យន្តហោះអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើទីតាំងសំខាន់ៗរបស់ប៉ាឡេស្ទីននៅទូទាំងតំបន់ Gaza កាលពីថ្ងៃពុធ ខណៈដែលពួកជនសកម្មប្រយុទ្ធហាម៉ាស បានបាញ់គ្រាប់រ៉ុកកែតចូលកាន់តែជ្រៅទៅក្នុងទឹកដីរបស់អ៊ីស្រាអែល។
យោធាអ៊ីស្រាអែល បានពង្រីកការវាយប្រហាររបស់ខ្លួននៅថ្ងៃទី២ចំពោះអ្វីដែលខ្លួនហៅថាកិច្ចប្រតិបត្តិការការពារខ្លួន ដែលជាបេសកម្មមួយមានគោលដៅរារាំងពួកហាម៉ាសមិនឲ្យបាញ់គ្រាប់រ៉ុកកែតដាក់ប្រទេសខ្លួន។ ក៏ប៉ុន្តែ ការវាយប្រហារនេះ ជាការវាយប្រហារដ៏ធំបំផុតរវាងអ៊ីស្រាអែលនិងពួកហាម៉ាស ចាប់តាំងពីការប្រយុទ្ធគ្នាក្នុងរយៈពេល៨ថ្ងៃកាលពីចុងឆ្នាំ២០១២មក។
ពួកមន្រ្តីប៉ាឡេស្ទីននិយាយថា មនុស្សយ៉ាងហោចណាស់ក៏៤៤នាក់ បានត្រូវសម្លាប់នៅក្នុងតំបន់ Gaza នៅសប្តាហ៍នេះ ដែលរួមមានពួកជនសកម្មប្រយុទ្ធ ស្រ្តីនិងកូនក្មេង។
អ៊ីស្រាអែល មិនបានរាយការណ៍ពីមនុស្សស្លាប់ទេ ក៏ប៉ុន្តែសារ៉ែនបានបន្លឺឡើងពីការវាយប្រហារតាមអាកាសនៅមជ្ឈមណ្ឌលពាណិជ្ជកម្មសំខាន់ៗក្នុងទីក្រុង Tel Aviv របស់អ៊ីស្រាអែល នៅពេលដែលពួកហាម៉ាសបានបាញ់គ្រាប់រ៉ុកកែតចូលក្នុងប្រទេសអីស្រាអែលកាន់តែជ្រៅឡើងជាងពេលណាៗទាំងអស់៕