាកាស​ពីរ​ដង​ដោយ​អ៊ីសា្រអែល​លើ​រដ្ឋធានី​ប្រទេស​ស៊ីរី​និង​ជាយក្រុង​មួយ​សម្លាប់​មនុស្ស​យ៉ាងហោចណាស់ ១៥នាក់

អ្នកពន្លត់អគ្គីភ័យ និងមន្ត្រីសន្តិសុខប្រមូលផ្តុំគ្នានៅឯអគារដែលត្រូវបានបំផ្លាញនៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅទីក្រុង Damascus ប្រទេសស៊ីរី កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤។

អ៊ីស្រាអែល​បាន​វាយប្រហារ​តាម​អាកាស​យ៉ាង​តិច​២ដង​លើ​តំបន់​ភាគ​ខាង​លិច​នៃ​ទីក្រុង​ដាម៉ាស​និង​នៅ​តំបន់​ជាយក្រុង​មួយ​នៃ​រដ្ឋធានី​នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់​១៥នាក់​និង​ធ្វើ​ឱ្យ​មនុស្ស​១៦នាក់​ផ្សេង​ទៀត​រង របួស។​ នេះ​បើ​តាម​ការ​ថ្លែង​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​របស់​រដ្ឋ​ស៊ីរី ហើយ​ដែល​ត្រូវ​បាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​AP។

ការវាយប្រហារ​តាម​អាកាស​ទៅ​លើ​តំបន់ Mazzeh​ នៅ​ទីក្រុង​ដាម៉ាស​និង​តំបន់​ជាយក្រុង Qudsaya ដែល​ស្ថិត​នៅ​ភាគពាយ័ព្យ​នៃ​រដ្ឋធានី​នេះ​បាន​បំផ្លិច​បំផ្លាញ​អគារ​ចំនួន​២។ នេះ​បើ​តាម​ការ​ថ្លែង​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ SANA។​ អ្នកសារព័ត៌មាន​ AP ម្នាក់​នៅ​កន្លែង​កើតហេតុ​ក្នុង​តំបន់​ Mazzeh បាន​ថ្លែង​ថា អគារ​កម្ពស់​៥​ជាន់​មួយ​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ដោយ​មីស៊ីល​មួយ​គ្រាប់​ដែល​បាញ់​ចំ​ជាន់​ក្រោម​ដី។

យោធា​អ៊ីស្រាអែល​បាន​ថ្លែង​ថា​ខ្លួន​បាន​វាយ​ប្រហារ​ចំ​ទីតាំង​រចនាសម្ព័ន្ធ​និង​មជ្ឈមណ្ឌល​បញ្ជាការ​របស់​ក្រុម​សកម្ម​ប្រយុទ្ធ​ឥស្លាម​ Jihad នៅ​ប្រទេស​ស៊ីរី​ ហើយ​«បាន​បង្ក​ការ​ខូចខាត​ធ្ងន់ធ្ងរ​នៅ​ទីបញ្ជាការ​របស់​អង្គការ​ភេរវកម្ម​មួយ​នេះ​និង​ប៉ះពាល់​ទៅ​លើ​ប្រតិបត្តិការ​របស់​ក្រុម​នេះ»។

ការ​វាយ​ប្រហារ​តាម​អាកាស​នៅ​ទីក្រុង​ដាម៉ាស​និង​តំបន់​ជាយ​ក្រុង​ក្បែរ​នោះ​កើត​ឡើង​មិន​យូរ​ប៉ុន្មាន​មុន​នឹង​លោក Ali Larijani ទីប្រឹក្សា​មួយ​រូប​របស់​មេដឹកនាំ​អ៊ីរ៉ង់​លោក Ali Khamenei គ្រោង​នឹង​ជួប​ជាមួយ​ប្រតិភូ​នានា​របស់​ប៉ាឡេស្ទីន​នៅ​ឯ​ស្ថានទូត​អ៊ីរ៉ង់​ក្នុង​តំបន់ Mazzeh។​

យោធា​អ៊ីស្រាអែល​បាន​ថ្លែង​ថា ក្រុម​ឥស្លាម Jihad បាន​ចូល​ដៃ​ជាមួយ​ក្រុម​ហាម៉ាស ​ដែល​ជា​ក្រុម​សកម្ម​ប្រយុទ្ធ​ប៉ាឡេស្ទីន​នៅ​តំបន់​ Gaza Strip​ កាលពី​ថ្ងៃ​ទី​៧​តុលា ឆ្នាំ​២០២៣ វាយប្រហារ​ទៅលើ​ភាគ​ខាងត្បូង​អ៊ីស្រាអែល​ដែល​បាន​សម្លាប់​មនុស្ស​ប្រមាណ​១២០០នាក់ ដែល​សុទ្ធសឹងតែ​ជា​ជន​ស៊ីវិល ហើយ​មនុស្ស​២៥០​នាក់​ផ្សេងទៀត​ត្រូវ​បាន​ចាប់​ពង្រត់​ទៅ​តំបន់​ហ្កាហ្សា៕