ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋមន្ត្រី​លីបង់​ជំរុញ​អ.ស.ប.​ឱ្យ​អនុម័ត​សេចក្ដីសម្រេច​អំពី​បទឈប់បាញ់​ជាមួយ​អ៊ីស្រាអែល


នាយករដ្ឋមន្ត្រី​លីបង់​លោក Najib Mikati ថ្លែង​សុន្ទរកថា​កាលពីថ្ងៃទី​១១ តុលា ឆ្នាំ២០២៤។
នាយករដ្ឋមន្ត្រី​លីបង់​លោក Najib Mikati ថ្លែង​សុន្ទរកថា​កាលពីថ្ងៃទី​១១ តុលា ឆ្នាំ២០២៤។

នាយករដ្ឋមន្ត្រី​លីបង់​លោក Najib Mikati កាលពី​ថ្ងៃ​សុក្រ​បាន​ជំរុញ​អង្គការ​សហប្រជាជាតិ​ឱ្យ​អនុម័ត​សេចក្ដីសម្រេច​មួយ​ដែល​អំពាវនាវ​ឱ្យ​មាន​បទឈប់បាញ់ «ជា​បន្ទាន់» រវាង​អ៊ីស្រាអែល​និង​ក្រុម​ហេសបូឡា (Hezbollah) ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

នៅក្នុង​ការ​ថ្លែង​សុន្ទរកថា​តាម​កញ្ចក់​ទូរទស្សន៍ លោក Mikati បាន​សង្កត់ធ្ងន់​អំពី​ការ​តាំងចិត្ត​របស់​រដ្ឋាភិបាល​របស់​លោក​ក្នុងការ​ដាក់​ពង្រាយ​កងទ័ព​នៅ​តាម​ព្រំដែន​ជាប់​អ៊ីស្រាអែល​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​បញ្ចប់​អរិភាព និង​ថា​ក្រុម​ហេសបូឡា​បាន​យល់ព្រម​ចំពោះ​រឿង​នេះ។

លោក Mikati បាន​និយាយ​ថា ក្រសួង​ការបរទេស​លីបង់​នឹង​ស្នើ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ឱ្យ​ចេញ​សេចក្ដីសម្រេច​មួយ​អំពាវនាវ​ឱ្យ​មាន «បទឈប់បាញ់​ពេញលេញ​និង​ជា​បន្ទាន់»។

លោក​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​របស់​លោក​បាន​តាំងចិត្ត​ចំពោះ «ការ​អនុវត្ត​ពេញលេញ​នូវ​សេចក្ដីសម្រេច​លេខ ១៧០១» ដែល​បាន​អនុម័ត​នៅក្នុង​ឆ្នាំ ២០០៦ និង​ស្នើ​ឱ្យ​មាន​ការ​ដាក់​ពង្រាយ​តែ​កងទ័ព​លីបង់​និង​កង​រក្សា​សន្តិភាព​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​លីបង់​តែ​ប៉ុណ្ណោះ។

លោក​បាន​និយាយ​ថា លីបង់​តាំងចិត្ត​ចំពោះ «ការ​ដាក់​ពង្រាយ​កងទ័ព​នៅ​ភាគ​ខាងត្បូង​និង​ពង្រឹង​វត្តមាន​របស់​ខ្លួន​នៅ​តាម​ព្រំដែន» និង​បាន​បន្ថែម​ថា «ក្រុម​ហេសបូឡា​បាន​យល់ព្រម​ចំពោះ​រឿង​នេះ»៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG