យោធាអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសមួយកាលពីថ្ងៃព្រហស្បតិ៍ ទៅលើសាលារៀនអង្គការសហប្រជាជាតិនៅកណ្តាលតំបន់ហ្កាហ្សា ដែលក្រុមមន្ត្រីសុខាភិបាលប៉ាឡេស្ទីននិយាយថា បានធ្វើឱ្យមនុស្ស ៣៣ នាក់ស្លាប់។
កងកម្លាំងការពារអ៊ីស្រាអែលនិយាយថា ក្រុមយុទ្ធជនហាម៉ាស់ ដែលបានចូលរួមនៅក្នុងការវាយប្រហារទៅក្នុងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា បានប្រើប្រាស់សាលារៀននោះ ធ្វើជាទីជម្រក និងបញ្ជាធ្វើភេរវកម្មចេញពីទីតាំងនោះ។
ការិយាល័យព័ត៌មានរបស់ក្រុមហាម៉ាស់បានទាត់ចោលសេចក្តីថ្លែងការណ៍របស់យោធាអ៊ីស្រាអែល នេះ និងបាននិយាយថា កងកម្លាំងអ៊ីស្រាអែលបានអនុវត្តសកម្មភាពឧក្រិដ្ឋកម្មដ៏សាហាវយង់ឃ្នង ប្រឆាំងនឹងជនផ្លាស់ទីលំនៅ ហើយថា ស្ត្រីនិងកុមារចំនួន ៣៣ នាក់ ស្ថិតក្នុងចំណោមអ្នកស្លាប់ទាំងនោះ។
អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោកវរសេនីយ៍ទោ Peter Lerner បានប្រាប់ក្រុមអ្នកសារព័ត៌មានថា អ៊ីស្រាអែលមិនបានដឹងពីការខូចខាតណាមួយលើជនរងគ្រោះជាស៊ីវិលនោះឡើយ។
ការវាយប្រហារនេះកើតឡើងនៅទីតាំងសាលារៀនមួយ ដែលគ្រប់គ្រងដោយទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន ក្នុងជំរំជនភៀសខ្លួន Nuseirat។
ជិតមួយសប្តាហ៍ក្រោយពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានប្រកាសជាសាធារណៈ ពីសំណើឱ្យមានបទឈប់បាញ់មួយ ដែលមានរយៈពេល ៦ សប្តាហ៍ក្នុងតំបន់ហ្កាហ្សារួចមក សហរដ្ឋអាមេរិកនិងប្រទេស ១៦ ផ្សេងទៀត បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយកាលពីថ្ងៃព្រហស្បតិ៍ ដោយបង្ហាញពីការគាំទ្ររបស់គេ ទៅលើសំណើកិច្ចព្រមព្រៀងនេះ និងបានអំពាវនាវដល់ក្រុមហាម៉ាស់ឱ្យទទួលយកកិច្ចព្រមព្រៀងនេះ។
សំណើកិច្ចព្រមព្រៀងនេះ រួមបញ្ជូលការដោះលែងចំណាប់ខ្មាំងមួយចំនួន ដែលកំពុងស្ថិតក្នុងដៃរបស់ក្រុមហាម៉ាស់ បង្កើនជំនួយមនុស្សធម៌ដល់ជនជាតិប៉ាឡេស្ទីន និងអំពាវនាវឱ្យមានការចរចាគ្នាបន្តទៅមុខទៀត ដើម្បីសម្រេចឱ្យបាននូវបទឈប់បាញ់ជាអចិន្ត្រៃយ៍មួយ៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះត្រូវបានដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន The Associated Press, Reuters និង Agence France-Presse ។