រដ្ឋមន្ត្រីការបរទេសស.រ.អ.លោក Antony Blinken ធ្វើដំណើរនៅថ្ងៃអង្គារនេះទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតដើម្បីធ្វើការចរចាអំពីបញ្ហាសន្តិសុខនិងបញ្ហាសេដ្ឋកិច្ច។
នៅមុនដំណើរទស្សនកិច្ចនេះ លោក Blinken បាននិយាយកាលពីថ្ងៃចន្ទថាស.រ.អ.«មានផលប្រយោជន៍សន្តិសុខជាតិពិតប្រាកដក្នុងការផ្ចុងផ្តើមឱ្យមានភាពធម្មតាប្រក្រតីរវាងអ៊ីស្រាអែលនិងអារ៉ាប៊ីសាអ៊ូឌីត។
យ៉ាងហោចណាស់ តាំងពីរដ្ឋបាលលោកអតីតប្រធានាធិបតី Jimmy Carter មក ស.រ.អ.បានធ្វើការដើម្បីធ្វើឱ្យមានការទាក់ទងគ្នាជាប្រក្រតីរវាងអ៊ីស្រាអែលនិងប្រទេសជាតិអារ៉ាប់មួយចំនួនមានរួមប្រទេសអេហ្សីប បារ៉េន ម៉ារ៉ុកនិងអេមីរ៉ាតអារ៉ាប់រួម។
លោកBlinken បានថ្លែងប្រាប់ការប្រជុំមួយនៃក្រុមគាំទ្រអ៊ីស្រាអែល AIPAC ថាផ្នែកមួយនៃទស្សនកិច្ចរបស់លោកនៅអារ៉ាប៊ីសាអ៊ូឌីតនឹងទាក់ទិនជាមួយការធ្វើការដើម្បីពង្រឹងទំនាក់ទំនងរវាងអ៊ីស្រាអែលនិងអារ៉ាប៊ី សាអ៊ូឌីត។
លោក Blinken បាននិយាយថា៖ «យើងមានជំនឿថាយើងអាចហើយយើងត្រូវតែបំពេញមុខនាទីមួយក្នុងការជំរុញទំនាក់ទំនងនេះ។ នៅពេលនេះយើងគ្មានការស្រមើស្រមៃថាការណ៍នេះ អាចធ្វើបានឆាប់រហ័សឬដោយងាយនោះទេ»។
ក្រសួងការបរទេសស.រ.អ.បាននិយាយថាកាលវិភាគលោក Blinken មានរួមការប្រជុំក្រុមរដ្ឋមន្ត្រីនៃក្រុមប្រឹក្សាកិច្ចប្រតិបត្តិការតំបន់ឈូងសមុទ្រពែក្សដើម្បីពិភាក្សាអំពី«សន្តិសុខ ស្ថិរភាព ការបន្ថយភាពតានតឹង ការរួមបញ្ចូលគ្នាក្នុងតំបន់និងឱកាសសេដ្ឋកិច្ចនៅទូទាំងមជ្ឈិមបូព៌ា»។
កាលពីថ្ងៃព្រហស្បតិ៍ លោក Blinken និងសមភាគីអារ៉ាប៊ីសាអ៊ូឌីតរបស់លោកគឺព្រះអង្គម្ចាស់Faisal bin Farhan បានធ្វើជាម្ចាស់ផ្ទះរួមគ្នាចាត់ចែងការប្រជុំនៃក្រុមចម្រុះមានប្រទេស៨០ដែលប្រយុទ្ធប្រឆាំងនឹងពួករដ្ឋឥស្លាម។
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP, Reuters និង AFP។