ក្រសួងសុខាភិបាលលីបង់បានបញ្ជាក់ថាការវាយប្រហារតាមអាកាសរបស់អ៊ីស្រា អែលកាលពីថ្ងៃពុធបានសម្លាប់មនុស្សយ៉ាងតិចណាស់ក៏៥នាក់ដែរនៅទីក្រុង Nabatiehភាគខាងត្បូង។
ពួកមន្ត្រីនិយាយថាអភិបាលក្រុងរបស់ក្រុងនោះស្ថិតនៅក្នុងចំណោមអ្នកស្លាប់។
យោធាអ៊ីស្រាអែលបាននិយាយថាខ្លួនបានវាយប្រហារទីដៅជាច្រើនរបស់ក្រុម Hezbollah នៅក្នុងតំបន់ Nabatieh ។
អ្នកសម្របសម្រួលពិសេសអង្គការសហប្រជាជាតិសម្រាប់ប្រទេសលីបង់លោក Jeanine Hennis-Plasschaertបាននិយាយថាការវាយប្រហាររបស់អ៊ីស្រាអែល«កើតមានឡើងឧបទ្ទវហេតុផ្សេងទៀតដែលក្នុងនោះជនស៊ីវិលនិងហេដ្ឋារចនាសម្ពន្ធស៊ីវិលបានក្លាយជាទីដៅនៅទូទាំងប្រទេសលីបង់ និងថាការប៉ះពាល់ផ្នែកស៊ីវិលកំពុងឡើងដល់កម្រិតខ្ពស់បំផុតដែលមិនធ្លាប់មានកាលពីពេលមុន»។
លោក Hennis-Plasschaert បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា«វាជាពេលសម្រាប់តួឯកពាក់ព័ន្ធទាំងអស់បញ្ឈប់ការបាញ់គ្នាជាបន្ទាន់ហើយនឹងបើកទ្វារដល់ដំណោះស្រាយការទូតដែលអាចធ្វើឱ្យពិតប្រាកដពីតម្រូវការចាំបាច់របស់ពលរដ្ឋនិងធ្វើឱ្យជឿនលឿនដល់ស្ថិរភាពក្នុងតំបន់»។
នៅពេលត្រូវបានសួរដោយអ្នកយកព័ត៌មានម្នាក់អំពីការវាយប្រហារនេះ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅអង្គការសហប្រជាជាតិលោកDanny Danon បាននិយាយថា «យើងដៅការវាយប្រហារលើទីតាំងរបស់ក្រុម Hezbollah»។ លោកបាននិយាយទៀតថាលោកនឹងពិនិត្យមើលឧបទ្ទវហេតុជាក់ស្តែង។
កងទ័ពអ៊ីស្រាអែលក៏បានធ្វើការវាយប្រហារតាមអាកាសកាលពីថ្ងៃពុធនៅជាយក្រុងភាគខាងត្បូងទីក្រុងបេរូតដែលបានធ្វើឱ្យមានផ្សែងខ្មួលខ្មាញ់ចេញពីសង្កាត់យ៉ាងតិចណាស់ក៏២ដែរ។
កងកម្លាំងអ៊ីស្រាអែលបាននិយាយថាយន្តហោះចម្បាំងរបស់ខ្លួនបានវាយប្រហារឃ្លាំងអាវុធក្រោមដីរបស់ក្រុម Hezbollah ។
ការវាយប្រហារបានកើតមានឡើងបន្ទាប់ពីបទបញ្ជាជម្លៀសថ្មីៗបំផុតរបស់អ៊ីស្រា អែលដែលបានព្រមានពលរដ្ឋឱ្យចាកចេញពីតំបន់នានានៅក្នុងទីក្រុងបេរូតដែលយោធាអ៊ីស្រាអែលបាននិយាយថានៅជិតទីតាំងរបស់ក្រុម Hezbollah ៕