យោធាអ៊ីស្រាអែលបានព្រមានពួកអ្នកស្រុកក្នុងទីក្រុងនិងភូមិជាង២០នៅភាគខាងត្បូងប្រទេសលីបង់កាលពីថ្ងៃព្រហស្បតិ៍ ឱ្យជម្លៀសជាបន្ទាន់ចេញពីផ្ទះសម្បែងរបស់ខ្លួន ហើយនឹងធ្វើដំណើរទៅកាន់ផ្នែកខាងជើងដើម្បីចេញពីផ្លូវគ្រោះថ្នាក់នៅពេលដែលអ៊ីស្រាអែលបន្តយុទ្ធនាការលុកលុយផ្លូវគោករបស់ខ្លួនប្រឆាំងនឹងក្រុម Hezbollah។
នៅលើគណនីសង្គម X របស់លោក អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែលលោកវរសេនីយ៍ទោ Avichay Adraee បានណែនាំពួកអ្នកស្រុកឱ្យធ្វើដំណើរទៅកាន់ភាគខាងជើងនៃទន្លេ Awali ដើម្បី«ជួយសង្គ្រោះអាយុជីវិតខ្លួន»។ លោកបានព្រមានមិនឱ្យធ្វើដំណើរទៅទិសខាងត្បូង ដែលនេះនឹងដាក់ពួកគេស្ថិតក្នុងភាពគ្រោះថ្នាក់។
លោកបាននិយាយទៀតថា៖ «សកម្មភាពរបស់ក្រុម Hezbollah បង្ខំឱ្យកងកម្លាំងការពារអ៊ីស្រាអែលធ្វើសកម្មភាពខ្លាំងក្លាប្រឆាំងនឹងក្រុមនេះ»។ ហើយលោកបាននិយាយទៀតថាក្រសួងការពារជាតិនឹងឱ្យពួកអ្នកស្រុកដឹងថានៅពេលណាវាមានសុវត្ថិភាពដើម្បីវិលត្រឡប់មកផ្ទះវិញ។
កងកម្លាំងការពារអ៊ីស្រាអែលបានចេញផ្សាយវីដេអូអំពីអ្វីដែលខ្លួនបាននិយាយថា ជាកងទ័ពដែលប្រតិបត្តិការក្នុងតំបន់ខាងត្បូងប្រទេសលីបង់។ កងពលតូចទី៦បច្ចុប្បន្ននៅក្នុងតំបន់ភាគខាងត្បូងលីបង់«កំពុងធ្វើការវាយឆ្មក់ដើម្បីបង្អាក់និងកម្ទេចហេដ្ឋារចនាសម្ពន្ធភេរវកម្មរបស់អង្គការភេរវជន Hezbollah»។
កងកម្លាំងការពារអ៊ីស្រាអែលក៏បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ដែរថា យន្តហោះចម្បាំងរបស់អ៊ីស្រាអែលនៅក្នុងការវាយប្រហារកាលពីថ្ងៃពុធបានសម្លាប់លោក Khader Al-Shahabiya មេបញ្ជាការរបស់ក្រុម Hezbollah។ សេចក្តីថ្លែងការណ៍បាននិយាយទៀតថា លោក Khader ជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារគ្រាប់រ៉ុក្កែតខែកក្កដាដែលត្រូវចំទីលានបាល់ទាត់នៅក្នុងក្រុង Majdal Shams ក្នុងតំបន់ Golan Heights ដែលអ៊ីស្រាអែលកាន់កាប់ ដែលបានសម្លាប់កូនក្មេង១២នាក់។
ពួកមន្ត្រីសុខាភិបាលលីបង់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានចំអគារ Apartment មួយកន្លែងនៅក្នុងរដ្ឋធានីបេរុតដែលបានសម្លាប់មនុស្សយ៉ាងតិចណាស់ក៏៦នាក់និងធ្វើឱ្យ៧នាក់ទៀតរងរបួស៕